KD Logo
+855 16 757 168     samnob@keiladaily.com

NOCC ចាត់ទុកកីឡានៅបុណ្យទន្លេ ជាចលនាបំផុសយុវជនគាំទ្រស៊ីហ្គេម២០២៣ 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

ពុំមែនមានគោលដៅត្រឹមលើកស្ទួយកីឡាទេសចរណ៍ប៉ុណ្ណោះទេ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានចាត់ទុកការដាក់បញ្ចូលសកម្មភាពកីឡាផ្សេងៗ ក្នុងពិធីបុណ្យទន្លេ ជាឱកាសដ៏ប្រសើរមួយ ក្នុងការបំផុសចលនាយុវជនឱ្យគាំទ្រ និង ចូលរួមសកម្មភាពកីឡាកាន់តែច្រើន នាគ្រាដែល កម្ពុជា ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣។


អគ្គលេខាធិការ NOCC ឯកឧត្តម វ៉ាត់ ចំរើន កាលពីពេលថ្មីៗនេះ បានពន្យល់យ៉ាងដូច្នេះ ៖"  នៅឆ្នាំនេះ បុណ្យទន្លេ នឹងមានភាពល្អប្រសើរជាង រាល់ឆ្នាំ យើងត្រៀមកីឡាករ ល្អៗ ដាក់ប្រកួត និងសម្តែង ដើម្បីទាញយក ការចាប់អារម្មណ៏ ពីយុវជន និងប្រជាពលរដ្ឋកម្ពុជា។ ខ្ញុំគិតថា ការធ្វើនេះ មិនមែនមានគោលដៅធម្មតាទេ គឺយើងធ្វើ ដើម្បីទាក់ទាញយុវជនកម្ពុជា ឱ្យងាកមកគាំទ្រសកម្មកីឡា ដើម្បីបង្កើនចំនួនមនុស្សមកគាំទ្រពេលយើងរៀបចំស៊ីហ្គែម ២០២៣"។

ឯកឧត្តម វ៉ាត់ ចំរើន បន្តថា ដើម្បីបង្កើនភាពទាក់ទាញ ក៏ដូចជាលើកស្ទួយកីឡាទេសចរណ៍ NOCC គ្រោងដាក់កីឡា១០ប្រភេទឱ្យប្រកួត និង សម្តែងក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៤ ឆ្នាំ២០១៨ ដែលធ្វើឡើងនៅខេត្តកណ្តាល នាដើមខែមីនានេះ។


គួរដឹងដែរថា កីឡាទាំង១០ប្រភេទ ដែលគ្រោងដាក់ឱ្យប្រកួតរួមមាន ចំបាប់បុរាណ រត់ប្រណាំង ប្រណាំងកង់ ប្រណាំងទូកង ហែលទឹកឆ្លងទន្លេ បាល់ទាត់ បាល់ទះ ប៉េតង់ ប្រដាល់គុនខ្មែរ និង កីឡាអុកចត្រង្គ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN