KD Logo
+855 16 757 168     samnob@keiladaily.com

គុនដាវ ប្រកាសឲ្យក្មេងៗអាយុក្រោម១៥ឆ្នាំចូលហ្វឹកហាត់ ដោយមិនបង់ប្រាក់

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

ដើម្បីលើកទឹកចិត្ត និងចម្រាញ់រកធនធានឆ្នើមៗ សហព័ន្ធកីឡាគុនដាវកម្ពុជា បានប្រកាសបើកឱកាសឲ្យក្មេងៗអាយុចាប់ពី៨ទៅ១៥ឆ្នាំ ចូលហ្វឹកហាត់ដោយឥតគិតថ្លៃ ក្នុងឆ្នាំ២០១៨។ នេះបើតាមការឲ្យដឹង ពីគ្រូបង្វឹកជម្រើសជាតិគុនដាវកម្ពុជា លោក សាន់ សុខសីហា។


គ្រូបង្វឹកគុនដាវ វ័យ២៥ឆ្នាំ រូបនេះ រៀបរាប់ដូច្នេះ ៖”បាទឥឡូវនេះ បើយើងនិយាយពីធនធានហ្នឹង យើងរកបានដែរនៅតាមបណ្ដាសាលានានា និងខេត្តសៀមរាប។ និងយើងក៏នៅតែបន្តការស្វែងរក ហើយនៅឱកាសឆ្នាំ២០១៨ នៃដើមឆ្នាំយើងហ្នឹង យើងមានទទួលសិស្សមកហ្វឹកហាត់ដោយឥតគិតថ្លៃតែម្ដង។ ប៉ុន្តែយើងមើលទៅលើបុគ្គលិកលក្ខណៈរបស់ពួកគាត់ ពីអាយុរបស់ពួកគាត់ ពីអាយុពី៩ទៅដល់១៥ឆ្នាំ។ ហើយអ្នកដែលមានអាយុលើ១៥ឆ្នាំហ្នឹង យើងអាចពិចារណាទៅលើលក្ខណពិសេស សម្រាប់ឲ្យគាត់ចូលទៅតាមវិញ្ញាសានីមួយៗ តាមដែលយើងជ្រើសរើសមើល”។

គ្រូបង្វឹកបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញគ្រូបង្វឹក និងអាជ្ញាកណ្ដាល អន្តរជាតិកម្រិត៤ ពីប្រទេសហុងគ្រី បញ្ជាក់ថា សហព័ន្ធនឹងផ្ដល់ឱកាសឲ្យក្មេងៗ ដែលបានហ្វឹកហាត់ ធ្វើការប្រកួតប្រចាំត្រីមាស ដើម្បីចម្រាញ់រកកីឡាករឆ្នើមៗ អាចក្លាយជាជម្រើសជាតិគុនដាវផងដែរ។


គ្រូ​ជម្រើសជាតិដដែលបន្ត ៖”យើងនឹងបើកការប្រកួតនៅក្នុងស្រុក កម្ពុជាយើងទូទាំងប្រទេសហ្នឹង រៀងរាល់ជា៣ខែហ្នឹង ដើម្បីជ្រើសរើសយកកីឡាករដែលល្អ ដើម្បីឲ្យគាត់ចូលរួម និងមានឱកាសចូលរួមជាក្រុមជម្រើសជាតិ ឬអាចចេញទៅប្រកួតនៅក្រៅប្រទេសផ្សេងៗផងដែរ”។

សូមបញ្ជាក់ថា បច្ចុប្បន្ន សហព័ន្ធកីឡាគុនដាវកម្ពុជា មានក្លឹបចំណុះចំនួន៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយមានកីឡាករ កីឡាការិនី ទាំងជម្រើសជាតិ រួមទាំងថ្នាល សរុបជិត២០នាក់ កំពុងហ្វឹកហ្វឺន៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN