KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

ប្រពន្ធ​ ឡុង សុភី ​មិន​ខ្វល់​ពាក្យគេ​ថា យក​ធ្វើអី​ប្ដីអ្នក​ប្រដាល់​

05-01-2017 09:32 AM | 2146

អ្នក​ខ្លះ​ស្រឡាញ់​​គ្នា​ដោយសារតែ​កត្តា​ទ្រព្យសម្ប​ត្តិ​ ខណៈ​អ្នក​ខ្លះ​ទៀត​ស៊ូទ្រាំ​ចាប់​ដៃ​គ្នាពី​បាត​ដៃ​ទទេរហូត​​ទាល់​​រីក​ចម្រើន​កើត​កាល​វាល​គុម្ព ​មិន​ប្រកាន់​ខ្មៅ ឬ ស ក្រ ឬ មាន​អ្វី​ឡើយ។ ជាក់ស្ដែង អ្នក​នាង​ សួន ចាន់នី ភរិយា​​អ្នក​ស្នង​គុន​ខ្មែរ​លំដាប់ជួរ​មុខ ឡុង សុភី ​​បាន​ជម្នះ​នូវ​ពាក្យនិន្ទា​ឌឺដង​សម្ដី​លេប​ខាយ​ផ្លែផ្កា ពី​មនុស្ស​មួយ​ចំនួន​ ដែល​ថា យក​អ្នក​ប្រដាល់​​ធ្វើ​ប្ដី គ្មាន​អ្វី​​​មាន​​បាន​នឹងគេទេ​។

អតីត​បុគ្គលិក​លក់​ម្ហូប​អាហារ​នៅ​ស្ថានីយ​ទូរទស្សន៍ CTN ខាង​លើ​ថ្លែង​ថា ​កន្លង​មក​ពិត​ជា​មាន​​ពាក្យ​តិះដៀល​មួយ​ចំនួន​មែន​ ប៉ុន្តែ​អ្នក​នាង​បញ្ជាក់ថា ការ​ឈាន​ទៅ​ចាប់​ដៃ​ជា​ស្វាមី​ភរិយាជាមួយ​នឹង​​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​រូប​​នេះ​ កើត​ឡើង​ដោយ​ចិត្ត​ស្រឡាញ់​ និង ការ​ពេញ​ចិត្ត​នូវ​ចរិយាមារយាទ ពោល​គឺ​មិន​ផ្ដោត​សំខាន់​លើ​ទ្រព្យ​សម្បត្តិ​ឡើយ​។

ភរិយា​កំពុង​ពរ​ពោះ​​​​កូន​៣​ខែ​ក្នុង​ផ្ទៃ លម្អិត​បែ​ប​នេះ ៖ "មាន​តើ​គេ​និយាយ​ចឹង អ្នក​ខ្លះគេ​ថា ស្រឡាញ់​អី​អ្នក​ប្រដាល់ គ្មាន​អនាគត​ទេ តែ​ខ្ញុំ​គិត​ថា​មិន​អី​ទេ​​សម្រាប់​ខ្ញុំ ព្រោះ​អ្នក​ប្រដាល់​សុទ្ធតែ​ជាមនុស្សដូ​ចគ្នា​ មាន​បេះដូង​ដូចគ្នា។ អ្នក​ខ្លះ​គេ​មិន​ស្រឡាញ់​តាម​ចិត្ត​គេ តែ​ចំពោះ​ខ្ញុំ​ស្រឡាញ់ និង អាណិត​​។ មុន​រៀប​ការ ខ្ញុំ និង គាត់ ស្វែង​យល់​ចិត្ត​ថ្លើម​គ្នា​៣​ឆ្នាំ​ហើយ កាល​ពី​មុន​មក​​មិន​ដែល​គិត​ថា បាន​ប្ដី​អ្នក​ប្រដាល់​ចឹងទេ គ្រាន់តែ​មើល​ធម្មតា​។ ខ្ញុំ​ជ្រើសរើស​យក​គាត់​ដោយសារតែ​គាត់​ចេះ​លេង​សើច តែ​​ក៏​មាន​ការទទួល​ខុស​ត្រូវ​ដែរ​"។

អ្នក​នាង ​សួន ចាន់នី បន្ថែម​ថា ​រាល់​ពេល​ស្វាមី​ឡើង​ប្រកួត​ម្ដងៗ អ្នក​នាង​មាន​អារម្មណ៍​ភ័យ​ខ្លាំងណាស់ តែ​មិន​ដែល​បង្ហើប​ឲ្យ​​ឡុង សុភី ដឹងឡើយ ព្រោះ​ខ្លាច​បាក់​ទឹកចិត្ត​។ អ្នក​នាង​បញ្ជាក់​ថា ​ចង់​ឲ្យ​ប្ដី​​​ឡើង​ប្រដាល់​បន្ត​តែ​២​ឆ្នាំ​ទៀតប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​អ្នក​នាង​កំពុង​សន្សំ​ប្រាក់កាស ដើម្បី​បើក​មុខរបរ​រកស៊ី​​។

ឡុង សុភី និង ភរិយា បាន​ចាប់ដៃ​គ្នា​ចូល​រោង​ជោគ​រោង​ជ័យសិរី​មង្គល កាល​ពី​​ថ្ងៃទី១៤ ខែ​មករា ឆ្នាំ​២០១៦​៕

អត្ថបទ ៖ អភ័យវង្ស