KD Logo
+855 16 757 168     samnob@keiladaily.com

ទោះឈ្នះពានហើយក្ដី តែ Bayern នៅតែលត់ M’Gladbach គ្មានត្រាប្រណី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

Bayern Munich បានតាមពីក្រោយ១គ្រាប់ហើយលត់ Borussia Monchengladbach ៥-១ យប់ថ្ងៃសៅរ៍ទី១៤ខែមេសាឆ្នាំ២០១៨ ក្នុងការប្រកួត Bundesliga ទី១របស់ពួកគេតាំងពីធានាបានជើងឯកលីគកំពូលអាល្លឺម៉ង់លើកទី៦ជាប់ៗគ្នា។

លោក Jupp Heynckes ដែលនឹងត្រូវបានជំនួសដោយលោក Niko Kovac នៅដំណាច់រដូវកាល២០១៧-១៨ បានទុកជើងកីឡាករសំខាន់ៗជាច្រើនរូប ហើយត្រូវ Gladbach នាំមុខមុនក្នុងនាទីទី៩ដោយកីឡាករ Josip Drmic។

ប៉ុន្តែ Sandro Wagner ស៊ុតចូល២គ្រាប់ផ្ទួនគ្នាក្នុងនាទី៣៧និង៤១ ពីការបញ្ជូនបាល់ដោយ Thomas Muller ដើម្បីឱ្យ Bayern នាំមុខវិញ។

Thiago Alcántara ស៊ុតគ្រាប់ទី៣ក្នុងនាទី៥១ រួច David Alaba ស៊ុតពីចម្ងាយ១៨ម៉ែត្រក្នុងនាទី៦៧ មុន Robert Lewandowski ស៊ុតគ្រាប់ចុងក្រោយក្នុងនាទី៨២។

Bayern ដែលកំពុងសម្លឹងទៅរកការឈ្នះពាន៣ក្នុងមួយរដូវកាល នឹងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ German Cup ទល់នឹង Bayer Leverkusen នៅថ្ងៃអង្គារ ទី១៧ខែមេសា រួចជួប Real Madrid ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League នៅសប្ដាហ៍បន្ទាប់។

ដោយឡែក Eintracht Frankfurt ដែលគ្រូរបស់ពួកគេ Kovac នឹងចូលដឹកនាំ Bayern នៅថ្ងៃទី១ខែកក្កដានោះ បានបរាជ័យក្រោមថ្វីជើងគូប្រជែងកៅអី Champions League គឺ Leverkusen ១-៤ ខណៈកីឡាករ Kevin Volland រកបានហ៊ែតទ្រីកលើកទី១នៅ Bundesliga។

Hamburg ដែលជាក្រុមតែ១គត់ដែលលេងគ្រប់រដូវកាលនៅ Bundesliga តាំងពីក្របខ័ណ្ឌនេះចាប់កំណើតក្នុងឆ្នាំ១៩៦៣មកនោះ ឥឡូវកាន់តែកៀកនឹងធ្លាក់ពីលីគកំពូលជាលើកដំបូងហើយ ក្រោយចាញ់ Hoffenheim ០-២។

ក្រុមបាតតារាង Cologne ក៏ជិតធ្លាក់ទៅលីគទី២ជាផ្លូវការដែរ បន្ទាប់ពីចាញ់ Hertha Berlin ១-២៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

ពាក្យទាក់ទង៖