KD Logo
+855 16 757 168     samnob@keiladaily.com

ជីវិតពិត

ពេជ្រ ប៊ុនឆេន ឡើង​​ប្រដាល់​​សព្វ​​​ថ្ងៃ​​ដើម្បី​​តែ​​ដោះ​​បំណុល​​គេ​

04-10-2016 04:49 PM | 2269

​ពេជ្រ ប៊ុនឆេន​ ​ជា​​​ពន្លក​​អ្នក​​ប្រដាល់​​មួយ​​រូប​​កំពុង​​ឆក់​​​យក​​ប្រជា​ប្រិយភាព​​ពី​​អ្នក​​ទស្សនា​​បណ្ដើរៗ​នា​​ពេល​​បច្ចុប្បន្ន​ ​ជា​ពិ​សេស​​តាម​​រយៈ​​ស្នៀត​​ជង្គង់​​ដ៏​​មុត​​ស្រួច​​​របស់​​​ខ្លួ​ន​​។ ​​រាល់​ជំនួប​​ត​​ទល់​​នឹង​​មិត្ត​​រួម​​អាជីព​​ក្នុង​​ស្រុក​​ដែល​​មាន​​វ័យ​​ស្របាក់​​ស្របាល​​គ្នា ​យុវជន​​វ័​​យ​២២​​ឆ្នាំ​​រូប​​នេះ​​មិ​ន​​សូវ​​បណ្ដោយ​​ឲ្យ​​ជ័យជម្នះ​​រំលង​​ផុត​​​​ពី​​ដៃ​​របស់​​គេ​​​ឡើយ។​​

​ដោយសារ​​តែ​​សមត្ថភាព​​កាន់​តែ​​ល្អ​​ឡើងៗ​ ​កីឡាករ​​មាន​​កំណើត​​នៅ​​ខេត្ត​​កំពង់​ចាម​​​បាន​​ច្បាម​​យក​​ឱកាស​​​ប្រកួត​​អន្តរជាតិ​​​​ទ​ល់​​នឹង​​គូ​ប្រជែង​​ជន​​ជាតិ​​ថៃ​​កាល​​ពី​​ពេល​​​ថ្មី​ៗ​​លើ​​​​សង្វៀន​​ទូរទស្សន៍ ​PNN ​និង​ ​ទទួល​​បាន​​ជ័យជម្នះ​​ក្នុង​​ការ​បង្ហាញ​​ខ្លួន​​លើក​​ដំបូង​​នេះ​​។

ខណៈ​​​អាជីព​​ឈឺ​​សាច់​​កំពុង​​ឈាន​​ទៅ​​រក​​ភាព​ជោគជ័យ​​ម្ដង​​បន្តិ​ច​​ៗ ​អ្នក​​និយម​​ទស្សនា​​ប្រដាល់​​​ប្រហែល​​គិត​​ថា​ ​ពេជ្រ ប៊ុន​ឆេន អាច​​ទទួល​​បាន​​លាភ​​សក្ការៈ​​យ៉ាង​​​ច្រើន​​អនេក​​ ​តែ​ផ្ទុយ​​ទៅ​​វិញ​ ​​​ចំណូល​​​​បាន​​​មក​​ពី​​ការ​​យក​​សាច់​ស្រស់​​ ឈាម​​ស្រស់​​ទៅ​​ប្ដូរ​​​នេះ ​បាន​​ត្រឹម​​តែ​សម្រាប់​​​ដោះ​​​បំណុល​​គេ​​​ប៉ុណ្ណោះ​​នា​​ពេល​​បច្ចុប្បន្ន​។

​កីឡាករ​​រៀន​​​បាន​​ត្រឹម​​ថ្នាក់​​ទី​​៦​​​ខា​ង​លើ​​ប្រាប់ K​eila Daily ​ថា ​កម្រៃ​​បាន​​​​ពី​ប្រដាល់​​រាល់​​ថ្ងៃ​​​មិន​​សេស​​សល់​​អ្វី​​ជា​​ដុំ​​កំភួន​​ឡើយ ព្រោះ​​គេ​​ត្រូវ​​ដោះ​​បំណុល​​រដ្ឋ​​​ផង ​និ​ង​ ​​សង​មិត្ត​ភក្ដិ​​ដែល​​គេ​​ខ្ចី​​ចាយ​​​មុន​​ថ្ងៃ​​​ឡើង​​ប្រកួត​ម្ដងៗ​​។

​ពេជ្រ ប៊ុនឆេន​​​ លម្អិ​ត​​បែប​​នេះ ៖​ ​“​​​វ៉ៃ​​គូ​ខ្មែរ​​គ្នា​​ឯង​​​បាន​​​៣៥​​ម៉ឺន បា​ន​​មក​​ឲ្យ​​ថ្លៃ​​ម្ហូប​​នៅ​​ក្លិប​​ផង ​សង​​គេ​​ផង​​ ​សល់​​២០​ម៉ឺន​ ​​ទុក​​ឲ្យ​ប្រពន្ធ​​សង​​រដ្ឋ ​ខ្ចី​​លុយ​​ការ​ ​ហើយ​​ត្រូវ​​​​បង់​​រំលស់​ម៉ូតូ​​គេ​​ទៀត​​។ ​​កាល​​វ៉ៃ​​​អន្តរជាតិ​​ថ្ងៃ​​មុន បា​ន​​៣០០​​ដុល្លារ ​តែ​​សង​​​គេ​​អស់​​នៅ​​សល់​​តែ​​១០​​ម៉ឺន ​ទុក​​ភ្ជុំ​​។ ​ឪពុក​​ម្ដាយ​​ខ្ញុំ​​​នៅ​​ស្រុក​​​ក្រ​ដែរ ​​អ៊ីចឹង​​ពឹង​​អី​​គាត់​​អត់​បាន​​ទេ រា​ល់​ថ្ងៃ​​​ប្រឹង​​​តែ​​ខ្លួន​​ទាំង​​លុយកា​រ ​ទាំង​​លុយទិ​ញ​​ម៉ូតូ អ៊ី​ចឹង​​រាល់​​ថ្ងៃ​​ខំ​ប្រឹង​​រក​​លុយ​​មក​​ ដើម្បី​​តែ​​ដោះ​បំ​ណុល​​គេ​​ឲ្យ​​ឆាប់​​អស់​​។ ខំរិះ ខំថាំ អត់​ហ៊ាន​ចាយ​អីច្រើន​ទេ រាល់​ថ្ងៃ​ហាត់​ខ្លាំង តែ​ហូប​តិច ព្រោះ​អត់​មាន​លុយ​ហូប​គ្រប់គ្រាន់ រហូត​ទាល់តែមុខ​ឡើង​បាក់​ ដល់​ថ្នាក់​អ្នកខ្លះ​ថា ខ្ញុំ​លេង​ថ្នាំ​ទៀត​ផង​ បើ​មិន​ឲ្យ​មុខ​បាក់​ម៉េច បើ​ហូប​អត់​គ្រប់​គ្រាន់អ៊ីចឹង​”។​​​

អ្នក​ស្នង​គុន​ខ្មែរ​ឈ្មោះ​ពិត​ថា ពុយ លាង​ថេង រូប​នេះ​ ផ្ដើម​​អាជីព​​ប្រដាល់​​ដំបូង​​នៅ​​ចុង​​ឆ្នាំ​២០១៥​ ​ដោយ​​ចូល​​ហាត់​​ក្នុង​​ក្លិប​​ក្រសួង​​ការពារ​​ជាតិ​​ ​ហើយ​​គិត​​មក​​ទល់​​​ពេល​​នេះ ​គេ​​ប្រកួត​​ឈ្នះ​៣​៦ដ​ង ​ចាញ់​​០៣​ដង ​និង​ ផ្ដួល​​​​ដៃគូ​ឲ្យ​​សន្ល​ប់​​២១​ដង​៕

អត្ថបទ ៖ អភ័យវង្ស