KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

លេច​មុខ​អ្នក​ចាំទី អោម ឧត្តម ​​របស់​ស្វាយរៀង​លេង​​ឲ្យ​​ទ័ព​ល្ងាច​មិញ

11-01-2017 10:26 PM | 2181

ជំនួប​​មិត្តភាព​អន្តរជាតិ​​​រវាង​ក្លិប​បាល់ទាត់ក្រសួងការពារ​ជាតិ និង ក្លិប  Negeri Sembilan FA របស់​ម៉ាឡេស៊ី ​នា​ល្ងា​ច​ថ្ងៃ​ពុធ បាន​បញ្ចប់​ទៅ​ដោ​យ​លទ្ធផល​ស្មើ​គ្នា​០ទល់នឹង០ នៅ​ពហុកីឡដ្ឋាន​ជាតិ​។

អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុងជំនួប​នេះ​ គឺ​ គេ​ឃើញ​អ្នកចាំទី អោម ឧត្តម របស់​ក្លិប​ព្រះ​ខ័នរាជស្វាយរៀង បង្ហាញខ្លួន​​នៅ​ជម្រើស​១១​នាក់​ដំបូង​សម្រាប់​ក្រុម​ក្រសួង​​ការពារ​ជាតិ។ ការ​លេច​មុខ​​អ្នក​ចាប់​បាល់​ពាក់​អាវលេខ​១​នៃ​ក្លិប​រង​ជើង​ឯកសម្ដេច ហ៊ុន សែន ឆ្នាំ២០១៦ រូប​នេះ​បាន​បង្កភាពភ្ញាក់​ផ្អើល​ដល់​អ្នក​និយម​ទស្សនា​បាល់ទាត់​ជាតិ​​មួយ​ចំនួន ហើយ​បាន​ដាក់​មន្ទិល​ថា អតីត​សិស្ស​វិទ្យាល័យ​ ជាស៊ីម សាមគ្គី ខាង​លើ​ទំនង​ផ្លាស់​ពី​ក្រុម​​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង ទៅ​កាន់​កីឡដ្ឋាន​ស្ដាត​ចាស់ នៅរដូវកាល​២០១៧​។


ទាក់ទៅ​នឹង​សំណួរថា​តើ រូប​គេ​ពិត​ជា​បាន​​ផ្ទេរ​ពី​ព្រះខ័នរាជ​ស្វាយរៀង​ឬ​យ៉ាង​ណា អោម ឧត្តម ទម្លាយ​ប្រាប់ Keila Daily ថា គេ​គ្រាន់តែ​មកជួយ​លេង​ឲ្យ​ក្រុម​ក្រសួង​ការពារ​ជាតិ​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ ដោយសារតែ​អ្នក​ចាំទី​ដៃទី១ អ៊ុំ សេរីរ័ត្ម ជាប់ភារកិច្ច​ជួយ​​ក្រុមជម្រើស​ជាតិ​ក្នុង​ជំនួប​ទល់នឹង​អារ៉ាប់ប៊ីសាអ៊ូឌីត ខណៈ​បង​ប្រុស​របស់គេ គឺ អ៊ុំ វិចិត្រ ឈឺ​កែង​ជើង​។ ដូច្នេះ ទ័ព​នៅសល់​អ្នក​ចាំទី​ត្រឹ​ម​មួយ​នាក់​ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​នេះ​បង្ខំ​ចិត្ត​ខ្ចី​​កីឡាករ​​បណ្ដោះ​អាសន្ន​៕


អត្ថបទ ៖ អភ័យវង្ស