អ្នកយកព័ត៌មានកីឡាជាន់ខ្ពស់ប្រចាំស្ថានីយទូរទស្សន៍ PNN លោក ងិន មករា ទទួលបានចំណងដៃកូនប្រុសដំបូង កាលរាត្រីថ្ងៃព្រហស្បតិ៍ ទី២២ មីនា កន្លងទៅ។
សមិទ្ធផលដ៏ល្អប្រពៃនេះបានលេចចេញជារូបរាងឡើងបន្ទាប់ពីអ្្នកយកព័ត៌មានកីឡាប្រកបដោយសមត្ថភាពខ្ពស់ខាងលើចាប់ដៃគ្នាជាមួយនឹងភរិយា គឺអ្នកនាង អ៊ុំ ដាយា ចូលរោងការ កាលខែមីនា ឆ្នាំទៅមិញ។
បុរសមានប្រភពពីខេត្តកំពង់ស្ពឺប្រាប់ Keila Daily ថា រូបលោក និង ភរិយា មានគម្រោងយកបុត្រចំនួន០៤នាក់ ដែលក្នុងនោះចង់បានកូនប្រុស០២នាក់ និង ស្រី០២នាក់។ លោកថា កូនប្រុសដំបូងនេះជាដំណងដៃយ៉ាងពិសេសសម្រាប់ក្រុមគ្រួសារនៅឆ្នាំថ្មី២០១៨។
គួរដឹងដែរថា លោក ងិន មករា បានឈានជើងចូលក្រុមការងារនាយកដ្ឋានកីឡានៃស្ថានីយទូរទស្សន៍ PNN ដែលលោក ស្រ៊ឺ ស្រេង ហៅ សំណព្វ ជាប្រធានផ្នែក កាលឆ្នាំ២០១៥។ ដោយមានជំនាញច្បាស់លាស់ អតីតនិស្សិតសាកលវិទ្យាល័យន័រតុនរូបនេះទទួលបានឱកាសសម្ភាសន៍ផ្ដាច់មុខថ្នាក់ដឹកនាំ និង បុគ្គលល្បីៗក្នុងវិស័យកីឡាយ៉ាងច្រើន និង ថែមទាំងចេញទៅក្រៅប្រទេសមិនតិចដងដែរ។ មិនតែប៉ុណ្ណោះ លោក ងិន មករា ក៏ជាតន្ត្រីករដ៏ចំណានមួយរូប ជាពិសេសផ្នែកហ្គីតាទៀតផង៕
លោក ងិន មករា នៅម៉ាឡេស៊ី
លោក ងិន មករា នៅហ្វីលីពីន
អត្ថបទ ៖ អភ័យវង្ស