KD Logo
+855 16 757 168     samnob@keiladaily.com

NOCC & MoEYS

​អត្ត​ពលិក​កម្ពុជា​​ឈ្នះ​មេដាយ​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​ ទើប​បាន​ប្រាក់​រង្វាន់​ម្សិលមិញ

27-12-2016 11:37 AM | 761

នៅថ្ងៃ​ចន្ទ ទី២៦ ខែ​ធ្នូ ទឹក​ប្រាក់​រង្វាន់សរុប​ប្រមាណ​១,៣៧២,០០០,០០០រៀល ត្រូវ​បាន​ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា ប្រគល់​ដល់​ក្រុម​អត្តពលិក​កម្ពុជា ប្រុស​ស្រី ដែល​បាន​ឈ្នះ​មេដាយ​ចំនួន២១​គ្រឿង​ ពី​ព្រឹត្តិការណ៍​​កីឡា​លើ​ឆ្នេរ​ខ្សាច់ លើក​ទី​៥ ឬ Asian Beach Games ឆ្នាំ​២០១៦ នៅ​ក្រុងដាណាំង ប្រទេស​វៀតណាម កាល​ពីថ្ងៃទី២៤ ខែ​កញ្ញា ដល់​ថ្ងៃទី០៣ ខែ​តុលា​។

ក្នុង​ចំណោម​មេដាយសរុប​ទាំង២១​គ្រឿង មាន​មាស​៦​គ្រឿង ប្រាក់​៦​គ្រឿង និង សំរឹទ្ធ៩គ្រឿង ដោយ​មេដាយ​មាស​ទទួល​បាន​ទឹក​ប្រាក់​៤០​លានរៀល​, មេដាយ​ប្រាក់​ទទួល​បាន​៣០​លាន​រៀល និង មេដាយ​សំរឹទ្ធ បាន​១៦​លាន​រៀល​។

ឯក​ឧត្តម​​ ហង់ ជួន​ណារ៉ុន មាន​ប្រសាសន៍ថា ក្រសួង​អប់រំ​ យុវជន និង កីឡា ទទួល​បាន​ប្រាក់​រង្វាន់​យ៉ាង​ឆាប់រហ័ស​បែប​នេះដោយសារ​តែ​មាន​អន្តរាគមន៍​ពី​សម្ដេច​តេជោ ហ៊ុន សែន ហើយ​ឯក​ឧត្តម​បាន​អំពាវ​នា​វ​ដល់​កីឡាករ​ កីឡាការនី​គ្រប់រូប​ប្រឹង​ប្រែង​​ហ្វឹកហាត់​បន្ថែម​ទៀត​។



ព្រឹត្តិការណ៍ Asian Beach Games ឆ្នាំ​២០១៦ ចូលរួម​ប្រកួត​ប្រជែង​ពី​៤១​ប្រទេស។ ក្នុងនោះ វៀតណាម​ដែល​ជា​ម្ចាស់​ផ្ទះទទួលបាន​មេដាយ​ច្រើន​ជាង​​គេ​ សរុប​១៣៩​គ្រឿង​៕

អត្ថបទ ៖ អភ័យវង្ស
ប្រភព ៖ អគ្គនាយកដ្ឋានកីឡា