+855 16 757 168     samnob@keiladaily.com
KD Logo

នាយកប្រតិបត្តិ ONE បង្ហើបគម្រោងចុះកិច្ចព្រមព្រៀងជាមួយទូរទស្សន៍ ESPN

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 256

ក្នុងសម្ភាសន៍(វីដេអូចាប់ពីនាទី៤០៖០០ទៅ)ជាមួយពិធីករកីឡាគុនចម្រុះ (MMA) Ariel Helwani នៃទូរទស្សន៍ ESPN របស់អាមេរិក​កាល​ថ្ងៃអង្គារ​ទី៤​ខែធ្នូឆ្នាំ២០១៨​ លោក Chatri Sityodtong ស្ថាបនិកនិងជានាយកប្រតិបត្តិ ONE Championship បានពន្យល់ពីមូលហេតុនៅពីក្រោយការនាំចូលអ្នកប្រយុទ្ធក្នុងទ្រុងល្បីៗមកចូលរួម ONE និងបានបង្ហើបពីផែនការផ្សាយការប្រកួតនៅអាមេរិកផងដែរ។

ថ្មីៗនេះ ONE Championship ដែលជាស្ថាប័នគុនចម្រុះ(MMA)ធំជាងគេក្នុងពិភពលោក បានចុះកិច្ចសន្យាជាមួយជើងឯកដ៏ល្បីល្បាញលំដាប់ពិភពលោក Demetrious Johnson អតីតជើងឯក UFC និង Eddie Alvarez ជើងឯក Bellator World Champion ព្រមទាំង Sage Northcutt ហើយពួកគេបានលេចឡើងលើទំព័រមុខនៃសារព័ត៌មាននៅជុំវិញពិភពលោក។

សហគ្រិនជនជាតិថៃដែលត្រូវបាន Fox Sports ចាត់ជាបុគ្គលមានឥទ្ធិពលបំផុតទី៣ក្នុងវិស័យកីឡាក្នុងទ្វីបអាស៊ី និយាយថា៖ “គោលដៅគឺតែងតែដើម្បីមានអ្នកលេង MMA ល្អៗបំផុតក្នុងពិភពលោកនៅក្នុង ONE Championship។ អាស៊ីគឺធំណាស់ ពួកយើងពិតជាបានផ្ដោតលើអាស៊ី។ ឱកាសនេះបានកើតឡើង។ ពួកយើងតែងតែសម្លឹងមើលកីឡាករផុតកុងត្រា តែពួកយើងមិនបានធ្វើការផ្ទេរឡើយរហូតមកទល់នឹងពេលថ្មីៗនេះ។ ពួកគេមិនត្រឹមតែជាអត្តពលិកដ៏មិនគួរឱ្យជឿប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងតំណាងសិល្បៈក្បាច់គុនពិតប្រាកដនៅក្រៅទ្រុង ហើយនោះគឺសំខាន់ណាស់ចំពោះខ្ញុំនិងចំពោះ ONE Championship”។

“ខ្ញុំបានសម្លឹងមើលកីឡាករដូចជា Eddie, DJ និង Sage ដែលមិនត្រឹមស្ថិតក្នុងចំណោមអ្នកលេងក្បាច់គុនអស្ចារ្យបំផុតរបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំណាងនិងជាឧទាហរណ៍ពិតប្រាកដនៃស្មារតីនិងតម្លៃនៃក្បាច់គុន”។

ទន្ទឹមនឹងការពិភាក្សាអំពីការចុះកិច្ចសន្យាជាមួយកីឡាករល្បីៗខាងលើ ប្រធាននិងជានាយកប្រតិបត្តិ ONE ក៏បានប្រកាសពីកិច្ចព្រមព្រៀងទូរទស្សន៍ទ្រង់ទ្រាយធំក្នុងសហរដ្ឋអាមេរិកនាពេលអនាគតដ៏ខ្លីផងដែរ។

បុរសវ័យ៤៧ឆ្នាំបន្ថែមថា៖ “ពួកយើងនឹងប្រកាសកិច្ចព្រមព្រៀងទូរទស្សន៍អាមេរិកក្នុងពេល២សប្ដាហ៍ខាងមុខ។ វាជាក្រុមហ៊ុនផ្សាយខ្នាតធំមួយ”។

ទន្ទឹមនឹងនេះ លោក Chatri ក៏បានលើកឡើងពីលទ្ធភាពនៃការរៀបចំកម្មវិធីប្រកួតរបស់ ONE Championship នៅអាមេរិកនាពេលអនាគតដែរ ទោះបី ONE ពិតជាផ្តោតលើទ្វីបអាស៊ីក៏ដោយ។

តាម Nielsen ក្នុងឆ្នាំ២០១៨នេះ ONE Championship បានទាក់ទាញអ្នកទស្សនាចំនួនជាមធ្យម២០លាននាក់ក្នុងមួយកម្មវិធី ដែលលើសពីស្ថាប័នដទៃក្នុងទីផ្សារជុំវិញពិភពលោក។

កម្មវិធីចុងក្រោយក្នុងឆ្នាំ២០១៨របស់ ONE គឺ ONE: DESTINY OF CHAMPIONS ដែលនឹងផ្សាយផ្ទាល់ពី Axiata Arena កួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី៧ខែធ្នូ៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖