KD Logo
+855 16 757 168     samnob@keiladaily.com

នៅ ស្រីពៅ ថាខ្លួនដាក់ចិត្តចាប់អាជីពប្រដាល់នារីដោយមិនខ្វល់ការទិតៀន 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

កីឡាការិនីគុនខ្មែរជួរមុខ នៅ ស្រីពៅ បានរៀបរាប់ថា ទំនងដោយសារកត្តាប្រពៃណី ទំនៀមទំលាប់ក្នុងសង្គមខ្មែរ បានធ្វើឲ្យនាងរងការបង្អាប់ និង ទិតៀនមួយចំនួន ដែលខ្លួនជានារីមួយរូប បែរជាចាប់អាជីពប្រដាល់។ ប៉ុន្តែកីឡាការិនី ដែលមានប្រភពពីសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញរូបនេះ ពន្យល់ថានាងមិនចាប់អារម្មណ៍នឹងពាក្យសម្ដីអ្នកដទៃឡើយ។


នៅ ស្រីពៅ រៀបរាប់ថាមនុស្សគ្រប់រូបគួរតែមានសេរីភាពក្នុងការធ្វើអ្វីដែលខ្លួនចូលចិត្ត និងចាប់អាជីពដែលខ្លួនស្រលាញ់ ខណៈសង្គមជឿនលឿនបានផ្ដល់តម្លៃ និងសិទ្ធសេរីភាពស្មើៗគ្នារវាងបុរសនារី។

សិស្សគុនក្លិបតាឡី ឲ្យដឹងបែបនេះ ៖ «គេនិយាយច្រើនដែរ តែគេនិយាយអីក៏និយាយទៅ។ សំខាន់គឹខ្លួនយើងទេ បើចិត្តយើងស្រលាញ់ហើយ។ យើងដាក់ចិត្តនឹងអាជីពនេះ អីចឹងគេនិយាយអី គិតអីក៏តាមគេទៅ គឺខ្ញុំមិនខ្វល់ឡើយ គឺខ្លួនយើងទេមិនមែនយកខ្លួនគេផង។ ខ្ញុំសប្បាយនឹងអាជីពនេះ ហើយខ្មែរយើងមាន កីឡាការិនីតិចណាស់។ បើខ្ញុំមិនហាត់ ខ្ញុំឈប់ នឹងកាន់តែខ្សត់»។

កីឡាការិនីប្រដាល់ជើងខ្លាំងប្រចាំកម្ពុជា នៅ ស្រីពៅ បន្ថែមថា មិនត្រឹមមិនបាក់ទឹកចិត្ត នឹងការបង្ហាប់ រិះគន់មួយចំនួនទេ តែផ្ទុយទៅវិញនាង មានមោទនភាពដែលបានក្លាយជាយុវតីខ្មែរ១រូប ក្នុងការចំណោមនារីដ៏តិចតួចបំផុត ដែលបានបន្តអភិរក្សក្បាច់គុនមរតកខ្មែរ។ ស្រីពៅ ដែលប្រែខ្លួនពីជីវិតកម្មការិនីរោងចក្រ មកជាអ្នកប្រដាល់នារីកាលពី២០១៦ បន្តថាទំនងនារីខ្មែរជាច្រើនអល់អែកក្នុងការហ្វឹកហាត់ប្រដាល់ដោយសារ កត្តាប្រពៃណី។ 

ស្រីពៅ បន្ត ៖ «តាមពិតគេស្រលាញ់ តែសង្គមយើងគេបង្ហាប់ក៏អៀន។ មិនបាច់គិតចឹងទេ តាមពិតខ្ញុំគិតថាមិនបាច់អៀនទេ។ ខ្លួនយើងស្រលាញ់អី ចូលចិត្តអីមិនបាច់ចាប់អារម្មណ៍នឹងគេទេ។ ខ្ញុំគិតថាមិនបាច់ខ្លាចទេ ណាមួយឥលូវគេផ្ដល់សិទ្ធិសេរីស្មើគ្នា។ យើងបានគឺបានចេះការពារខ្លួនផង»។

គួរដឹងដែរថា នៅ ស្រីពៅ ជាអ្នកប្រដាល់នារីដ៏ ឆ្នើមរបស់កម្ពុជា ទាំងគុនខ្មែរ និងប្រដាល់សកល។ នៅ ស្រីពៅ ធ្លាប់ចាញ់តែម្ដងគត់ ក្នុងចំណោមការប្រកួតអន្តរជាតិទាំងក្នុងនិងប្រទេសសរុប៨លើកកន្លងមក ហើយនៅថ្ងៃទី១៨កុម្ភៈ នៅ ស្រីពៅ នឹងបង្ហាញខ្លួនជាលើកដំបូងលើរេញប្រដាល់មីយ៉ាន់ម៉ា ដោយត្រូវតទល់នឹងកីឡាការនីម្ចាស់ផ្ទះ៕


ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN