+855 16 757 168     samnob@keiladaily.com
KD Logo

ល្បុក្កតោ បើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រម ត្រៀមកីឡាជាតិលើកទី២ 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលពីរជំនាញក្នុងពេលតែមួយ រួមមាន អាជ្ញាកណ្ដាល ចៅក្រម និង គ្រូបង្វឹកថ្នាក់ជាតិ រយៈពេលបីថ្ងៃ ដើម្បីបង្កើនចំណេះដឹងបន្ថែមដល់សក្ខាកាមជាង៣០រូប ត្រៀមចូលរួមបម្រើការងារ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ នាខែឧសភា ខាងមុខ។

នាឱកាសបើកវគ្គបណ្ដុះបណ្ដាលស្ដីពី អាជ្ញាកណ្ដាល ចៅក្រម និងគ្រូបង្វឹកថ្នាក់ជាតិ កីឡាគុនល្បុក្កតោកម្ពុជា ព្រឹកថ្ងៃទី២៧ មីនា នៅអគារ NOCC អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោក អ៊ូ តារា ឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ មានការគាំទ្រពីក្រសួងអប់រំ យុវជន និង កីឡា ដោយមានព្រឹទ្ធាចារ្យ សាន គឹមស៊ាន និង ហុក ឈាងគីម ជាគ្រូឧទ្ទេស។


លោក អ៊ូ តារា រៀបរាប់បែបនេះ ៖”បាទនៅឆ្នាំនេះ យើងមានការឧបត្ថមគាំទ្រពីក្រសួងអប់រំ យុវជន និង កីឡា ដើម្បីជំរុញឲ្យមានការរៀបចំវគ្គបណ្ដុះបណ្ដាល។ ចឹងក្នុងកម្មវិធីនេះ យើងធ្វើវគ្គបណ្ដុះបណ្ដាលពីររួមគ្នា វគ្គអាជ្ញាកណ្ដាល ចៅក្រម និងគ្រូបង្វឹកថ្នាក់ជាតិ សម្រាប់គាត់ត្រៀមលក្ខណចូលរួមក្នុងប្រកួតនៅ National Games នាខែខាងមុខ”។

អគ្គលេខាធិការដដែលបន្ថែមថា វគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិមួយនេះ សហព័ន្ធនឹងសិក្សា ឯកភាពគ្នា ដើម្បីយកស្ដង់ដារហ្វឹកហាត់ និងបច្ចេកទេសរួមតែមួយ សម្រាប់កីឡាគុនល្បុក្កតោខ្មែរ។

អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បន្ត ៖”កន្លងមកកីឡាគុនល្បុក្កតោ គឺជាកីឡាប្រពៃណីបុរាណ ចឹងការហ្វឹកហាត់ជារបៀបបុរាណ មិនមែនថាលក្ខណៈណាមួយនៃការប្រកួតឲ្យជាក់លាក់ទេ។ ក៏ប៉ុន្តែពេលយើងកកើតជាសហព័ន្ធមក គណៈកម្មាធិការបច្ចេកទេស គឺបានរៀបចំចងក្រងនៅលក្ខខណ្ឌបច្ចេកទេស ដើម្បីឲ្យប្រភេទនៃកីឡាគុនល្បុក្កតោដែលមានទៅតាមតំបន់នីមួយៗ ដែលគាត់ឯកភាពគ្នា ក្នុងការលេងគុនល្បុក្កតោ ក្នុងលក្ខខណ្ឌ បទបញ្ជាបច្ចេកទេស តែមួយ ដែលចេញដោយសហព័ន្ធល្បុក្កតោ។ ដូច្នេះ វាដូចជាការធ្វើទំនើបកម្មមួយ ដែលអាចឲ្យគ្រូគុនទាំងអស់ឯកភាពគ្នាលេងកីឡាគុនល្បុក្កតោនេះតែមួយ ទាំងវិញ្ញាសា បច្ចេកទេសក្នុងការប្រយុទ្ធ និង ការដាក់ពិន្ធុអី គឺមានភាពទំនើបកម្ម ដើម្បីឲ្យទាំងអស់គ្នាឯកភាពគ្នារួម លេងកីឡាតែមួយ”។


លោក អ៊ូ តារា

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្ដីពី អាជ្ញាកណ្ដាល ចៅក្រម និងគ្រូបង្វឹកថ្នាក់ជាតិ កីឡាគុនល្បុក្កតោកម្ពុជា នឹងធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់២៩ មីនា ដោយមានសក្ខាកាមសរុបជាង៣០នាក់៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN

ពាក្យទាក់ទង៖