KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

យ៉ុង ម៉ុងហាក់ ពិធីករ​កីឡា​ប៉ុស្ដិ៍ PNN ភ្ជាប់​ពាក្យ​ព្រឹកមិញ​

06-01-2017 01:53 PM | 6810

ពិធីករ​កីឡា​កំពុងក្រសោប​បាន​ប្រជាប្រិយភាព​នៃ​ស្ថានីយទូរទស្សន៍ PNN លោក យ៉ុង ម៉ុងហាក់ បាន​ពាក់​ចិញ្ចៀន​ភ្ជាប់​ពាក្យជាមួយនឹង​គូស្នេហ៍ ឈ្មោះ ធី សិរីរ័ត្ន នៅ​ព្រឹក​ថ្ងៃសុក្រ ទី​០៦ ខែ​មករា នេះ​ នា​គេហដ្ឋាន​ខាង​ស្រី​ ឯ​ខេត្ត​បាត់​ដំបង​។

អ្នក​អត្ថាធិប្បាយ​​សម្បូរវោហារសព្ទ​​​មាន​ប្រភព​ពី​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ខាង​លើ​ធ្លាប់​រៀបរាប់​ប្រាប់ Keila Daily ​​ថា លោក និង គូស្នេហ៍ដែល​ជា​ពេទ្យឆ្មប​​មួយ​រូប​ផង​នោះ បាន​​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​នឹងគ្នា​រយៈ​ពេល​ប្រមាណ​ជាង​១​ឆ្នាំ​មក​ហើយ ហើយអ្នក​ទាំង​២​គ្រោង​ចាប់​គ្នា​ចូល​រោង​ជោគរោងជ័យ​សិរីមង្គល​នៅ​ខែ​មីនា ឆ្នាំ​២០១៧ ​ខាង​មុខ​។


លោក យ៉ុង ម៉ុងហាក់ និង គូដណ្ដឹង

ឆ្លើយតប​ទៅ​នឹង​សំណួរ​ថាតើ​ លោក​គ្រោង​​បន្ត​ការងារ​ជាពិធីករ​កីឡា​ទៀត​ឬ​អត់​ក្រោយ​រៀបអាពាហ៍ពិពាហ៍ អតីត​​បុគ្គលិក​វិបសាយ Sabay ​ដដែល​បញ្ជាក់ថា មិន​ទាន់ច្បាស់​នៅ​ឡើយ តែ​អ្វីសំខាន់នោះ គឺ​ខាង​ស្រី​មិន​សូវ​ចេះ​រស់​នៅ​រាជធានីភ្នំពេញ​។

លោក យ៉ុង ម៉ុងហាក់ ជានិស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែកទំនាក់ទំនង​អន្តរជាតិ​ នៅ​សាកលវិទ្យាល័យ​កម្ពុជា ហើយ​បាន​ចូល​បម្រើ​ការងារ​ជា​អ្នក​ប្រែសម្រួល​ព័ត៌​មាន​កីឡា​អន្តរជាតិនៅវិបសាយ Sabay ​អំឡុងឆ្នាំ២០១១​។ អតីត​សិក្ខាកាម​ទទួល​បាន​​​វិញ្ញាបនបត្រ​គ្រូ​បង្វឹក​បាល់ទាត់​កម្រិត D និទ្ទេស A រូប​នេះ​​​ធ្លាប់​បំពេញ​ការងារ​ជា​ជំនួយការ​អ្នកចាត់ការ​ក្លិប​បាល់ទាត់​បឹង​កេតអង្គរ​ មួយរយៈ​នៅ​ចុងឆ្នាំ​២០១៤ មុន​ផ្លាស់​​ទៅ​កាន់តួនាទី​ជាពិធីករ​កីឡា​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ដ៏​​ទំនើប PNN កាល​ពី​​ពាក់កណ្ដាល​ឆ្នាំ២០១៥ រហូត​ដល់​បច្ចុប្បន្ន​៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ Be Makara