+855 16 757 168     samnob@keiladaily.com
KD Logo

Eddie Alvarez រកឃើញអ្វីដែលខ្លួនចង់បាននៅ ONE Championship

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 398

Eddie “The Underground King” Alvarez បានប្រកួតនៅស្ថាប័នជាច្រើនក្នុងនាមជាកីឡាករគុនចម្រុះអាជីពរយៈពេលជិត២ទសវត្សរ៍មកនេះ និងបានឈ្នះពានរង្វាន់ជាច្រើន។

កាលពីខែតុលាឆ្នាំ២០១៨ នាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong បាននាំយក Alvarez និង Demetrious “Mighty Mouse” Johnson មកចូលរួមស្ថាប័ន ONE។

Alvarez ដែលមានប្រវត្តិប្រកួតឈ្នះ២៩ដង-ចាញ់៦ដង-ស្មើ១ដង និងជាអតីតជើងឯកពិភពលោក Bellator និង UFC ក្នុងទម្ងន់ Lightweight។ គេរីករាយចំពោះការសម្រេចចិត្តផ្លាស់មក ONE Championship។

តារាជនជាតិអាមេរិកវ័យ៣៥ឆ្នាំ និយាយថា៖ “នៅអាមេរិក ពិសេសក្នុងស្ថាប័ន UFC ខ្ញុំគិតថាមានការអនុញ្ញាតនិងជំរុញបន្ថែមឱ្យកីឡាករនិយាយពាក្យគ្មានការគោរពចំពោះគ្នាទៅវិញទៅមក ផ្ដោតលើការលក់សំបុត្រជាជាងការប្រកួតក្បាច់គុន។ អ្នកគាំទ្រ ពួកគេមិនយល់ពីកីឡាបានគ្រប់គ្រាន់ដើម្បីចាយលុយដោយ អារម្មណ៍ពុះកញ្ជ្រោលក្នុងការទិញសំបុត្រចូលទស្សនាឡើយ។ ពួកគេត្រូវការរឿងមួយ ពួកគេត្រូវការការនិយាយអាក្រក់ៗ ពួកគេត្រូវការចំណុចទាំងនេះដើម្បីមើលការប្រកួតនិងបង់លុយសម្រាប់ការប្រកួត។ ដោយឡែក ខ្ញុំគិតថានៅ ONE Championship និងវប្បធម៌អាស៊ីជាទូទៅ ក្បាច់គុនគឺមានឫសគល់ជ្រៅគ្រប់គ្រាន់ហើយអ្វីដែលពួកគេត្រូវការគឺការប្រកួត។ សម្រាប់ខ្ញុំ វាប្រៀបដូចការដកដង្ហើមជាមួយខ្យល់បរិសុទ្ធមួយ”។

មិនមែនត្រឹមតែបរិស្ថានមួយមុខទេដែលជំរុញ កីឡាកររហស្សនាម “The Underground King” ឱ្យមានភាពជាខ្លួនឯងគ្រប់ការប្រកួត ប៉ុន្តែ ONE Championship ក៏ថែមទាំងមានជើងឯកលំដាប់ពិភពលោកជាច្រើនដែលអាចតេស្តជំនាញរបស់គេបានគ្រប់ចំណុច។

Alvarez បន្ថែមថា៖ “មានកីឡាករគីឡូ lightweight អស្ចារ្យជាច្រើននៅទីនេះ។ ONE Lightweight World Grand Prix ផ្ដុំទៅដោយកីឡាករដ៏មានទេពកោសល្យល្អក្រៃលែង។ វាខុសគ្នារវាងកីឡាករល្បីនិងកីឡាករពូកែវាយ។ នៅអាមេរិក វាពិបាកក្នុងការវែកញែកសម្រាប់អ្នកគាំទ្ររវាងថានរណាល្បីហើយនរណាវាយខ្លាំង”។

Alvarez ធ្លាប់ប្រកួតឱ្យស្ថាប័ន Dream របស់ជប៉ុនក្នុងឆ្នាំ២០០៨។ ហើយពេលនេះគេរំភើបចិត្តក្នុងការត្រលប់មកកន្លែងដែលគេបានកសាងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនគេជាអ្នកប្រយុទ្ធម្នាក់ ហើយសង្ឃឹមថាទស្សនិកជននឹងបង្ហាញថាមពលនិងក្ដីស្រលាញ់ដូចគ្នានៅពេលគេប្រកួតលើសង្វៀន ONE លើកដំបូងនៅ ONE: A NEW ERA នៅតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី៣១ខែមីនាឆ្នាំ២០១៩។

ក្នុងការប្រកួតវគ្គ១/៤ នៃ ONE Lightweight World Grand Prix នាចុងខែមីនាខាងមុខ Alvarez នឹងបើកឆាកការប្រកួតរបស់ខ្លួនជាមួយ Timofey Nastyukhin ក្នុងពានរង្វាន់ដែលនឹងនាំទៅដល់ការទទួលបានកៅអីប្រកួតដណ្ដើមជើងឯកពិភពលោក។

Alvarez សរសើរគូប្រកួតរបស់ខ្លួនថា៖ “គេមានកណ្ដាប់ដៃធ្ងន់និងរឹង។ ខ្ញុំមិនគិតថាមានគ្រប់ក្បាច់ដូចខ្ញុំទេ ប៉ុន្តែខ្ញុំរំពឹងថាគេជាគូប្រកួតដ៏ស្វិតស្វាញម្នាក់”៕

ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&រូបថត​៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖