KD Logo
+855 16 757 168     samnob@keiladaily.com

លោក ប្រាក់ សុវណ្ណារ៉ា ថា រើស​កីឡាករ​ផ្ដោត​លើ​២ជម្រើស​

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បង្ហើបថា ការ​ជ្រើសរើសកីឡាករដូចផ្សព្វផ្សាយនៅល្ងាចថ្ងៃចន្ទ ទី១២ មីនា កន្លង​ទៅ បាន​ផ្ដោត​លើជម្រើស២យ៉ាង គឺ​ទីមួយពឹងផ្អែកលើ​ស្ថានភាព​មុនចាប់ផ្ដើមលីគ​ និង ទីពីរស្ថិតលើស្ថានភាពជាក់ស្ដែង។


គ្រូ​បង្គោល​កម្រិត Pro-License រៀបរាប់់បែបនេះ ៖ "ជម្រើសទីមួយគឺការជ្រើសរើស​កីឡាករ​ពឹងផ្អែកលើស្ថានភាពកីឡាករមុនចាប់ផ្ដើមលីគ ព្រោះយើងត្រូវផ្ញើបញ្ជីឈ្មោះទៅគេជាបន្ទាន់សម្រាប់​ការប្រកួត ហើយជម្រើស​មួយទៀតស្ថិតលើស្ថានភាពជាក់ស្ដែង"។

អតីត​គ្រូ​បង្វឹក​ក្លិប​បឹងកេត​ បន្ថែមថា ការ​ជ្រើសរើស​កីឡាករ​ពី​គ្រូ​បង្វឹក​មួយ​ទៅគ្រូមួយទៀតក៏មាន​ភាព​ខុសប្លែកគ្នាដែរ ដោយសារមាន​គោលការណ៍​ផ្សេងៗគ្នា។

គួរដឹងដែរថា កាលល្ងាច​ថ្ងៃចន្ទ សហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករ២៣រូបត្រៀមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិឡាវ នៅថ្ងៃទី២១ មីនា នាក្រុងវៀងចន្ទន៍ និង ថ្ងៃទី២៧ ប៉ះអាហ្វហ្គានីស្ថាន ជម្រុះ AFC Asian Cup 2019។


លោក ប្រាក់ សុវណ្ណារ៉ា ក៏ធ្លាប់បង្ហើបដែរថា ការ​ជ្រើសរើស​កីឡាករ​លើកនេះគឺផ្ដោតខ្លាំងលើសមាសភាព​យុវជន​អាយុក្រោម២១ឆ្នាំដើម្បី​ត្រៀមប្រកួតពាន​រង្វាន់​ព្រះមហាក្សត្រប្រទេសប្រ៊ុយណេ នៅចុងខែ មេសា ខាងមុខ៕

អត្ថបទ ៖ អភ័យវង្ស