KD Logo
+855 16 757 168     samnob@keiladaily.com

NOCC & MoEYS

សហ​ព័ន្ធហែល​ទឹក​កម្ពុជា​ រំពឹង​ចម្រាញ់​បាន​កីឡាក​រ​ថ្នាល​ឆ្នើម​ៗ​តាម​រយៈ​ពាន​សម្ដេច​តេជោ​

30-11-2016 11:41 AM | 415

លោក ហែម គីរី អគ្គលេខាធិកា​សហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក​ រំពឹងថា​នឹង​អាច​ជ្រើសរើស​បាន​ក្រុមយុវជន​ថ្នាល មាន​ទេពកោសល្យ ពី​ការ​ប្រកួតពាន​រង្វាន់ ​សម្ដេច​តេជោ ហ៊ុន សែន ដែលនឹង​ធ្វើ​នៅ​មជ្ឈមណ្ឌលកីឡាហែលទឹកតេជោសែន នៅ​ដើម​ខែ​ធ្នូ ខាងមុខ។ ដើម្បីបន្ត​អភិវឌ្ឍកីឡាករវ័យក្មេងទាំងនោះ​ឲ្យឈានដល់​កម្រិត​ខ្ពស់។

ថ្លែងអោយដឹងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន​ ស្ដីពីការប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់ តេជោសែនលើកទី០២ នៅនាយកដ្ឋានអប់រំកាយនិង កីឡា កាលពីថ្ងៃសៅរ៍កន្លងទៅ លោក ហែម គីរី ពន្យល់យ៉ាងដូចច្នេះ៖

«ការរំពឹងទុករបស់សហព័ន្ធ នៅលើការរៀបចំមួយនេះ គឺសហព័ន្ធសង្ឃឹមនឹងមានទំនុកចិត្តខ្លាំង លើក្រុមយុវជនដែលជាក្រុមថ្នាល ដែលមានអាយុរក្រោម១៣ឆ្នាំ និង១៥ឆ្នាំ។ ការប្រកួតនេះ គឺយើងសម្លឹង មើលពួកគាត់ដើម្បីអោយបង្កើនសមត្ថភាពខ្ពស់ ដើម្បីអោយពួកគាត់ឈានចូលដល់ក្រុមកម្រិតខ្ពស់។ បានន័យថាចូលទៅដល់ក្រុមជម្រើសជាតិ ដោយសារទី១ យើងមានគ្រូប្រចាំរបស់សហព័ន្ធ​​របស់យើង អ្នកគ្រូជប៉ុន អ្នកស្ម័គ្រចិត្តប្រចាំសហព័ន្ធរបស់យើង»

អគ្គលេខាធិការដដែលបានបន្ថែមថា ចំពោះការចម្រាញ់ធនធានចេញពីព្រឹត្តិការណ៍នេះ មានសារៈសំខាន់ក្នុង ការបណ្ដុះបណ្ដាលធនធានថ្នាលទាំងនេះ ឆ្ពោះទៅក្លាយជាកីឡាករជម្រើសជាតិ ប្រកបដោយបច្ចេកទេស សមត្ថភាព ប្រកួតប្រជែងឆាកអន្តរជាតិនានា។ ពិសេសការត្រៀមក្រុមថ្នាល ក៏ជាមូលដ្ឋានយុទ្ធសាស្ត្រ ទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ។

គួរអោយដឹង​ ការប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់តេជោសែនលើកទី០២ មានសមាគម និងក្លិប ហែលទឹកចូលរួម​៦​ ដែល​មាន​អ្នក​ហែល​ទឹក​សរុប​១១៥ ចូលរួមប្រកួតប្រជែងលើ០៦ប្រភេទវិញ្ញាសារ រួម​មាន​ក្រុមអាយុរ១៨ឆ្នាំឡើង, ក្រុមយុវជន​ចន្លោះ​​១៦​ដល់​១៨ឆ្នាំ, ក្រុមយុវជន, ក្រុមនារីចាប់ពី១៥ឆ្នាំ, ក្រុមថ្នាលអាយុរ១០ដល់១៣ឆ្នាំ រួមនឹង ក្រុមអ្នកហែលទឹកជនពិការ។ ព្រឹត្តិការណ៍នេះ​ នឹងធ្វើនៅថ្ងៃទី១និងទី២ធ្នូ នៅ មជ្ឈមណ្ឌល​កីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN
អត្ថបទ ៖ ទិត្យ គង់នៅ