KD Logo
+855 16 757 168     samnob@keiladaily.com

ជីវិតពិត

អ្នកប្រដាល់ ផាត សុដា ដើរលក់ទឹកអំពៅបន្ថែមចំណូលឡើងរេញ

13-10-2016 12:15 PM | 2393

ជាក្មេង​កំព្រាគ្មានឪពុក​ម្ដាយ​ទីពឹង ផាត សូដា បាន​ជ្រើសរើស​​ប្រដាល់ ​ដើម្បីចិញ្ចឹមជីវិត​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ។ ប៉ុន្តែ​តម្លៃឡើង​រេញ​ថោក​ មិន​អាច​ចាយ​វាយ​គ្រប់ បាន​​ធ្វើ​ឲ្យអ្នក​ប្រដាល់​មក​ពី​ស្វាយរៀងរូប​នេះ​ បង្កើត​មុខ​របរ​ដោយ​ខ្លួន​ឯង គឺលក់​ភេសជ្ជៈ​​ ដែល​អាច​​រក​ចំណូល​បន្ថែម មិន​ចាំ​បាច់​ពឹង​តែ​ការ​ឡើង​ប្រដាល់។

«បាទពេលព្រឹកដែលខ្ញុំហាត់ចប់ ក៏ទិញអំពៅយកមកសក។ ប្រហែលជាម៉ោងដប់អី ទើបទៅលក់ កាលនោះលក់តាមផ្លូវតាមអីលក់តាមផ្លូវអត់សូវដាច់ទេ ដល់ពេលឥឡូវទៅលក់មុខរោងចក្រ គេចូលចិត្តទៅលក់ទៅគេជួយទិញ លក់មុខរោងចក្រហ្នឹងគឺគេជួយទិញច្រើន ហើយលក់ឆាប់អស់ ឆាប់បានមកហាត់វិញ»។

បើទោះ​បី​ជា​របរ​លក់​ទឹកអំពៅ និង ភេសជ្ជៈ ចល័ត​ អាច​ស្រូប​ទាញ​ចំណូល​​ល្ម​ម​សមរម្យ ប៉ុន្តែ ផាត សុដា អះអាងថា​នឹង​មិនបោះ​បង់ ប្រដាល់ ដែល​ធ្លាប់​ទំនុក​បម្រុង​ខ្លួន​ឡើយ។ ផាត សុដា នៅ​តែ​ចិញ្ចឹម​ចិត្ត​រួម​ចំណែក​អភិរក្ស​ប្រដាល់​ខ្មែរ ទោះ​ជា​របរ​ដ៏​ឈឺ​ខ្លួន​ ប្ដូរ​វិញ​នូវ​តម្លៃខ្លួន​​ទាប​ក្ដី។

«សំរាប់ខ្ញុំអត់មានអ្នកផ្គត់ផ្គង់ អត់មានម៉ែឪចឹង ខ្ញុំគិតរកលុយដើម្បីខ្លួនឯង ទីមួយខ្ញុំស្រលាញ់ខាងកីឡាប្រដាល់មែន។ ប៉ុន្តែវិស័យប្រដាល់នេះវាមិនអាចជួយអោយជីវភាពខ្ញុំធូធារបានទេ ព្រោះមួយខែវ៉ៃបានម្ដង ឬ២ដងទេ។ លំដាប់ខ្ញុំវ៉ៃ២០ម៉ឺន ៣០ម៉ឺនវ៉ៃមកបានតិច។ ណាមួយ​យើង​មាន​ស្នាមរបួស ចឹងទៅទិញថ្នាំ ទិញអីចឹងទៅ មិន​សល់​ប៉ុន្មានទេ។ តែទោះបីជាយ៉ាងណាអត់បង់អាជីពប្រដាល់ទេ នៅតែបន្តទៀតរហូតទាល់តែខ្ញុំវ៉ៃលែងកើត»។

ផាត សូដា បន្ថែម​ថាទោះ​ជា​ខ្លួន​ចេះ បង្កើត​របរ​តូច​តាច​ខ្លួន​ឯងសម្រាល​ជីវភាព ប៉ុន្តែ​មាន​អ្នក​ប្រដាល់​ថ្មី​ៗ និង​មិន​ល្បី​ជា​ច្រើនផ្សេងទៀ​ត ពឹង​តែ​លើ​​ការ​ឡើង​រេញ​ប៉ុណ្ណោះ និង​ជួប​ការ​ខ្វះ​ខាត​ក្នុង​ការ​រស់​នៅ។ សុដា បាន​ចែក​រំលែកគំនិតថា​អ្នក​រួម​អាជីព​ដូច​គ្នាគួរ ចេះ​ច្នៃ​បង្កើត​ការ​រក​ស៊ី​តូច​តាច​ទៅ​តាម​លទ្ធភាព ដើម្បី​កែ​​ប្រែ​ជីវភាព កុំ​ពឹង​តែ​ការ​ផ្ដេក​ផ្ដួល​លើ​ការ​ឡើង​រេញ។  កូន​សិស្ស​លោក អេ ភូថង ក៏​អំពាវដល់​សប្បុរសជន ដែល​មាន​លទ្ធភាព ជួយបរិច្ចាគថវិការតិចតួច ឬជាស្បៀងអាហារខ្លះៗ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ តាម​ក្លិប​ប្រដាល់​ក្រីក្រ​មួយ​ចំនួន​ ត្បិត​អ្នក​ប្រដាល់​ថ្មីៗ​ជា​ច្រើន តែងជួបការ​ខ្វះខាត៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN
អត្ថបទ ៖ ទិត្យ គង់នៅ
រូបភាព ៖ ខ្ទឹម