KD Logo
+855 16 757 168     samnob@keiladaily.com

NOCC & MoEYS

គ្រូស្គីទឹកកកអាមេរិក រំពឹងយុវជនថ្នាលកម្ពុជាឈ្នះមេដាយនៅ Skate Bangkok

30-11-2016 11:22 AM | 270

គ្រូបង្វឹកកីឡាស្គីទឹកកកកម្ពុជា​លោក Ben Blenford បង្ហាញក្តីសង្ឃឹម​ថា ​អត្តពលិកថ្នាលទាំង១៨រូប​របស់កម្ពុជា នឹងដណ្តើមបានជ័យជម្នះ​ពី​ព្រឹត្តិការណ៍ Skate Bangkok នា​ចុង​ឆ្នាំ​នេះ​ បើ​យោង​​តាមការសង្កេត​ភាព​រីក​ចម្រើន​កម្រិត​បច្ចេកទេស​ របស់​ពួក​គេ​ ក្នុងព្រឹត្តិការណ៍ Ice Skating Scholarship Challenge 2016 ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ​។​

ថ្លែងក្រោយបញ្ចប់ព្រឹត្តិការណ៍ Aquarius Ice Skating Scholarship Challenge លើកទី២ នា​ល្ងាចថ្ងៃទី២៨ វិច្ឆិកា  គ្រូបង្វឹកសញ្ជាតិអាមេរិក រូបនេះរៀបរាប់យ៉ាង​ដូច្នេះ៖​

«យើង​នឹង​ដឹកនាំ​ក្រុមស្គី​ទឹកកក​វ័យក្មេង ទៅប្រកួត​នៅទីក្រុង​បាងកក ប្រទេសថៃ។​ កីឡាករ-ការិនី​សរុប​ចំនួន​១៨​រូប​ តំណាងឲ្យ​មជ្ឈមណ្ឌលអាយផាក គឺ​កម្រិតបច្ចេកទេស​ល្អប្រសើរជាងមុនខ្លាំង​ បើធៀបកាលពីទៅប្រកួត​នៅ​ម៉ាឡេស៊ី។​  ខ្ញុំសង្ឃឹមថា​ ពួកគេនឹងអាច​យកបាន​មេដាយ​ក្នុង​ការ​ប្រកួត Skate Bangkok នៅថៃ​លើកនេះបាន ព្រោះពួកគេយល់ដឹងច្រើន​ពីបច្ចេកទេស ដែលយើង​ដាក់ឲ្យប្រកួត»។​

លោក​ BEN ពន្យល់​បន្ថែម​ថាកីឡាករ-ការិនី​ទាំង​១៨រូប​ត្រៀម​ចេញទៅប្រកួ​ត​នៅប្រទេស​ថៃ នាដើមខែ​ធ្នូ​ខាងមុខ នឹងត្រូវ​ប្រជែង​​លើកម្រិត​មូលដ្ឋាន​ដល់កម្រិត៥ ដែល​ជា​កម្រិត​ប្រកួត​​ត្រូវ​បាន​​ចាត់ទុកថា​ ជាផ្នែក​ដ៏សំខាន់​ក្នុងការ​អភិវឌ្ឍ​​សមត្ថភាព​ឆ្ពោះទៅ​កម្រិតអាជីព​ពិត​ប្រាកដ។

គួរបញ្ជាក់ថា ជ័យលាភី Ice Skating Scholarship Challenge លើកទី២ ទាំង​១៨រូប នឹង​ចេញ​ទៅចូលរួម​ព្រឹត្តិការណ៍ Skate Bangkok នៅប្រទេស​ថៃ នាថ្ងៃទី០៧  ខែធ្នូ ខណៈ​ការប្រកួត​នឹង​ចាប់ផ្តើម​ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែ​ធ្នូ​ ដោយ​មាន​​៥​ប្រទេសចូលរួមប្រជែង៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN
អត្ថបទ ៖ ងិន មករា