KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាផ្សេងៗ

អតីត​​កីឡាការិនី​​វាយ​កូន​​បាល់​​លេខ​​១​​លើលោ​ក ​Ana Ivanovic ​​ចូល​​និវត្តន៍​​

29-12-2016 07:29 PM | 893

​អតីត​​​​អ្នក​​ខ្លាំង​​​ខាង​​កីឡា​​វាយ​​កូន​​បាល់​​លំដាប់​​ទី​​១​​ពិភព​លោក​​ផ្នែក​​នារី​​សញ្ជាតិ​​ស៊ែប​​​​ ​​Ana Ivanovic​ ​បាន​​សម្រេច​​ប្រកាស​​ចូល​​និវត្តន៍​​ពី​អាជីព​​នៅ​​ថ្ងៃ​​ពុធ​​ទី​​២៨​​ធ្នូ ក្នុង​​វ័យ​​២៩​​ឆ្នាំ ដោ​យ​សារ​តែ​​ដឹង​​ខ្លួន​​ឯង​​ថា​​​​លែង​​មាន​​សមត្ថភាព​​ល្អ​​គ្រប់គ្រាន់​​ដើម្បី​​ប្រកួត​​ប្រជែង​​នៅ​​កម្រិត​​ខ្ពស់​​បំផុត​​បាន​​​ដូច​​មុន​​ត​ទៅ​​ទៀត​​។​

​ភរិយា​​របស់​​ខ្សែ​​​បម្រើ​​សញ្ជាតិ​​អាល្លឺម៉ង់ ​Bastian Schweinsteiger​ ​នៃ​​ក្លិប ​Manchester United​ រូ​ប​​នេះ​ ​​​គឺ​​ជា​​​នារី​​ជន​ជាតិ​​ស៊ែប​​ដំបូង​​គេ​​ដែល​​​ឈ្នះ​​ជើង​ឯក ​Grand Slam ​នៅ​​ពេល​​ផ្ដួល​​កីឡាការិនី​​រុស្ស៊ី ​Dinara Safina​ ក្នុង​​វ​គ្គ​ផ្ដាច់ព្រ័ត្រ ​French Open ​ឆ្នាំ​​២០០៨ ​ដែល​ជា​​ជើងឯ​ក​​ Grand Slam ​តែ​​មួយ​​គត់​​ក្នុង​​អាជីព ប​ន្ទាប់​​ពី​​រង​​ជើងឯក​​ក្នុង​​ព្រឹត្តិការណ៍​មួយ​​នេះ​​ក្នុង​​ឆ្នាំ​​២០០៧​​​​។

​នៅ​​ឆ្នាំ​​២០០៨​​ដែល​​នាង​​ឡើង​​កាន់​​កាប់​ចំណាត់​​ថ្នាក់​​ទី​​១​​ពិភព​លោក​​នោះ I​vanovic​ ​ក៏​​បាន​​ឈាន​​ដល់វគ្គ​ផ្ដាច់​ព្រ័ត្រ ​Australian Ope​n ​ដែរ​​តែ​​បាន​​ត្រឹម​​រង​​​ជើងឯ​ក​​។ ​នៅ ​Wimbledon ​វិញ Ivanovic ​ធ្លាប់​​ឡើង​​ដល់​​វគ្គ​​ពាក់​​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ឆ្នាំ​​២០០៧ ​ឯ​​​ស្ថិតិ​ល្អ​​បំផុត​​នៅ ​US Open ​គឺ​​ឡើង​​ដល់​​វគ្គ​​​៨​​នាក់​​ចុង​​ក្រោយ​​ឆ្នាំ​​២០១២​​៕​

ប្រែសម្រួល ៖​​ សិរីមង្គល
ប្រភព ៖ Reuters