KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

កីឡាករម៉ាឡេស៊ី Faiz ​ឈ្នះ​ពាន​គ្រាប់​បាល់​ស្អាត​ជាង​គេ​​លើ​លោក​​របស់ FIFA

10-01-2017 08:29 AM | 10719

ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ម៉ាឡេស៊ី Faiz Subri របស់​ក្លិប Penang FA ​ឈ្នះ​ពាន​រង្វាន់ FIFA Puskas  Award ប្រចាំ​ឆ្នាំ​២០១៦ ចំពោះ​គ្រាប់​បាល់​ហ្វ្រ៊ីឃីក​កោង​យ៉ាង​អស្ចារ្យ​របស់​គេ​អំឡុង​ការ​ប្រកួត Malaysia Super League ឆ្នាំ​មុន ដែល​បោះ​ឆ្នោត​​ដោយសាធារណៈជន​នៅ​លើ​វិបសាយ​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​។

កីឡាករ​ដែល​មិន​ធ្លាប់​លេង​ឱ្យ​ជម្រើស​ជាតិ​ម៉ាឡេស៊ី​សោះ​នោះ ទទួល​បាន​សំឡេង​គាំទ្រ​៥៩.៤៦​% ស្រប​ពេល Marlone របស់​ប្រេស៊ីល​ទទួល​បាន​សំឡេង​២២.៨៦​% រីឯ Daniuska Rodriguez របស់​វេណេហ្ស៊ុយអេឡា ទទួល​បាន​សំឡេង​១០.០១​%​។

ក្រោយ​ឈ្នះ​ពាន​រង្វាន់​ដ៏​​កិត្តិយស​ដែល​ប្រគល់ផ្ទាល់​ដៃ​ដោយ​វីរបុរស​ប្រេស៊ីល Ronaldo ​នេះ Faiz ​និយាយ​​ថា​៖ “និយាយ​ដោយ​ស្មោះ​ត្រង់ ខ្ញុំ​មិន​ដែល​នឹក​គិត​ក្នុង​ចិត្ត​ទាល់​តែ​សោះ​​ថា​ខ្ញុំ​អាច​ឈាន​មក​ដល់​កម្រិត​នេះ ហើយ​បាន​ឈរ​​ក្នុង​ចំណោម​កីឡាករ​លំដាប់​កំពូល​ៗ​របស់​ពិភពលោក​នៅ​ទី​កន្លែង​ដ៏​អស្ចារ្យ​នេះ”​។

Faiz ពេល​នេះ​ក្លាយ​ជា​កីឡាករ​អាស៊ី​ដំបូង​គេ​ដែល​ឈ្នះ​ពាន​ដ៏​អស្ចារ្យនេះ ខណៈ​កន្លង​មក​កីឡាករ​អាស៊ី​ដែល​ធ្លាប់​មាន​ឈ្មោះ​ប្រជែង​មាន​ដូច​ជា​កីឡាករ​ជប៉ុន​ Kumi Yokoyama និង Hisato Sato ​ព្រម​ទាំង​កីឡាករ​អូស្ត្រាលី​ Lisa de Vanna ​និង Tim Cahill​៕

 

ប្រែ​សម្រួល​៖ សិរីមង្គល​
ប្រភព​&​រូបថត​៖ AFC