KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

ប្រដាល់​លែង​កើត ឌឹម សារិទ្ធិ ផ្ញើ​វាសនា​លើការងារ​ថែ​ស្មៅ​ស្តាត ​

06-01-2017 11:27 AM | 3955

ក្នុង​វិស័យ​ប្រដាល់ ឌឹម សារិទ្ធិ ពុំ​សូវ​មាន​ឈ្មោះ​បោះ​សម្លេង​ប៉ុន្មាន​ទេ តែ​ក្នុងការ​ប្រកួត​គុន​ចម្រុះ ឪពុក​មាន​កូន​​​ប្រុស​៣​នាក់រូប​នេះ​​​បាន​ប្រឡូក​ច្រើន​គួរ​សម​​អំឡុង​​រយៈ​ពេល​២​ឆ្នាំ រហូត​ដល់​ពេល​​បង្ខំ​ចិត្ត​ព្យួរ​ហ្គង់​ កាល​ពី​ឆ្នាំ​២០១៥ ដោយសាររបួស​។

ចាប់​តាំង​ពី​បាត់​បង់​អាជីព​គ្រាន់​ចិញ្ចឹម​ឆ្នាំង​បាយ​​បាន​ខ្លះ​ៗ​នេះ​មក អតីត​សិស្ស​គុន​ក្លិប​ក្រសួង​ការពារ​ជាតិ​​ ខាង​លើ​បាន​ទទួល​ការងារ​ជា​អ្នក​ថែ​រក្សា​ទីលាន​បាល់​ទាត់​នៃ​កីឡដ្ឋាន​ខេមរភូមិន្ទ ហៅ​ ស្តាត​ចាស់​ ដោយ​ប្ដូរ​បាន​កម្រៃ​ជា​ទឹក​ប្រាក់​ប្រមាណ​​​៦០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ យ៉ាងណាក៏ដោយ អតីត​​កម្មករ​សំណង់​រូប​នេះ ប្រាប់​ថា ចំណូល​​ប្រចាំ​​ខែ​មួយ​ផ្លូវនេះ ពុំ​អាច​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​បាន​ទេ ដោយរូប​គេ​​ត្រូវ​ឆ្លៀត​ពេល​លក់​អេត​ចាយ​ គួបផ្សំ​នឹង​​​​ប្រាក់​ខែ​ប្រពន្ធ​ជា​​អ្នក​អនាម័យ​ទៀត​។

អតីត​អ្នក​ប្រដាល់ ឌឹម សារិទ្ធិ រៀបរាប់​បែប​នេះ ៖ "ខ្ញុំ​ឈប់​ប្រដាល់​២​ឆ្នាំ​ហើយ តាំង​ពី​ឆ្នាំ២០១៥ ដោយសារតែ​ធ្លាប់​សន្លប់​ធំ​ម្ដង​ កាល​ណោះ​វ៉ៃ​ក្នុងទ្រុង​ ត្រូវ​កញ្ចឹងកទៅ ដល់​ពេល​ក្រោយ​មក មាន​អារម្មណ៍ដូចភាំង​ៗ​ អ៊ីចឹង​សម្រេចចិត្ត​ឈប់​វ៉ៃ​​ហ្ម​ង​ទៅ​។ ​ស្ដាយ​ដែរ ព្រោះ​កាល​ណោះ​បាន​វ៉ៃ​​១​ខែ​៤ដង​អីដែរ ម្ដង​បាន​២០ម៉ឺន ៣០ម៉ឺន​អី បើ​វ៉ៃ​ទ្រុង ម្ដង​ៗ​បាន​៤០​ម៉ឺន ៥០​ម៉ឺន​អី​ដែរ គ្រាន់ចិញ្ចឹម​គ្រួសារ​។ ពេល​ឈប់​វ៉ៃ បាន​មេគាត់​អាណិត​ ឲ្យ​​នៅថែ​សួន មួយ​ខែ​បាន​៦០ម៉ឺនអីដែរ តែ​ចាយ​​អត់​គ្រប់​ទេ កូន​រៀន​ផង ម្ហូប​អាហារ​ផង និង ចំណាយ​ច្រើន​ទៀត អ៊ីចឹង​ត្រូវ​ឆ្លៀត​រើស​សំបក​ដក រើស​កំប៉ុង​អី លក់​ឲ្យ​អេតចាយ​​ផង​ ហើយ​ប្រពន្ធ​​ធ្វើ​អ្នក​អនាម័យ​នៅ​តាម​ផ្សារ​ សម្អាត​បន្ទប់​ទឹក​ផង​ បើ​ពេល​ខ្លះ​កូន​ឈឺ​អី ត្រូវ​ដាច់​ដែរ"។


បុរស​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ​ ប្រាប់​ថា មុន​ក្លាយ​ខ្លួន​ជា​អ្នក​ប្រដាល់​ រូប​គេ​​​ប្រកប​ការងារ​ជា​កម្មករ​សំណង់ និង ធ្លាប់​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ខុសច្បាប់ ហើយ​ត្រូវបាន​សមត្ថកិច្ចដេញ​​ចាប់​ទៀតផង​។

​​មក​ទល់ពេល​នេះ ឌឹម សារិទ្ធិ ​ពុំ​មាន​លំនៅ​ដ្ឋាន​ពិតប្រាកដ​ទេ ដោយរស់​នៅ​បណ្ដោះ​អាសន្ន​​ក្នុង​បរិវេណ​​ស្តាត​ចាស់​។ កូន​ប្រុស​ទី២​របស់​គេ​បច្ចុប្បន្ន​រៀន​ថ្នាក់​ទី១ និង កំពុង​ហ្វឹកហាត់​ប្រដាល់​នៅ​ក្លិប​ក្រសួងការពារ​ជាតិ ដោយ​មាន​បំណង​ចង់​ស្នង​តំណែង​ពី​ឪពុក​៕

អត្ថបទ ៖ អភ័យវង្ស