KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

ឆ្នាំ​ថ្មី​នេះ សែន រ៉ាដេត ចូល​បំពេញ​ការងារ​នៅ​ក្រសួង​សាធារណការ​

07-01-2017 09:52 AM | 10644

ឆ្នាំ​​ថ្មី​២០១៧​នេះ អ្នក​ស្នងគុន​ខ្មែរ​វ័យ​ក្មេង​​ សែន រ៉ាដេត បង្ហើប​តាម​រយៈ​ Keila Daily ក្រោយ​ការប្រកួត​​​កម្មវិធី​គោជល់​ប៉ុស្ដិ៍ CNC នា​ល្ងាច​ថ្ងៃសៅរ៍​ ថា​ រូប​គេ​នឹង​ចូល​បំពេញ​ការងារ​នៅ​ក្រសួង​សាធារណការ​ និង ដឹក​ជញ្ជូន នៅ​ថ្ងៃទី១៥ ខែ​មករា ខាង​មុខ​ ហើយ​ថា ​នឹង​ធ្វើ​ជា​ជំនួយ​ការ​ប្រធាន​នាយកដ្ឋាន​មួយ តែ​​​មិន​បាន​លម្អិត​ថា​ផ្នែក​ណាមួយ​​ទេ។

ឆ្លើយត​ប​ទៅ​នឹង​សំណួរ​ថាតើ​ ការ​ចូល​បំពេញ​ការងារ​បែប​នេះ​អាច​ប៉ះ​ពាល់​ដល់​ពេល​វេលា​ហ្វឹកហាត់​ដែរ​ឬទេ ជើង​ខ្លាំង​​គីឡូស្រាល​ខាង​លើ​​​ប្រាប់​ថា គេ​នឹង​ព្យាយាម​បែង​ចែក​ពេលវេលាឲ្យ​បាន​ល្អ ដោយ​ហាត់​​នៅ​ពេល​​ល្ងាច​ម៉ោង​៥​ទៅ​៦​វិញ​។

ប្អូន​បង្កើត​របស់សែន រ៉ាឌី រៀបរាប់ ៖ "ខ្ញុំ​បានដាក់​ពាក្យរួច​ហើយ ថ្ងៃទី១៥​ ចូលធ្វើការហើយ។ ពេល​ធ្វើការ​ចឹង​ប៉ះពាល់​ដែរ តែ​ខ្ញុំ​ប្ដូរ​ទៅ​ហាត់​ល្ងាច​វិញ​ម៉ោង​៥​ដល់​ម៉ោង​៦​ល្ងាច​។ ព្រួយបារម្ភ​ខ្លាច​ប៉ះ​ពាល់​ដល់​សមត្ថភាព​ដែរ តែ​​ធ្វើ​ម៉េច​ ព្រោះ​ត្រូវ​រក​ការងារ​ធ្វើ​ចឹង ព្រោះ​គិតថា មិនអាច​ពឹង​នឹង​អាជីព​ប្រដាល់​ហ្នឹង​រហូត​ ត្រូវ​មាន​ការងារ​ ឬ មាន​ក្រប​ខណ្ឌ​ណាមួយ​​នឹងគេដែរ​"។

ក្រៅ​ពី​មាន​អាជីព​​ជា​អ្នក​ប្រដាល់ សែន រ៉ាដេត បច្ចុប្បន្ន​ក៏​ជា​និស្សិត​មួយរូប​ដែរ ដោយ​កំពុង​សិក្សា​ឆ្នាំ​ទី៣ លើ​មុខ​ជំនាញ​នីតិសាស្ត្រ​។ សិស្ស​គុន​ក្លិប​អប្សរា​គុន​ខ្មែរ​បន្ថែម​​ថា គេ​នឹង​ពិចារណា​​​ផ្អាក​អាជីព​ឈឺ​សាច់​មួយ​នេះ នៅ​ពេល​ណា​ដែល​គិត​ថា​ កម្លាំង​ធ្លាក់​ចុះ និង បន្ត​ទៅ​មុខ​លែង​រួច៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ ASEAN Fight