KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

គ្រូ លី ថា ​សឿត បារាំង ជា​ខ្សែ​ការពារ​ស្លាបដ៏​​ល្អ​នៅ​​ពេល​បច្ចុប្បន្ន

11-01-2017 07:57 AM | 3378

ក្នុង​កិច្ចសម្ភាស​ក្រោយ​ឈ្នះ​​ភ្នំពេញ​ក្រោន​នៃ​ជំនួប​មិត្តភាព​កម្ដៅ​សាច់ដុំ​មុន​ជំនួប​អន្តរជាតិ​ទល់នឹង​ជម្រើសជាតិ​អារ៉ាប់ប៊ីសាអូឌីត លោក លី តេហ៊ុន បាន​ចាត់​ទុក​​ សឿត បារាំង ថាជា​​ខ្សែ​ការពារ​ស្លាប​ដ៏​ល្អ​មួយ​រូប​​នៅ​កម្ពុជា​នា​ពេលបច្ចុប្បន្ន​​។

គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​ បង្ហើប​ថា លោក​បាន​ឃ្លាំមើល​​ពី​សមត្ថភាព​របស់​យុវជន​ក្លិប​ភ្នំពេញ​ក្រោន​ខាង​លើ​យូរ​ណាស់​មក​ហើយ តាំង​ពី​មិន​ទាន់​កើន​សមត្ថភាព​ខ្លាំង​។ ចាប់តាំង​ពី​បទ​ពិសោធ​របស់​គេ​ចេះ​តែ​កើនឡើង​ជា​លំដាប់ បុរស​ជនជាតិ​កូរ៉េខាង​ត្បូង ក៏​សម្រេច​ចិត្ត​បញ្ចូល​ឈ្មោះ​ សឿត បារាំង ចូល​ក្នុងក្រុមជម្រើស​ជាតិ​តែ​ម្ដង​។

លោក លី តេហ៊ុន ប្រាប់ Keila Daily ៖ "​តាម​ពិត​ទៅ​ខ្ញុំ​មើល​គេ​យូរ​ហើយ តែ​មិនទាន់​កោះហៅ​ទេ ព្រោះ​គេ​នៅ​រាង​ស្ទើុ​រ ហើយ​ខ្ញុំ​ទុក​ពេល​​ឲ្យ​គេ បង្តើន​​សមត្ថភាព​បន្ថែម​ទៀត។ ​ឥឡូវ​​នេះ​ ខ្ញុំ​គិត​ថា បទ​ពិសោធ​របស់​គេ​បាន​កើន​ឡើង​ច្រើន ដូច​អ្វី​​ដែល​ខ្ញុំ​ចង់​បាន​ហើយ។ បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​ខ្ញុំ គេ​នឹង​អាច​ក្លាយ​ជា​ខ្សែ​ការពារ​ស្លាបដ៏​ល្អ​បំផុត​នៅ​កម្ពុជា​ ដោយសារតែ​សមត្ថភាព​ដ៏​ល្អ​របស់​គេ​ ដូច្នេះ​លើក​នេះ​ ខ្ញុំ​នឹង​តាម​ដាន​គេ​បន្ថែម​ទៀត​"។

សឿត បារាំង​ ចូល​ហ្វឹកហាត់​នៅ​ថ្នាល​យុវជន​ក្លិប​ភ្នំពេញ​ក្រោន នា​ខែ​កុម្ភៈ ឆ្នាំ២០១១ និង ធ្លាប់​ជាប់​ជម្រើស​ជាតិ​អាយុក្រោម១៣​ឆ្នាំ មុនវិវឌ្ឍ​ខ្លួន​ចូល​ក្រុម​កម្ពុជា U19 ក្នុងព្រឹត្តិការណ៍ AFF U19 Championship នៅ​វៀតណាម​ កាល​ពី​ខែ​កញ្ញា ឆ្នាំ​ទៅ​មិញ​។ ជំនួប​​ទល់នឹង​ជម្រើស​ជាតិ​អារ៉ាប់ប៊ីសាអ៊ូឌីត គេ​នឹង​អាច​ក្លាយ​ជា​ការ​បង្ហាញ​ខ្លួន​ក្នុងក្រុមជម្រើស​ជាតិ​កម្ពុជា ​លើក​ដំបូង​បំផុត​សម្រាប់​យុវជន​មក​ពី​ខេត្ត​សៀម​រាប​រូប​៕

អត្ថបទ ៖ អភ័យវង្ស