KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាផ្សេងៗ

កំពូល​អ្ន​ក​កីឡាកាស​និង​MMA​អាមេរិក Brock Lesnar រង​ពិន័យ​ធ្ងន់​ក​ដោយសារ​ដូពីង​

16-12-2016 10:24 AM | 2412

អតីត​ជើងឯក​​​ទម្ងន់​ធ្ងន់​ពិភពលោក​ Brock Lesnar នៅ​ទី​បំផុត​ត្រូវ​ប្រឈម​នឹង​​ទណ្ឌកម្ម​កម្រិត​ធ្ងន់ រួម​មាន​បម្រាម​រយៈ​ពេល​១​ឆ្នាំ, បង់​ប្រាក់​ពិន័យ​២៥០,០០០​ដុល្លារ និង​លុប​ចោល​ជ័យជម្នះ​នៅ UFC 200​ បន្ទាប់​ពី​ធ្វើតេស្ត​ដូពីង​(រក​សារធាតុ​ប៉ូវ​កម្លាំង​ខុស​ច្បាប់)​បរាជ័យ​២​ដង​ជុំ​វិញ​ការ​វិល​ត្រលប់​មក​ប្រកួត​​វាយ​ដាក់​ទ្រុង​​​ជា​ថ្មី​របស់​គេ​​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០១៦​​។

អ្នក​កីឡាកាស​ WWE ​និង​ជា​អ្នក​លេងគុន​ចម្រុះ MMA ជនជា​តិ​អាមេរិក​វ័យ​៣៩​ឆ្នាំ​រូបនេះ​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ចំពោះ​សារធាតុ​ប្រឆាំង​នឹង​អ៊ីដ្រូហ្ស៊ែន ​ឈ្មោះ​​ clomiphene និង hydroxy-clomiphene ​​ទាំង​​នៅ​ក្នុង​សំណាក​​​សារធាតុ​ប៉ូវ​ក្រៅ​ការ​ប្រកួត​ដែល​ប្រមូល​នៅ​ថ្ងៃ​ទី​២៨​មិថុនា ព្រម​ទាំង​សំណាក​ទី​២​ដែល​​ត្រូវ​បាន​យក​នៅ​យប់​នៃ​ការ​ប្រកួត​របស់​គេទល់​នឹង Mark Hunt នៅ​ថ្ងៃ​ទី​៩​កក្កដា​កន្លង​ទៅ​។ កាល​ប្រកួត​ឈ្នះ Hunt ​នៅ​ក្នុង​ព្រឹត្តិការណ៍ UFC 200 ​៥​ខែ​មុន​នោះ Lesnar ​ទទួល​បាន​ប្រាក់​រង្វាន់​២.៥​លាន​ដុល្លារ​អាមេរិក​។

សូម​បញ្ជាក់​ថា តារា​កីឡាកាស​ Lesnar ខាន​​ប្រកួត​វាយ​ដាក់​ទ្រុង​ជិត​៥​ឆ្នាំ​មក​ហើយ ពោល​គឺ​ការ​ប្រកួត​ថ្ងៃ​ទី​៩​កក្កដា​កន្លង​ទៅ​នោះ​ជា​ការ​វិល​មក​សង្វៀន UFC ជា​លើកទី​១​របស់​គេ​​​ចាប់​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​២០១១​មក​។ ដោយ​ជាប់​បម្រាម​១​ឆ្នាំ​បែប​នេះ គេ​មិន​ប្រាកដ​ថា Lesnar នឹង​មក​ប្រកួត UFC ទៀត​ឬ​អត់​នោះ​ទេ ប៉ុន្តែ​តាម​ច្បាប់ រូប​គេ​មាន​សិទ្ធិ​ចូល​ប្រកួត​បាន​វិញ​​ចាប់​ពី​ថ្ងៃ​ទី​៩​ខែ​កក្កដា​ឆ្នាំ​២០១៧​​តទៅ​។ ប៉ុន្តែ​មុន​ចូល​ប្រកួត កីឡាករ​កម្ពស់​១.៩១​ម៉ែត្រ​និង​ទម្ងន់​១៣០​គីឡូក្រាម​រូប​នេះ​​ត្រូវ​ផ្ញើ​​សំណាក​សម្រាប់​ធ្វើតេស្ត​រក​សារធាតុ​ប៉ូវ​​ក្នុង​រយៈ​ពេល​៣០​ថ្ងៃ, ១៥​ថ្ងៃ និង​៣​ថ្ងៃ​មុន​ការ​ប្រកួត​ណា​មួយ​​មក​ដល់​៕

ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&​រូបថត​៖ Foxsport