+855 16 757 168     samnob@keiladaily.com
KD Logo

ហេតុផលធំៗ៤យ៉ាងដើម្បីមើលព្រឹត្តិការណ៍ ONE : HEART OF THE LION ថ្ងៃទី៩វិច្ឆិកា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 245

នៅថ្ងៃសុក្រទី៩ខែវិច្ឆិកាឆ្នាំ២០១៨ ONE Championship នឹងត្រលប់មកកីឡដ្ឋាន Singapore Indoor Stadium ជាមួយនឹងព្រឹត្តិការណ៍ដ៏រស់រវើកដែលនឹងនាំមុខដោយការប៉ះគ្នាជាថ្មីរវាងជើងឯកពិភពលោកទល់នឹងជើងឯកពិភពលោក។

តារាល្បីៗបំផុតជាច្រើនដួងត្រៀមបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ ONE : HEART OF THE LION ព្រមជាមួយវត្តមានអ្នកប្រយុទ្ធថ្មីថ្មោងមួយចំនួនដែលចង់បង្កើតភាពទាក់ទាញក្នុងការប្រយុទ្ធលើកដំបូងរបស់ពួកគេ។

ខាងក្រោមនេះជាហេតុផលចម្បង៤យ៉ាងដែលអ្នកមិនអាចខកខាន ONE : HEART OF THE LION បាន ៖

១-ការប្រកួតដណ្ដើមជើងឯកពិភពលោកឡើងវិញដ៏រំភើប

Bilbiano “The Flash” Fernandes (ឈ្នះ២២ដង-ចាញ់៣ដង) ជាម្ចាស់ខ្សែក្រវាត់លេចធ្លោបំផុតក្នុងប្រវត្តិសាស្ត្រ ONE Championship។ កីឡាករជនជាតិប្រេស៊ីលវ័យ៣៨ឆ្នាំ បានឈ្នះការប្រកួតជើងឯកពិភពលោក៩ដង និងបានការពារខ្សែក្រវាត់ ONE Bantamweight (៦៦គក) World Championship ៨ដង។ ជ័យជម្នះមួយក្នុងចំណោមនោះកើតឡើងលើគូប្រកួតរបស់គេនៅថ្ងៃសុក្រស្អែកនេះ គឺកីឡាករហ្វ៊ីលីពីន Kevin "The Silencer" Belingon (ឈ្នះ១៩ដង-ចាញ់៥ដង) ដែលជាជើងឯក ONE Interim Bantamweight World Champion។

Fernandes បានបញ្ចប់ Belingon ក្នុងទឹកទី១នៃការប្រកួតលើកដំបូងរវាងពួកគេក្នុងខែមករាឆ្នាំ២០១៦។ តែតាំងពីក្រោយនោះមក Belingon បានក្លាយជាអ្នកប្រយុទ្ធម្នាក់ខុសពីមុន។ គេបានឈ្នះ៦ប្រកួតជាប់ៗគ្នា ក្នុងនោះផ្ដួលដៃគូសន្លប់៣ដង។

ទោះយ៉ាងណា ការផ្ដួល Fernandes មិនមែនជាកិច្ចការងាយស្រួលឡើយសម្រាប់កីឡាករវ័យ៣១ឆ្នាំរូបនេះ។ តាំងពីក្រោយបរាជ័យក្រោមថ្វីដៃកីឡាករជប៉ុន Hiroyuki Takaya ក្នុងឆ្នាំ២០១០មក Fernandes បានឈ្នះ១៤ប្រកួតជាប់ៗគ្នាក្នុងពេល៨ឆ្នាំចុងក្រោយនេះ។


២- គូធំមួយទៀតដ៏កក្រើក



ខណៈប្អូនស្រីរបស់គេបានដកខ្លួនពីព្រឹត្តិការណ៍ធំ Chrisitan “The Warrior” Lee (ឈ្នះ៩-ចាញ់៣) បានចូលខ្លួនមកតតាំងជាមួយកីឡាករជប៉ុន Kazuki Tokudome (ឈ្នះ១៨-ស្មើ៩-ចាញ់១) ក្នុងប្រភេទទម្ងន់៧៣គីឡូក្រាម។

ពីដំបូង ម្ចាស់ខ្សែក្រវាត់ ONE Women’s Atomweight World Champion : Angela Lee (ឈ្នះ៩ដង-មិនដែលចាញ់) ត្រូវបានរៀបចំឱ្យប៉ះ Xiong Jing Nan (ឈ្នះ១៦-ចាញ់១) ដើម្បីដណ្ដើមជើងឯក ONE Women’s Strawweight World Title ប៉ុន្តែរបួសខ្នងបានបណ្ដាលឱ្យនាងត្រូវខកខានការប្រកួត។

៣- ការត្រលប់របស់ Petrosyan



ក្នុងពិភពកីឡាប្រយុទ្ធនេះ មិនសូវមានកីឡាករមានឈ្មោះបោះសំឡេងជាង Giorgio "The Doctor” Petrosyan (ឈ្នះ៩៧ដង-ស្មើ២ដង-ចាញ់២ដង)ទេ។ កីឡាករអ៊ីតាលី-អាម៉េនី វ័យ៣២ឆ្នាំ បានធ្វើការប្រកួតលើកដំបូងយ៉ាងជោគជ័យក្នុងខែមេសា ដោយផ្ដួលកីឡាករលំដាប់កំពូល Jo Nattawut។ ហើយពេលនេះគេត្រលប់មកជាថ្មីដើម្បីប្រកួតទល់នឹងកីឡាករជំនាញប្រដាល់ថៃ Sorgraw Petchyindee Academy (ឈ្នះ៣៦ដង-ចាញ់១៧ដង)។

Sorgraw បានធ្វើការប្រកួតលើកដំបូងយ៉ាងជោគជ័យដែរកាលខែមិថុនាកន្លងទៅ ដោយជើងឯកលុម្ពិនី (Lumpinee) និង WMC World Champion រូបនេះបានផ្ដួល Samy “AK47” Sana ដោយពិន្ទុក្នុងការប្រកួតប្រដាល់៣ទឹក។

៤- ការប្រកួតលើកដំបូងដែលមានការទន្ទឹងរង់ចាំច្រើន



Muangthai P.K. Saenchai Muaythaigym (ឈ្នះ១៩៥ដង-ស្មើ៤០ដង-ចាញ់៤ដង) មានរហស្សនាម “Elbow Zombie” ព្រោះមានកែងពិឃាដដ៏មុតស្រួចដែលបានផ្ដួលគូប្រកួតជាច្រើននាក់មកហើយ។ គេមានអ្នកគាំទ្រជាច្រើនក្នុងប្រទេសថៃ ទីដែលគេបានឈ្នះជើងឯកលុម្ពិនី និងខ្សែក្រវាត់ប៉ុស្តិ៍លេខ៧។

គូប្រកួតដែលស្វាគមន៍គេមកសង្វៀន ONE គឺ Panicos Yusuf (ឈ្នះ៣៧ដង-ចាញ់៦ដង) ដែលបានបង្ហាញសមត្ថភាពគួរឱ្យសរសើរពេលផ្ដួល Han Zi Hao ក្នុងខែកក្កដា។ កីឡាករសាយប្រ៊ូសដែលរស់នៅអង់គ្លេសរូបនេះបានបង្ហាញជំនាញទាត់ដ៏ខ្លាំងក្លារបស់គេដើម្បីឈ្នះពិន្ទុដោយឯកច្ឆន្ទកាលណោះ៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖