KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

ប្រធាន​ FIFA ថា​​បង្កើន​កៅអី World Cup ដើម្បី​អភិវឌ្ឍ​បាល់ទាត់ មិនមែន​ព្រោះ​​លុយ​ទេ

11-01-2017 09:25 AM | 650

បន្ទាប់​ពី​សមាជិក​​ក្រុម​ប្រឹក្សា​ទាំង​៣៧​របស់ FIFA បោះ​ឆ្នោត​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​ឱ្យ​បង្កើន​ចំនួន​កៅអី​នៅ​ជុំ​ផ្ដាច់​ព្រ័ត្រ World Cup ដល់​៤៨​ក្រុម​ចាប់​ពី​ឆ្នាំ​២០២៦​តទៅ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១០​ខែមករា​ឆ្នាំ​២០១៧​​នោះ លោក Gianni Infantino ​ចេញ​មុខ​មក​ការពារ​ថា​ការ​ផ្លាស់​ប្ដូរ​នេះ​គឺ​​ក្នុង​ស្មារតី​កីឡា​សុទ្ធសាធ ហើយ​មិនមែន​ដើម្បី​​រក​​លុយ​​ទេ​។

អ្នក​ធ្វើ​យុទ្ធនាការ​មួយ​ក្រុម​ឈ្មោះ New FIFA Now ​ពណ៌នា​ការ​បង្កើន​ចំនួន​ក្រុម​នៅ​ World Cup ​ថា​ដើម្បី​ច្បាម​យក​លុយ​​និង​អំណាច​​ ស្រប​ពេល​ការ​ស្រាវ​ជ្រាវ​របស់ FIFA បង្ហាញ​ថា​ការ​បង្កើន​ការ​ប្រកួត​ពី​៦៤​ប្រកួត​ដល់​៨០ ​អាច​នឹង​បង្កើន​ប្រាក់​ចំណូល​ដល់​៥.២៩​ពាន់​លាន​ផោន មានន័យ​ថា​ប្រាក់​ចំណេញ​អាច​កើន​ដល់​៥២១​លាន​ផោន​។

ប៉ុន្តែ​លោក Infantino បញ្ជាក់​ប្រាប់ BBC ថា​៖ “វា​ផ្ទុយ​ពី​នេះ​ស្រឡះ​ គឺ​វា​ជា​ការ​សម្រេច​ចិត្ត​​ក្នុង​ស្មារតី​បាល់ទាត់​។ គ្រប់​រូប​មន្ត​សុទ្ធ​តែ​មាន​គុណ​សម្បត្តិ​ខាង​ហិរញ្ញវត្ថុ​។ តែ​យើង​ស្ថិត​ក្នុង​ស្ថានភាព​អំណោយ​ផល​មួយ​ដើម្បី​សម្រេច​ចិត្ត​ផ្អែក​លើ​ស្មារតី​​កីឡា​។ នេះ​ជា​ការ​សម្រេច​ចិត្ត​ជា​ប្រវត្តិសាស្ត្រ​​ដែល​​ជា​ច្រក​ចូល​នៃ World Cup ទៅ​កាន់​សតវត្សរ៍​ទី​២១​។ បាល់ទាត់​ឥឡូវ​ផ្លាស់​ប្ដូរ​ហើយ វា​ក្លាយ​ជា​ការ​ប្រកួត​​​លក្ខណៈ​សកល​ពិត​ៗ​។ គ្រប់​គ្នា​សប្បាយ​ចិត្ត​ចំពោះ​ការ​វិនិយោគ​នៅ​អឺរ៉ុប ចុះ​ចំណែក​ការ​ជួយ​អភិវឌ្ឍ​បាល់ទាត់​នៅ​ក្រៅ​ទ្វីប​អឺរ៉ុប​យ៉ាង​ម៉េច​ទៅ​វិញ? ពួក​គេ​ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ​​​​”​។

FIFA World Cup 2026 ​នឹង​មាន​​៣​ក្រុម​ក្នុង​មួយ​ពូល ចំនួន​១៦​ពូល ហើយ​ក្រុម​លេខ​១​និង​លេខ​២​នឹង​ឡើងទៅ​វគ្គ​ចាញ់​ធ្លាក់​​។ ប៉ុន្តែ​កៅអី​១៦​ក្រុម​បន្ថែម​នោះ នៅ​មិន​ទាន់​​សម្រេច​ថា​នឹង​បែង​ចែក​ឱ្យ​ទ្វីប​នីមួយ​ៗ​ប៉ុន្មាន​​ទៀត​នៅ​ឡើយ​ទេ​៕

ប្រែ​សម្រួល​៖ រាជសម្ភារ​
ប្រភព​&​រូបថត​៖ BBC