+855 16 757 168     samnob@keiladaily.com
KD Logo

NOCC ប្តេជ្ញាជំរុញពាក់កណ្ដាលម៉ារ៉ាតុនខេត្តព្រះសីហនុ ឲ្យកាន់តែទាក់ទាញ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អះអាងថា NOCC នឹងបន្តខិតខំជំរុញ ទិវារត់ប្រណាំង អន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុន នៅខេត្តព្រះសីហនុ ឲ្យកាន់តែទាក់ទាញឡើង និងរំពឹងទទួលបានជោគជ័យកាន់តែខ្លាំង នាប៉ុន្មានឆ្នាំទៀតខាងមុខ។


ថ្លែងក្រោយបញ្ចប់សន្និសីទសារព័ត៌មាន ស្ដីពីទិវារត់ប្រណាំង អន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុន ខេត្តព្រះសីហុន លើកទី៧ ព្រឹកថ្ងៃទី២២ កុម្ភៈ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍បែបនេះ ៖ ”ប្រាំឆ្នាំនេះ យើងមានកម្រិតប្រហែលជា២ពាន់នាក់ ក្នុងការរត់ប្រណាំងរបស់យើង អ្នករត់ទាំងអស់ជុំវិញពិភពលោកដែរ។ ហើយឆ្នាំនេះ មាន២៨ប្រទេស និងមានប្រហែលជិត២០០ជនជាតិដែរ។ ហើយក្នុងការចូលរួមនេះ យើងនឹងទាក់ទាញបន្ថែម អំពីភ្ញៀវទេសចរណ៍នៅទីនោះ។ ហើយយើងនឹងសហការយុទ្ធសាស្រ្តជាមួយស្ថានភាពជាក់ស្ដែង នៅទីនោះ។ ប៉ុន្តែ៧ឆ្នាំនេះ យើងបានរក្សាបាននៅរបៀបរបរ នៃការរៀបចំរបស់យើង គ្រាន់បើដែរ ហើយការរៀបចំរបស់យើងក៏ទាក់ទាញដែរ។ មានកំនើនបន្តិចបន្តួច ចឹងឧបសគ្គទាំងអស់ យើងនឹងកាត់បន្ថយ ដើម្បីឲ្យមានការចូលរួមកាន់តែច្រើន”។

ឯកឧត្តម អគ្គលេខាធិការ NOCC ទទួលស្គាល់ថា មធ្យោបាយធ្វើដំណើរឆ្ងាយ និង ជើង ហោះហើរផ្ទាល់នៅមានចំនួនតិច ជាកត្តារាំងស្ទះ ក្នុងការទាក់ទាញភ្ញៀងបរទេស មកចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុន លើទឹកដីខេត្តទេសចរណ៍តំបន់ឆ្នេរសមុទ្រ ប្រចាំកម្ពុជាមួយនេះ។


សូមបញ្ជាក់ថា គិតត្រឹមពេលនេះ ចំនួនអ្នកចុះឈ្មោះចូលរួម ក្នុងទិវារត់ប្រណាំង អន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុន នៅខេត្តព្រះសីហនុ មានជាង១ពាន់នាក់ ក្នុងនោះមានភ្ញៀវបរទេសជាង២០០នាក់។ ទិវារត់ប្រណាំង អន្តរជាតិ លើកទី៧ ឆ្នាំ២០១៨ នៅខេត្តព្រះសីហនុនេះ នឹងធ្វើឡើងនៅថ្ងៃទី១១ មីនា ខាងមុខ៕ 

អត្ថបទ ៖ ពៅ