KD Logo
+855 16 757 168     samnob@keiladaily.com

Mourinho ថាការធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ UCL មិនមែនរឿងថ្មីទេសម្រាប់ Man Utd

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

ក្រោយត្រូវ Sevilla ផ្ដួល២-១នៅ Old Trafford ក្នុងជើងទី២វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League យប់ថ្ងៃអង្គារទី១៣ខែមីនាឆ្នាំ២០១៨ លោក Jose Mourinho និយាយថាការធ្លាក់ក្នុងវគ្គនេះក្នុងផ្ទះខ្លួនឯងមិនមែនជារឿងថ្មីទេសម្រាប់ Manchester United។

កីឡាករបម្រុង Wissam Ben Yedder រកបាន២គ្រាប់ម្នាក់ឯងក្រោយប្ដូរចូលក្នុងនាទី៧១ ជួយក្រុមមកពីអេស្ប៉ាញឈ្នះ២-១នៅផ្ទះ Man Utd ខណៈជើងទី១ស្មើគ្នា០-០។ Romelu Lukaku ជាអ្នករកបានគ្រាប់បាល់តែ១គត់សម្រាប់ម្ចាស់ផ្ទះ៦នាទីមុនចប់ម៉ោងធម្មតា។

នៅក្រោយការប្រកួត លោក Mourinho និយាយថា៖ “ខ្ញុំមិនគិតថាទម្រង់លេងរបស់យើងអន់ទេ។ ខ្ញុំគ្មានភាពស្ដាយក្រោយឡើយ។ ខ្ញុំបានប្រឹងអស់ពីសមត្ថភាព, កីឡាករប្រឹងអស់ពីសមត្ថភាព។ យើងបានព្យាយាម ហើយយើងចាញ់ នេះជាបាល់ទាត់”។

អ្នកចាត់ការជនជាតិព័រទុយហ្គាល់បន្ថែមថា៖ “ខ្ញុំបានអង្គុយនៅកៅអីនេះ២ដងក្នុងពាន Champions League នៅ Old Trafford។ ក្នុងកៅអីនេះជាមួយ Porto (ក្នុងឆ្នាំ២០០៤) Man Utd ធ្លាក់ និងជាមួយ Real Madrid (ក្នុងឆ្នាំ២០១៣) Man Utd ធ្លាក់។ វាមិនមែនជារឿងថ្មីទេសម្រាប់ Man Utd”។

សូមបញ្ជាក់ថា ក្រោយពេលលោក Sir Alex Ferguson ចូលនិវត្តន៍ មានតែលោក David Moyes ប៉ុណ្ណោះដែលធ្វើបានល្អជាងគេនៅ Champions League ក្នុងចំណោមអ្នកចាត់ការបន្ទាប់ ដោយនាំក្រុមបិសាចក្រហមឡើងដល់វគ្គ៨ក្រុមចុងក្រោយក្នុងឆ្នាំ២០១៤ មុនធ្លាក់ក្រោមថ្វីជើង Bayern Munich។ លោក Louis van Gaal ដឹកនាំ Man Utd ឆ្លងមិនផុតពូលឡើយ ខណៈលោក Mourinho ឡើងត្រឹមវគ្គ១៦ក្រុមចុងក្រោយ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

ពាក្យទាក់ទង៖