KD Logo
+855 16 757 168     samnob@keiladaily.com

ប្រដាល់សកលកម្ពុជា ចាប់ត្រៀមខ្លួនចេញរកមេដាយនៅ Thailand Open 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សោភ័ណ្ឌ ឲ្យដឹងថា ក្រុមប្រដាល់ឈុតធំជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមត្រៀមខ្លួនទៅកាន់ការប្រកួត ពាន Thailand Open នៅប្រទេសថៃ ដែលនឹងធ្វើឡើងក្នុងខែមិថុនាខាងមុខ។ លោកថា ជម្រើសជាតិកម្ពុជា បានបើកការប្រមូលផ្ដុំនៅចុងសប្ដាហ៍មុន ហើយលោកថាសហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករនិងកីឡាការិនីច្រើននាក់ ទៅកាន់ការប្រកួតមួយនេះ។


អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកល រៀបរាប់ ៖ «តាមគម្រោងគឺយើងនឹងបញ្ជូលទៅច្រើន ទាំងបុរស និងនារី គឺអាចពី៧ទៅ៨នាក់។ យើងអាចនឹងបញ្ជូននារីដែរ ព្រោះឥលូវយើងមានទាំងកីឡាការិនីផងដែរ។ ដូច្នេះយើងនឹងបញ្ជូនទាំងប្រុស ទាំងនារី។ កន្លងមកយើងខកខានប៉ុន្មានឆ្នាំមកហើយ ដោយសារយើងមិនបានទាក់ទងនិងភាគីថៃ។ អីចឹងឆ្នាំនេះគឺអាចថា ជាការចាប់ផ្ដើមជាថ្មីរបស់យើងក្នុងកម្មវិធីនេះ»។

លោក ប៊ុយ សោភ័ណ្ឌ បន្ថែមថាប្រដាល់សកលកម្ពុជា ពុំសូវបានចេញទៅប្រកួតលើឆាកអន្តរជាតិឡើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ យ៉ាងណាក្ដីលោករំពឹងថា ក្រុមជម្រើសជាតិកម្ពុជា នឹងជោគជ័យយកបានមេដាយ ក្នងការប្រកួតពាន Thailand Open ដែលនៅសល់រយៈពេលត្រៀមខ្លួនជាង៤ខែទៀត។ លោកយល់ថារយៈពេលជាង៤ខែទម្រាំដល់ការប្រកួត ក្រុមគ្រូបង្វឹកនឹងអាចពង្រឹងកីឡាករបានល្អគ្រប់គ្រាន់ ទៅតាមកម្មវិធីហ្វឹកហាត់។


អគ្គលេខាធិការដដែលនេះ បន្តថាសហព័ន្ធប្រដាល់សកលនៅឆ្នាំនេះ នឹងផ្ដោតលើការបញ្ជូនកីឡាករ កីឡាការិនីទៅប្រជែងលើឆាកអន្តរជាតិដើម្បីពង្រឹងបច្ចេកទេស និងបទពិសោធ ទាំងក្រុមជម្រើសជាតិឈុតធំ និងក្រុមយុវជន។ លោកថា ក្រុមយុវជនជម្រើសជាតិ ក៏កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតធំៗ២ផងដែរ រួមមានជើងឯកអាស៊ីនៅខែមេសា និងការប្រកួតពានអន្តរជាតិកម្រិតយុវជន នៅហ្វីលីពីន ខែតុលា ផងដែរ៕ 

ផ្ដល់់សិទ្ធិ ៖ ទូរទស្សន៍ PNN