KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាផ្សេងៗ

ជនជាតិ​អង់គ្លេស​ម្នាក់​ត្រៀម​បំបែក​ឯតទគ្គកម្ម​​ពិភពលោក​ហែល​​ទឹក​ឆ្លង​​មហាសមុទ្រ​

13-10-2016 07:22 PM | 2279

នៅ​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦ ជនជាតិ​អង់គ្លេស​មួយរូប​គឺ​លោក Ben Hooper ដែល​ជា​អតីត​ប៉ូលិស​​នៅក្រុង​ Cheltenham នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី​ក្លាយ​ជា​មនុស្ស​ទី​១​លើ​លោក​ដែល​ហែល​ផុត​មហា​សមុទ្រ​អាត្លង់​ទិច​ ដោយ​ចេញ​ពី​​​រដ្ឋ​ធានី Dakar របស់​សេណេហ្គាល់ ឆ្ពោះ​ទៅ​ទីក្រុង Natal របស់​ប្រេស៊ីល​ សរុប​ទៅ​មាន​ចម្ងាយ​៣,២០០​គីឡូម៉ែត្រ​។

កាល​ពី​​ជាង​៣​ឆ្នាំ​មុន លោក Hooper បាន​ទូរសព្ទ​ទៅ​សួរ​ក្រុម​ការងារ​កំណត់ត្រា​ពិភពលោក Guinness World Records ដើម្បី​ចង់​ដឹង​ថា​​ធ្លាប់​មាន​អ្នក​ណា​ហែល​​ឆ្លង​ផុត​មហាសមុទ្រ​ឬ​ទេ? ក្រោយ​ពី​ដឹង​ថា​ទេ លោក​ក៏​សម្រេច​ធ្វើ​រឿង​នេះ​តែ​ម្ដង​។

ជា​យុទ្ធសាស្ត្រ​ដើម្បី​ធ្វើ​រឿង​នេះ​បាន លោក Hooper គ្រោង​ហែល​សេរី​​រយៈ​​ពេល​ប្រហែល​១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដោយ​ចែក​ចេញ​ជា​២​ពេល ដើម្បី​បង្កា​​ក្រែង​មាន​របួស​។ មានន័យ​ថា​លោក​ត្រូវ​ចំណាយ​ពេល​នៅ​លើ​មហាសាគរ​ប្រហែល​១៤០​ថ្ងៃ​ ពោលគឺ​ចន្លោះ​ពី​៤​ទៅ​៥​ខែ មុន​ដល់​គោលដៅ​។ សម្រាប់​ពេល​យប់ លោក​នឹង​ចំណាយ​ពេល​សម្រាក​នៅ​លើ​ទូក​អម​ដំណើរ តែ​មិន​ឱ្យ​​ខុស​ពី​ខ្សែ​បន្ទាត់​​ទិស​ដៅ​​កំណត់​ឡើយ​។ អំឡុង​​ដំណើរ​ផ្សង​ព្រេង​នោះ លោក​នឹង​ត្រូវ​ឆ្លង​កាត់​តំបន់​មួយ​ចំនួន​ដែល​​សម្បូរ​ត្រី​ឆ្លាម​និង​​​សត្វ​ខ្ញែរ​​សមុទ្រ​ ជាមួយ​សីតុណ្ហភាព​ទឹក​ពី​២៦​​ទៅ​៣៤​អង្សា​ តែ​ក៏​អាច​ដុត​១២,០០០​កាឡូរី​ក្នុង​មួយ​​ថ្ងៃ​ដែរ​។ ក្រុម​ការងារ​​ថត​ឯកសារ​នឹង​តាម​លោក Hooper អំឡុង​ពេល​ចាប់​ផ្ដើម​និង​បញ្ចប់​ដំណើរ​របស់​លោក​។

បើ​ជោគជ័យ​មែន បុរស​រូប​នេះ​នឹង​​ត្រូវ​បាន​ចារ​ឈ្មោះ​ក្នុង​សៀវភៅ​កំណត់ត្រា​​ពិភពលោក Guinness ​ក្នុង​នាម​ជា​មនុស្ស​ដំបូង​គេ​បង្អស់ដែល​ហែល​កាត់​​មហាសមុទ្រ​ពេញ​ទី​តែ​ម្ដង​ ហើយ​លោក​នឹង​សរសេរ​សៀវភៅ​ផ្ទាល់​ខ្លួ​ន​មួយ​អំពី​ដំណើរ​ផ្សង​​ព្រេង​នេះ​។ តែ​បើ​បរាជ័យលើក​នេះ លោកនឹង​ព្យាយាម​នៅ​លើក​ក្រោយ​ទៀត​រហូត​ទាល់​តែ​​​បាន​សម្រេច​ មិន​ថា​សល់​ដៃ​តែ​ម្ខាង​ឬ​ជើង​តែ​ម្ខាង​នោះ​ទេ​។

អ្វី​ដែល​​សំខាន់​មួយ​ទៀត​ក្នុង​ការ​ធ្វើ​រឿង​នេះ គឺ​លោក​ Hooper សង្ឃឹម​ថា​សេចក្ដី​ព្យាយាម​របស់​លោក​​នឹង​ក្លាយ​ជា​​កម្លាំង​ចិត្ត​ដល់​អ្នក​ដទៃ ក៏​ដូច​ជា​រៃ​អង្គាស​ថវិកា​សម្រាប់​អង្គការ​មនុស្ស​ធម៌​ផ្សេង​ៗ​ដែល​ជួយ​ជន​គ្មាន​ផ្ទះ​សម្បែង ក្មេង​កំព្រា អ្នក​មាន​ជំងឺ​មហារីក ​ជំងឺ HUS និង E coli ជា​ដើម​។

សូម​រំឭក​ថា កាល​នៅ​វ័យ​៥​ឆ្នាំ លោក Hooper វិះ​តែ​លង់​ទឹក​ស្លាប់​នៅ​ក្នុង​អាង​ហែល​ទឹក​ទៅ​ហើយ ប៉ុន្តែ​ហេតុការណ៍​នោះ​មិន​បាន​បង្អាក់​​ក្ដី​ស្រលាញ់​របស់​លោក​​ចំពោះ​ទឹក​នោះ​ឡើយ​។

លោក Hooper ដំបូង​ឡើយ​ចាប់​ផ្ដើម​ជា​អ្នក​ហែល​ទឹក​ចម្ងាយ​ឆ្ងាយ​សម្រាប់​អង្គការ​មនុស្ស​ធម៌ និង​នៅ​ទី​បំផុត​ប្ដូរ​មក​ជា​​កីឡា​ទ្រីយ៉ាត្លុង​ស្ម័គ្រ​ចិត្ត​ និង​លេង​កីឡា​លោត​ទឹក​ផង​ដែរ ហើយ​លោក​អាច​ហែល​បាន​​ចម្ងាយ​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​៕

ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&​រូបថត​៖ Reuters