KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

ពេ​ជ្រ ម្ទេស​ខ្មាំង ត្រៀម​ខ្លួន​រួច​ស្រេច​​​ថ្ងៃ​បើក​ឆាក​ប្រដាល់​គោជល់​ PNN

04-01-2017 03:36 PM | 508

ពេជ្រ ម្ទេស​ខ្មាំង ​នឹង​ចាប់​ផ្ដើម​ដំណើរ​ផ្សង​ព្រេង​ក្នុង​ការ​​ប្រដាល់​ដណ្ដើម​​ខ្សែ​ក្រវាត់​ភេសជ្ជៈ​គោជល់​នៃ​ស្ថានីយទូរទស្សន៍ PNN ទម្ងន់​៥៧​គីឡូ​ក្រាម​ នៅ​ថ្ងៃ​អាទិត្យ ទី០៨ ខែ​​មករា ​​វេលា​ម៉ោង​៥​ល្ងាច ដោយ​ត្រូវ​ប៉ះ​អ្នក​លេង​ឆ្លង​ដែន​មក​ពី​ថៃ ផេតសិលា​។

អ្នក​ស្នង​គុនខ្មែរ​សម្បូរ​ផ្លែ​សម្លាប់​ ពេជ្រ ម្ទេស​ខ្មាំង​ អះអាង​ថា រូប​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ថ្ងៃ​បើក​ឆាក​ដណ្ដើម​យក​៣​ពិន្ទុ​ ដោយសារតែ​បាន​ហ្វឹក​ហាត់​យ៉ាងពេញ​លេញ​។

​ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ ​វិញ្ញាសា​​ប្រដាល់​សកល​ រៀបរាប់ ៖ "បាទ​អត់​អីទេ​បង ពេញ​លក្ខណៈ​គ្រប់​គ្រាន់ត្រៀម​តែ​ប្រយុទ្ធ​ ព្រោះ​អត់​បាន​ទៅ​វ៉ៃ​ប៉ុស្ដិ៍​ណា​ទៀតទេ​មុន​ហ្នឹង ហាត់​ត្រៀម​តែ​សម្រាប់​ប៉ុស្ដិ៍ PNN ហ្នឹង​ហ្មង​។ ប៉ុន្តែ​ កីឡាករ​ដែល​ខ្ញុំ​ត្រូវ​ប៉ះ​អាទិត្យ​ហ្នឹង ពិបាក​ស្មាន​​សមត្ថភាព​បន្តិច ព្រោះ​អត់​ដែល​ប៉ះ​គ្នា​ពី​មុន​មក​ទេ បើ​៣​នាក់​ទៀត ធ្លាប់​ប៉ះ​​។ ​អ៊ីចឹង​ អត់​អាច​និយាយ​បាន​ថាសង្ឃឹម​ប៉ុន្មាន​ភាគរយ​ ព្រោះ​ថៃ​​សុទ្ធតែ​ខ្លាំង​ដែរ តែ​ខ្ញុំ​ខិត​ខំ​ប្រឹង​ហ្វឹកហាត់​​បាន​យ៉ាង​ជាប់​លាប់​"​។

ពេជ្រ ម្ទេស​ខ្មាំង ធ្លាប់​ឈ្នះ​៨២​ដង​ ចាញ់​០៩ និង ស្មើ​០១ ខណៈ​ផេតសិលា ឈ្នះ​៧៥ដង ចាញ់​១៦ដង និង ស្មើ​០៤ដង​។

​ក្រៅ​ពី​ពេជ្រ ម្ទេស​ខ្មាំង គឺ​​មិត្តរួម​ជាតិ​ ព្រឿង​ សុជាតិ ឯណោះ​ក៏​នឹង​ត្រូវ​ស្វែង​រក​ពិន្ទុ​នៅ​ថ្ងៃ​បើក​ឆាក​ដូច​គ្នា ដោយ​ត្រូវ​ប៉ះ​ខ្លា​ចាស់ ភុនសាវ៉ាត់៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ រីដូ