KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់

ខ្មែរ​ចាញ់​មួយ ថៃ​សន្លប់​មួយ​​ ថ្ងៃ​បើក​​ឆាក​ខ្សែ​ក្រវាត់​ថ្មី​​គោជល់​ PNN

09-01-2017 06:30 AM | 893

អ្នក​លេង​គុន​ខ្មែរ​សម្បូរ​ស្នៀត​ផ្លែ ពេជ្រ ម្ទេស​ខ្មាំង បាន​ផ្ដួល​​គូ​ប្រជែង​ជនជាតិ​ថៃ ផេតសិលា​ ឲ្យសន្លប់​ធំ​​ក្នុង​ថ្ងៃ​បើក​ឆាក​​ខ្សែ​​ក្រវាត់​ថ្មី​​ទម្ងន់​​៥៧​គីឡូ​ក្រាម​នៃ​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោជល់ របស់​ស្ថានីយ​ទូរទស្សន៍ PNN នៅ​​ល្ងាច​ថ្ងៃអាទិត្យ ទី​០៨ ខែ​មករា​។

​ក្នុងទឹក​ទី១​ ពេជ្រ ម្ទេស​ខ្មាំង ដែ​ល​ល្បី​ថា​ខ្លាំង​កណ្ដាប់​ដៃ​ បាន​ទាត់​ឲ្យ​បេក្ខជន​ថៃ​ដួល​ ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​​ដល់​៨​ម្ដង​។ លុះ​ចូល​ដល់ដើម​​ទឹក​ទី​២ ​បេក្ខជន​របស់​កម្ពុជា​បាន​ប្រើ​ស្នៀត​កែង​វាត់​ចំសៀត​ថ្កា​របស់​ផេត​សិលា ដួល​សន្លប់​មិន​ដឹង​ខ្លួន​។

 

ចំណែក​​ការប្រកួត​ដណ្ដើម​ខ្សែ​​ក្រវាត់​មួយ​គូ​ទៀត អ្នក​​ប្រដាល់​ក្លិប​ក្រសួង​ការពារ​ជាតិ ព្រឿង សុជាតិ បាន​​បោះបង់​​​ចោល​សង្វៀន​ក្រោយ​ចប់​ទឹកទី៤ ដោយ​សារ​របួស​ស្ដាំ បន្ទាប់​ពី​រង​ទម្ងន់​ជើង​ពី​ខ្លា​ចាស់​ ភុន សាវ៉ាត ​ម្ដង​ហើយ​ម្ដង​ទៀត​តាំង​ពី​ទឹកទី១។ ​សម្រាប់​ជំនួប​រវាង​​អ្នក​ទាំង​២ គេ​មើល​ឃើញ​ថា កីឡាករ​ថៃ​ជើង​ចាស់​​បាន​​គ្រប់គ្រង​ស្ថាន​ការណ៍​ស្ទើរ​តែ​ទាំង​ស្រុង​ ហើយ​ព្រឿង សុជាតិ​ ដួល​ម្ដង​ហើយ​ម្ដង​ទៀត​។ ដោយសារតែ​ឃើញ​ស្នាម​របួស​មិន​អំណោយផល​ គណៈ​កម្មការរៀប​ចំ​ការប្រកួត ក៏​សម្រេច​ចិត្ត​ផ្អាក​ត្រឹម​ចប់​ទឹកទី៤ ដើម្បី​ការពារ​កុំ​ឲ្យរបួស​ដៃ​របស់​ព្រឿង សុជាតិ កាន់តែ​ធ្ងន់​។

ដូច្នេះ ពេជ្រ ម្ទេស​ខ្មាំង និង ភុន សាវ៉ាត មាន​៣​ពិន្ទុ​ដូច​គ្នា នៅថ្ងៃបើក​ឆាក​រដូវកាល​ថ្មី​ក្នុងប្រភេទទម្ងន់​៥៧គីឡូ​ក្រាម៕

 ការប្រកួត​រវាង​ពេជ្រ ម្ទេស​ខ្មាំង និង ផេត​សិលា ៖

 ការប្រកួត​រវាង​ព្រឿង សុជាតិ និង ភុនសាវ៉ាត ៖

អត្ថបទ ៖ អភ័យវង្ស