KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

ក្លិប​​៥​​នៅ PL ស្ថិត​​ចំណោម​ក្លិប​ទាំង​៩​ដែល​​​មាន​ឡើង​ៗ ​គ្មាន​ក្លិប​ណា​ដេញ​ទាន់​

12-01-2017 12:19 PM | 2228

របាយការណ៍​ថ្មី​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បង្ហាញ​ថា​ក្លិប​កំពូល​ៗ​របស់​អឺរ៉ុប​ចំនួន​៩ ក្នុងនោះ​មាន​៥​មក​ពីក្របខ័ណ្ឌ Premier League ​បច្ចុប្បន្ន​កាន់​តែ​មាន​ឡើង​ៗ គ្មាន​ក្លិប​ណា​មាន​ឱកាស​ដេញ​ទាន់​។

ក្លិប​ទាំង​៩​នោះ​រួម​មាន Man Utd, Man City, Arsenal, Chelsea និង Liverpool របស់​អង់គ្លេស, Real Madrid, Barcelona របស់​អេស្ប៉ាញ, Bayern Munich របស់​អាល្លឺម៉ង់ និង​ Paris St Germain របស់​បារាំង​។ ពួក​គេ​មាន​​មូលដ្ឋាន​អ្នក​គាំទ្រ​យ៉ាង​ធំនៅ​ជុំ​​វិញ​សកល​លោក ក្នុង​របៀប​មួយ​ដែល​មិនធ្លាប់​ឃើញ​សោះ​ពី​មុន​មក ហើយ​ទំហំ​នេះ​នឹង​កាន់​តែ​រីក​ធំឡើង​ៗ​ឥត​ឈប់​ឈរ​តាម​រយៈ​តារា​ល្បី​ឈ្មោះ​របស់ពួក​គេ, ការ​ធ្វើ​ដំណើរ​ប្រកួត​ទេសចរណ៍ និង​ការ​បង្ហាញ​ខ្លួន​ជា​ប្រចាំ​នៅ​វគ្គ​ចែក​ពូល Champions League​​។

បើ​និយាយ​ពី​​​សេដ្ឋកិច្ច ក្នុង​រយៈ​ពេល​៦​ឆ្នាំ​ចុងក្រោយ​ ក្លិប​ទាំង​៩​ខាង​លើ កើន​ឡើង​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ប្រហែលជិត​១០០​លាន​ផោន​​​​ក្នុង​មួយ​ក្លិប​ៗ​​ពី​ផ្នែក​​ពាណិជ្ជកម្ម ពិសេស​ក្រុមហ៊ុន​ឧបត្ថម្ភ​ក្លិប​និង​ក្រុមហ៊ុន​ឧបត្ថម្ភ​លើ​អាវ​​។ ចំណែក​​កំណើន​មធ្យម​របស់​ក្លិប​​នៃលីគ​កំពូល​នានា​នៅ​អឺរ៉ុប​ជាង​៧០០​ក្លិប​ផ្សេង​ទៀត មួយ​ឆ្នាំ​កើន​ប្រាក់​ចំណូល​មិន​ដល់​១​លាន​ផោន​ផង​។

ប្រធាន UEFA លោក Aleksander Ceferin ព្រមាន​អំពី​គ្រោះ​ថ្នាក់​​នានា​ ក៏​ដូច​ជា​អស្ថិរភាព ដែល​អតុល្យភាព​ប្រាក់​ចំណូល​នេះ​អាច​នាំ​មក​។ ទន្ទឹម​នឹង​នេះ​ដែរ លោក Ceferin ក៏​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​យ៉ាង​គំហុកទប់​មិន​ជាប់​នៃ​ប្រាក់​ខែ​របស់​កីឡាករ​​បច្ចុប្បន្ន​។

យ៉ាង​ណា​ក្ដី នៅ​ក្នុង​របាយការណ៍​នោះ​ក៏​បាន​បង្ហាញ​ពី​ជោគជ័យ​មួយ​ផ្នែក​ដែរ​នៃ​​ការ​ដាក់​ចេញ​​ច្បាប់​​កម្រិត​​ការ​ចាយ​វាយ(​មិន​ឱ្យ​ចំណាយ​ច្រើន​ជាង​ចំណូល​) Financial Fair Play ខណៈ​២​ឆ្នាំ​មុន​ច្បាប់​នេះ​ចូល​ជា​ធរមាន ក្លិប​នានា​នៅ​អឺរ៉ុប​ខាត​លុយ​សរុប​៥៦០​លានផោន​។ តែ​ក្រោយ​ច្បាប់​​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត ក្លិប​ទាំង​ឡាយ​រក​បាន​ប្រាក់​ចំណេញ​សរុប​១.២​ពាន់​លាន​ផោន​វិញ​​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​​៕

ប្រែ​សម្រួល​៖ រាជសម្ភារ​
ប្រភព​&រូបថត​៖ Dailymail