KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាផ្សេងៗ

Murray ផ្ដួល Djokovic យក​ពាន ATP World Tour Finals ​និង​រក្សា​ចំណាត់​ថ្នាក់​លេខ​១​លើ​លោក​

21-11-2016 10:50 AM | 369

កីឡាករ​វាយ​កូន​បាល់​របស់​ចក្រភព​អង់គ្លេស Andy Murray ផ្ដួល​ជើងឯក​៥​សម័យ​កាល Novak Djokovic ដើម្បី​​គ្រង​ពាន ATP World Tour Finals ​ជា​លើក​ដំបូង និង​បញ្ចប់​រដូវ​កាល​២០១៦​ក្នុង​ចំណាត់​ថ្នាក់​ទី​១​ពិភពលោក​។

ការ​ប្រកួត​នៅ​ទីលាន O2 Arena នៅ​រាជ​ធានី​ឡុងដុង​នោះ Murray ឈ្នះ​ការ​ប្រកួត​ដែល​មាន​អ្នក​ទស្សនា​​ផ្ទាល់​១៧,០០០​នាក់​ ដោយ​ពិន្ទុ ៦-៣ និង ៦-៤​។ កីឡាករ​ជនជាតិ​ស្កុតឡែន​វ័យ​២៩​ឆ្នាំ​ បាន​បង្កើត​ស្ថិតិ​ល្អ​បំផុត​ក្នុង​អាជីព​របស់​គេ​ដោយ​មក​ទល់​ពេល​នេះ​ឈ្នះ​២៤​ប្រកួត​ជាប់​ៗ​គ្នា​។

Murray និយាយ​នៅ​ក្រោយ​ការ​ប្រកួត​ថា​៖ “ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ឈ្នះ​ហើយការ​ក្លាយ​ជាកីឡាករ​លេខ​១​លើ​លោក​ពិត​ជា​ពិសេស​ណាស់​។ វា​ជា​អ្វី​ដែល​ខ្ញុំ​មិន​ដែល​រំពឹង​​សោះ”។

រីឯ​ជើង​ខ្លាំង​ស៊ែប Djokovic ដែល​ខកខាន​ក្នុង​ការ​​តាម​ស្មើ​កំណត់ត្រា​របស់ Roger Federer ដែល​ឈ្នះ​ពាន ATP World Tour Finals ៦​​ដង​នោះ សរសើរ​ដៃ​គូ​ថា​៖ “Andy ពិត​ជា​កីឡាករ​លេខ​១​លើ​លោក​មែនៗ​។ គាត់​សម​នឹង​ឈ្នះ​។ គាត់​ជា​កីឡាករ​ឆ្នើម​ជាង​គេ​បំផុត”​។

បន្ថែម​ពី​លើ​ថ្ងៃ​​ដ៏​ពិសេស​ក្នុង​អាជីព​របស់ Andy Murray នោះ​គឺ​បង​ប្រុស​របស់​គេ Jamie Murray និង​ដៃ​គូ Bruno Soares គ្រង​ចំណាត់​ថ្នាក់​លេខ​១​ពិភពលោក​ដែរ​ក្នុង​វិញ្ញាសា​វាយ​គូ​បុរស​៕

ប្រែ​សម្រួល​៖ សិរីមង្គល​
ប្រភព​&​រូបថត​៖ BBC