KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាផ្សេងៗ

​មនុស្ស​ជាង​៤​ពាន់​នាក់​នឹង​ចូល​រួម​ជិះ​កង់​នៅ​បន្ទាយមាន​ជ័យ​អប​អរ​​ថ្ងៃ​៩ ​វិច្ឆិកា​

27-10-2016 12:48 PM | 512

មនុស្ស​​ជាង​​៤០០​០​នាក់​​​​រួម​មាន​​សិស្សសាលា និង ប្រជា​ពលរដ្ឋ នៅ​ខេត្ត​បន្ទាយ​មានជ័យ​ ជាពិសេស​អ្នក​និយម​ជិះ​​កង់​ នឹង​ចូល​រួម​ព្រឹត្តិការណ៍​ជិះកង់​ដ៏​​ធំ​មួយ​​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ដើម្បី​អបអរ​សាទរ​ដល់​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៦ ត្រូវជា​​​លើក​ទី​៦៣​។

លោក សុះ រ៉ូហ្សាលី តំណាង​​គណៈ​កម្មការ​រៀប​ចំ​​ព្រឹត្តិការណ៍​​ប្រាប់ Keila Daily ថា ការ​ជិះ​កង់​ដ៏​ធំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នេះ​​ផ្ដួច​ផ្ដើម​ឡើង​​ផ្ទាល់​ដោយ​​ឯក​ឧត្តម សួន បវរ អភិបាល​​ខេត្ត​បន្ទាយមានជ័យ រួម​សហការ​​ពី​​​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​​បន្ទាយមានជ័យ  និង មន្ទីរ​ស្ថាប័ន​ខេត្ត រួមទាំង​សប្បុរស​ជន​ ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​ទៀត​។

ឯកឧត្តម សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ

លោក​តំណាង​គណៈ​កម្មការ​លម្អិត​បែប​នេះ ៖ "ព្រឹត្តិការណ៍​ជិះ​កង់​នេះ​ ឯក​ឧត្តម សួន បវរ ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ ជា​អ្នក​ផ្ដួ​ច​ផ្ដើម​ឡើង​ដោយ​ផ្ទាល់​តែ​ម្ដង ​ព្រោះ​ឯក​ឧត្ដម​ចង់​​​ឲ្យ​មាន​ការ​ចូលរួម​អបអរ​ថ្ងៃ​បុណ្យេឯករាជ្យ ០៩វិច្ឆិកា​ របស់​កម្ពុជា​យើង​។ ​ព្រឹត្តិការណ៍​នេះ​អាច​នឹង​ចាប់​ផ្ដើម​​នៅ​ល្ងាច​​ថ្ងៃ​ទី​០៩ វិច្ឆិកា ហើយ​ការ​ជិះ​​ហ្នឹង​ក៏​មិន​ប្រាកដ​ថា​ជាង​៤០០០​នាក់​ហ្នឹង​ដែរ ព្រោះ​អាច​លើស​ហ្នឹង ហើយ​​យើង​ក៏​បើក​​ឲ្យ​មាន​ការ​​ចូល​រួម​ពី​អ្នក​ជិះ​ម៉ូតូ​ដែរ​​។ យើង​មាន​​​គោល​ដៅ​ចេញ​ដំណើរ​ចំនួន​៣​ ដោយ​ទាំង​អស់​គ្នា​ត្រូវ​​ជិះ​​​ទៅជុំ​គ្នា​​នៅ​សាលា​ខេត្ត​ទាំង​អស់​គ្នា​​ ហើយ​យើង​ជួប​ជុំ​គ្នា​បន្តិច ទើប​ជិះ​មួយ​ជុំ​ក្រុង​សេរីសោភ័ណ្ឌ និង ចូល​ទៅវេទិកា​ខេត្ត ធ្វើ​កម្មវិធីបិទ​​ដែល​អាច​​មាន​កម្មវិធី​​តន្ត្រី​​ចូល​​រួម​​ពី​តារា​ចម្រៀង​​​ និង ល្បែង​កម្សាន្ដ​ផ្សេង​​ៗ​ទៀត​"។

សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រួម​ជិះ​កង់ និង ម៉ូតូ​ នេះ​កំណត់​ត្រឹម​ថ្ងៃទី០២ ខែវិច្ឆិកា ចំពោះ​អ្នក​ចូលរួម​ពីស្ថាប័ន​ និង ម្ចាស់​ឧបត្ថម្ភ​ដើម្បីងាយស្រួល​កំណត់​​​ចំនួន តែ​មិន​មាន​ការ​កំណត់​ចំពោះ​សាធារណៈ​ជន​ឡើយ ពោល​គឺ​អាច​ចូលរួម​ក្នុង​ថ្ងៃ​ដំណើរការ​តែម្ដង​។ ក្នុងការ​ព្រឹត្តិការណ៍​នេះ​ក៏​មាន​ដាក់​​លក់​ឯកសណ្ឋាន​​​មាន​អាវ​យឺត, មួយ​ស្លឹក​ត្នោត និង ក្រមា​ ដែល​មួយ​ឈុត​​​តម្លៃ​១៥០០០​រៀល។ ​​ប្រសិន​បើ​មាន​ការ​ចំណេញ​ពី​ការ​លក់​ឯកសណ្ឋាន​នេះ​ គេ​នឹង​ទុក​ថវិកា​​ជួយ​ការងារ​សង្គម​​ផ្សេង​ៗ​៕

លោក សុះ រ៉ូហ្សាលី សមាជិកគណៈ​កម្មការរៀប​ចំ​

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ ផ្ដល់​ឲ្យ​