+855 16 757 168     samnob@keiladaily.com
KD Logo

សុខ ធី ពីអ្នកប្រដាល់ពុំដែលស្គាល់ឈ្នះសោះ រហូតមានឈ្មោះល្បីនៅ ONE

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 879

អ្នកប្រដាល់ឆ្នើមកម្ពុជា សុខ ធី បានរម្លឹកប្រវិត្តចូលប្រឡូកអាជីពលើសង្វៀនរបស់ខ្លួនថា រូបគេផ្ដើមឡើងរេញដំបូង តាំងតែពីក្មេង និងពុំដែលស្គាល់ពាក្យឈ្នះនោះឡើយ ទម្រាំមានឱកាសទៅហ្វឹកហាត់នៅថៃ អាចសាងឈ្មោះបោះសំឡេងមួយរូប និ​ងមានវត្តមាន​ ក្នុងកម្មវិធី​ដ៏ល្បី​ ONE Championship កន្លងមក​។


អ្នកប្រយុទ្ធទម្ងន់ស្រាល ដើមកំណើតពីខេត្តបន្ទាយមានជ័យ រៀបរាប់ថា រូបគេឡើងរេញប្រកួតដំបូង ទាំងខ្លួនពុំធ្លាប់ហ្វឹកហាត់ប្រដាល់នោះទេ។

“តាំងពីតូច ពុកម៉ែខ្ញុំនៅថៃ ហើយខ្ញុំនៅជាមួយយាយ ពេលចូលឆ្នាំម្ដងៗទើបគាត់មកលេង។ កាលនោះខ្ញុំទៅលេងវត្ត ឃើញគេកំពុងត្រៀមប្រដាល់ ថ្លឹងគីឡូវ៉ៃគ្នា ចង់វ៉ៃដែរឃើញគេ។ ពេលនោះក៏ទៅថ្លឹងគីឡូ សុំគេវ៉ៃនឹងគេ។ ខ្ញុំទៅវ៉ៃសឹងតែរាល់ថ្ងៃ។ ៧ថ្ងៃវ៉ៃសឹងរាល់ថ្ងៃ តែអត់ដែលឈ្នះគេទេ។ វ៉ៃចាញ់ៗរហូត។ ពេលនោះអត់ដែលហាត់ទេ គឺទៅថ្លឹងគីឡូវ៉ៃតែម្ដង នៅអូរប្រាសាទ។ ដល់ពុកថា បើឯងចូលចិត្តប្រដាល់ ចាំអាញ់មកយកទៅហាត់នៅថៃ។ គាត់ក៏មករ៉ប់ទៅហាត់នៅថៃ”។


អ្នកប្រដាល់មានឈ្មោះល្បីលើសង្វៀនខ្មែរ និងថៃ រូបនេះ បន្តថា ខ្លួនផ្ដើមហ្វឹកហាត់និងឆ្លងកាត់សង្វៀននៅថៃ មិនតិចជាង៣០០ទៅ៤០០ដងនោះឡើយ និងបានតម្លៃខ្លួនតាំងពី១០០បាត រហូតដល់ជាង៤ម៉ឺនបាត នាសព្វថ្ងៃ។

“និយាយរួម ខ្ញុំវ៉ៃនៅស្រុកថៃ ចូល៣០០ទៅ៤០០ដងដែរ។ តែកាលពីតូចវ៉ៃយកឆ្អឹងទេ វ៉ៃឲ្យឆ្អឹងរឹង។ ដល់ខ្ញុំធំបន្តិត បានគីឡូ៤០ ចាប់ផ្ដើមដើរវ៉ៃដាក់ដើមផាន់។ កាលនោះខ្ញុំវ៉ៃ២៨គីឡូ អាយុប្រហែលជា៩ទៅ១០ឆ្នាំ។ នៅតូចៗ កាលនោះវ៉ៃបានពី១០០ ទៅ២០០ ទៅ៣០០ បាន៥០០ រហូតដល់១០០០ ,២០០០,៥០០០ ឡើងដល់៤៥០០០បាត”។


សូមរម្លឹកថា សុខ ធី ផ្ដើមទៅហ្វឹកហាត់ប្រដាល់នៅប្រទេសថៃ តាំងពីអាយុប្រមាណ១០ឆ្នាំ ខណៈឪពុកនិងម្ដាយរបស់គេចំណាកស្រុកទៅធ្វើការសំណង់នៅទីនោះ។ សព្វថ្ងៃ កូនសិស្សគ្រូ សាន សៅយ៉ាន់ រូបនេះ ក្រៅពីបានសាងកេរ្ត៍ឈ្មោះល្បី លើសង្វៀនខ្មែរ និងថៃ រូបគេ ក៏ធ្លាប់បង្ហាញវត្តមាន នៅក្នុងកម្មវិធីកម្រិតអន្តរជាតិ ONE Championship ចំនួនពីរលើកផងដែរ៕


អត្ថបទ៖ ពៅ ស្រីម៉ៅ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖