KD Logo
+855 16 757 168     samnob@keiladaily.com

ជីវិតពិត

ពេល​ខ្លះ​រត់​ម៉ូតូ​មិន​​បាន ឪពុក​ ​អ៊ន ចាន់ប៉ូលីន មិន​ត្អូញ​​ទេ ព្រោះ​​​ខ្លាច​កូន​បាក់​ទឹកចិត្ត

13-09-2016 01:28 PM | 2462

ឪពុក​បង្កើត​របស់​កីឡាករ​បាល់​ទាត់​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ អ៊ន ចាន់ប៉ូលីន គឺ​ លោក ផន សំអ៊ន បាន​សម្ដែង​ភាព​រីករាយ​យ៉ាង​ខ្លាំង​ពេល​បាន​កូន​ប្រុស​ម្នាក់​​នេះ​ជាប់​​ ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​។ 

មាន​​មុខ​របរ​ជា​​អ្នក​រត់​ម៉ូតូឌុប និង ភរិយា​ ជា​អ្នក​ធ្វើការ​រោង​ចក្រ​ ​ឪពុ​ក​របស់​កូន​ប្រុស​៣​នាក់​រូប​នេះ​បង្ហើប​ថា ថ្ងៃ​ខ្លះ​​លោក​ក៏​ជួប​បញ្ហា​ជីវភាព​ក្នុងគ្រួសារ​ដែរ តែ​មិន​ដែល​ត្អូញ​ត្អែ​ឡើយ​ដោយសារ​តែ​ខ្លាច​កូន​បាក់​ទឹក​ចិត្ត​​ និង មិន​អារម្មណ៍ក្រាញ​ននៀល​ជាមួយ​អាជីព​បាល់​ទាត់​ទៀត​។

លោក ផន សំអ៊ន ប្រាប់​ Keila Daily បែប​នេះ ៖ "រំភើប​ចិត្ត​ណាស់​ពេល​កូន​បាន​ជាប់​ជម្រើស​ជាតិ​អ៊ីចឹង ព្រោះ​តាំង​ពី​​ទើប​ចូល​ហាត់​ដំបូងៗ តែងតែ​លើក​​ទឹក​ចិត្ត​កូន ឲ្យកូនប្រឹងតស៊ូទៅ កុំ​បោះ​បង់​នឹង​អាជីព​ហ្នឹង ខ្ញុំ​ប្រាប់​គេ​ហើយ​ថា ​ប៉ា​អត់​មាន​អី​ឲ្យ​ទេ មាន​តែ​ពាក្យ​លើក​ទឹក​ចិត្ត​ប៉ុណ្ណឹង​ ព្រោះ​ខ្ញុំ​ក៏​ចូល​ចិត្តកីឡា​ដូចគ្នា ហើយ​ពេល​ខ្លះ​លំបាក​ម៉េច​ក៏​មិន​ឲ្យកូនដឹងដែរ ថ្ងៃខ្លះរត់​ម៉ូតូមិនសូវបានអ៊ីចឹង​ អត់​ដែល​ត្អូញត្អែ​ឲ្យកូនឮ​ទេ ព្រោះ​ខ្លាចកូនបាក់​ទឹក​ចិត្ត​ ចង់​ឲ្យ​កូន​ប្រឹង​​ប្រែង​លេង​"។

មេគ្រួសារ ​រូប​នេះបន្ថែម​ថា ទោះបីជា​ជីវភាព​លំបាក​យ៉ាង​ណា ក៏​លោក​​​មិន​ដែល​ឲ្យ​កូន​បោះ​បង់​អាជីព​​​ឡើយ ផ្ទុយទៅ​វិញ​ មាន​តែ​ជំរុញ​ទឹក​ចិត្ត​​​ទៅ​មុខ​ទៀត។ លោក​​ថា ពេល​ខ្លះ​ កូន​ប្រុស​ទី​២​រូប​នេះ​ក៏​បាន​ជួយ​ថវិកា​ផ្គត់​ផ្គង់​គ្រួសារ​ផងដែរ​​។

អ៊ន ចាន់ប៉ូលីន ចូល​ហ្វឹក​ហាត់​នៅ​ឈុត​យុវជន​​ក្លិប​ភ្នំពេញ​ក្រោន​នៅ​ឆ្នាំ​២០១១ ហើយ​ធ្លាប់​ជាប់​ជម្រើស​ជាតិ​អាយុ​ក្រោម​១៤​ឆ្នាំ និង ១៦​ឆ្នាំ​។ យុវសិស្ស​ទើប​ប្រឡង​​ជាប់​បាក់​ឌុបរូប​នេះ​ត្រូវភ្នំពេញ​ក្រោន​តំឡើង​ចូល​ឈុត ​ធំ​ កាល​ពី​ឆ្នាំ​២០១៥​៕

អ៊ន ចាន់ប៉ូលីន ពេល​ចូល​ហាត់​នៅភ្នំពេញ​ក្រោន​ដំបូង (រូបថត ៖ Andy Brouwer)

អត្ថបទ ៖ អភ័យវង្ស