KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

ផ្លូវការ​! ​ខ្សែ​ប្រយុទ្ធ​បឹងកេត Julius ​ចុះ​កុងត្រា​​១​ឆ្នាំ​ជាមួយ​ក្លិប​លីគ​កំពូល​ម៉ាឡេស៊ី​

10-01-2017 04:20 PM | 3859

ខ្សែ​ប្រយុទ្ធ​សញ្ជាតិនីហ្សេរីយ៉ា Julius Oiboh ​បាន​ចាកចេញ​ពី​ក្លិប​បឹងកេត​អង្គរ ហើយ​ចុះ​កិច្ចសន្យា​១​ឆ្នាំ​ជាមួយ​ក្លិប Pahang FA នៃ​លីគ​កំពូល​ម៉ាឡេស៊ី​។

តាម​រយៈ​សា​រ​អេឡិច​ត្រូនិច​ជាមួយ Keiladaily នៅ​ថ្ងៃ​អង្គារ​ទី​១០​ខែ​មករា​ឆ្នាំ​២០១៧​នេះ Julius ដែល​ទើប​វិល​​ពី​លីគ​កំពូល​ថៃ​មក​​ជួយ​បឹងកេត​អង្គរ ក្នុង​ពាន​រង្វាន់ BTV Cup ​នៅ​វៀតណាម និង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Toyota Mekong Club Championship 2016 ​ប្រាប់​ថា​​​​នេះ​ជា​ការ​សម្រេ​ច​ចិត្ត​ដ៏​ពិបាក​មួយ​ក្នុង​​អាជីព​របស់​គេ ព្រោះ​គេ​មានអនុស្សាវរីយ៍ជាមួយ​បឹងកេត​ច្រើន ហើយ​គេ​ក៏​បាន​ជជែក​ជាមួយ​លោក បែ មករា និង​បាន​សូម​អភ័យទោស​អ្នក​គាំទ្រ​បឹងកេត​ផង​ដែរ​ ចំពោះ​ការ​សម្រេច​ចិត្ត​មួយ​នេះ​។

យ៉ាង​ណា​ក្ដី អតីត​ម្ចាស់​ស្បែក​ជើង​មាស​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១១​កាល​លេង​នៅ​​ណាហ្គាវើល និង​បន្ទាប់​មក​ជួយ​បឹងកេត​អង្គរ ឈ្នះ​វគ្គ​​ខ្វែង​ហើយ​លើក​ពាន​លីគ​ឆ្នាំ​២០១២ អះអាង​ថា​នឹង​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ពេល​ខាង​មុខ​​។

លីគ​កំពូល​ម៉ាឡេស៊ី Malaysia Super League នឹង​ចាប់​ផ្ដើម​​រដូវ​កាល​២០១៧​ពី​ថ្ងៃ​ទី​២០​ខែមករា ដល់​ថ្ងៃ​ទី​២១​ខែ​តុលា​។ Pahang FA ធ្លាប់​ឈ្នះ​ជើងឯក​៥​ដង ដោយ​លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០០៤ ហើយ​ក្នុង​ពាន AFC Cup វិញ​ពួក​គេ​ធ្លាប់​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១៥៕

អត្ថបទ​៖ រាជសម្ភារ
រូបថត​៖ Pahang FA