KD Logo
+855 16 757 168     samnob@keiladaily.com

ហ៊ុន ចន្ទរាជ ៖ គុនខ្មែរមានឱកាសឡើងសង្វៀនសេរី ONE ប្រសិនសហព័ន្ធបើកផ្លូវ 

គ្រូបង្វឹក MMA លោក ហ៊ុន ចន្ទរាជ អះអាងថា កីឡាករគុនខ្មែរលំដាប់កំពូលៗកម្ពុជា នឹង មានឱកាសអាចបង្ហាញវត្តមាន រួមទាំងទទួលបានតម្លៃខ្លួនខ្ពស់ នៅលើសង្វៀនប្រដាល់សេរី One Championship ដែលទើបប្រកាសគ្រោងបើកការប្រកួត នាអំឡុងខែមេសា ខាងមុខនេះ។


អតីតកីឡាករ MMA រូបនេះ រៀបរាប់ដូច្នេះ ៖”ខ្ញុំគិតថា វាល្អដែរដែល One Championship ហ្នឹងគេបង្កើតសង្វៀនវ៉ៃសេរី។ វាជាទីផ្សារមួយដ៏ធំដែលកីឡាករខ្មែរអាចទៅប្រកួតបាន។ កីឡាករខ្មែរយើងបើវ៉ៃសេរីទៅ នៅអាស៊ីយើងខ្ញុំគិតថាមានតែខ្មែរនិងថៃទេ ដែលឈរលេខ១ លេខ២ ជិតៗគ្នាហ្មង។ ចឹងប្រទេសកម្ពុជាយើងមានកីឡាករប្រដាល់គុនខ្មែរខ្លាំងនិងមានច្រើន។ ចឹងបើខាងគេឲ្យឱកាសកីឡាករខ្មែរទៅប្រកួតវាល្អដែរ ដោយទីមួយអាចរកលុយបានរាប់ពាន់ដុល្លារ និងទី២ យើងអាចផ្សព្វផ្សាយក្បាច់គុនខ្មែរយើង រួមទាំងវប្បធម៌របស់ប្រទេសជាតិយើង ទៅឲ្យប្រទេសផ្សព្វគេស្គាល់។ កុំឲ្យគេថា ថៃគេយកទៅអស”។

លោក ហ៊ុន ចន្ទរាជ បន្ថែមថា ក្រៅពីអាចទទួលបានតម្លៃខ្លួនខ្ពស់ លោកជឿជាក់ថា លោកអាចមានលទ្ធភាពដឹកនាំ កីឡាករគុនខ្មែរទៅប្រកួតលើសង្វៀនដ៏ល្បីកម្រិតអន្តរជាតិថ្មីស្រឡាងមួយនេះបាន ប្រសិនមានការគាំទ្រ និងអនុញ្ញាតពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

គ្រូបង្វឹកក្លិប Cambodian Top Team បន្ត ៖” បានតម្លៃខ្លួនខ្ពស់ ព្រោះអីខាងគេក៏បានទាក់ទងមកខ្ញុំដែរ ដើម្បីយកកីឡាករគុនខ្មែរទៅប្រកួតលក្ខណៈសេរី ក្នុងរេញសេរីតែម្ដង។ ប៉ុន្តែយើងសង្ឃឹមថា យើងអាចនឹងសហការជាមួយសហព័ន្ធគុនខ្មែរកម្ពុជារបស់យើង ដើម្បីដឹកនាំកីឡាករទៅប្រកួតនៅ សង្វៀនរបស់ One Championship ហ្នឹង។ ដោយសារសង្វៀនហ្នឹង ដែលគេបង្កើនហ្នឹង ធំជាងថៃហ្វៃត៍ទៀត តម្លៃខ្លួនក៏ខ្ពស់ជាង ថៃហ្វៃត៍ទៀត មិនក្រោម៥ទៅ៦ពាន់ដុល្លារអីទេ វាច្រើនសម្រាប់កីឡាករខ្មែរយើង”។


សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ កុម្ភៈ កន្លងមក កម្មវិធីដ៏ល្បីប្រចាំទ្វីបអាស៊ី ONE Championship បានប្រកាសរៀបចំព្រឹត្តិការណ៍ប្រដាល់សេរីអន្តរជាតិថ្មីមួយទៀត បន្ថែមលើ MMA ដោយមានទាំង ការ៉ាតេ តេក្វាន់ដូ កុងហ្វូ វ៉ូស៊ូ សាន់ដា ស៊ីឡាត និងក្បាច់គុនឡេតវី ជាដើម។ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងនាអំឡុងខែមេសា ខាងមុខ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN

ពាក្យទាក់ទង៖