+855 16 757 168     samnob@keiladaily.com
KD Logo

Ken Hasegawa រំពឹងមានការប្រកួតជក់ចិត្តបំផុតប្រចាំឆ្នាំម្ដងទៀតពេលសងសឹកជាមួយ Aung La N Sang

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 403

អ្នកដែលបានទស្សនាជំនួបដណ្ដើមខ្សែក្រវាត់ ONE Middleweight World Title ដ៏រស់រវើកកាលពីឆ្នាំមុនរវាង “The Burmese Python” Aung La N Sang និង Ken Hasegawa បានចាកចេញពីសង្វៀនជាមួយអារម្មណ៍ថាពួកគេបានឃើញអ្វីមួយដែលពិសេស។

កីឡាករទាំង២បានជួបគ្នាលើកចុងក្រោយកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៨នៅ ONE: SPIRIT OF A WARRIOR ក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា និងបានបង្ហាញសមត្ថភាពដែលមិនអាចភ្លេចបាននៅពីមុខទស្សនិកជនណែនណាន់តាន់តាប់ក្នុងសង្វៀន Thuwunna Indoor Stadium។

បន្ទាប់ពីការប្រកួតដ៏សាហាវមួយ Aung La អាចបញ្ចប់ Hasegawa ក្នុងទឹកទី៥ ប៉ុន្តែមុនពេលគេឈ្នះ មានអ្នកគាំទ្រម្ចាស់ផ្ទះបុកពោះខ្លះៗដែរសម្រាប់រូបគេ។

ការប្រកួតនោះនៅទីបំផុតបានជាប់ជាការប្រកួតជក់ចិត្តបំផុតប្រចាំឆ្នាំ «Bout Of The Year» និងឈរនៅចំណាត់ថ្នាក់ទី១លើបញ្ជីការប្រកួតល្អបំផុតទាំង១០០របស់ ONE។

នៅ ONE: A NEW ERA នាថ្ងៃទី៣១ខែមីនាឆ្នាំ២០១៩ អ្នកប្រយុទ្ធទាំងទ្វេត្រូវបានផ្គូរផ្គងឱ្យប៉ះគ្នាក្នុងជំនួបសងសឹកដែលមានការទន្ទឹងរង់ចាំយ៉ាងខ្លាំង ដល់ថ្នាក់អ្នកគាំទ្រនិងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរំភើបទុកមុនរួចស្រេចទៅហើយ។

ប៉ុន្តែលើកនេះ ការប្រកួតនឹងធ្វើឡើងនៅស្រុកកំណើតរបស់ Hasegawa នៅតូក្យូ ប្រទេសជប៉ុន ហើយអតីតជើងឯករបស់ស្ថាប័នគុនចម្រុះជប៉ុន Deep រូបនេះមិនចង់បានអ្វីក្រៅពីជ័យជម្នះនោះឡើយ។

Hasegawa និយាយថា៖ “ខ្ញុំមិនដែលចាញ់២ប្រកួតជាប់គ្នាទេ ដូច្នេះខ្ញុំមិនរំពឹងថាខ្ញុំចាញ់ទៀតឡើយ។ ពួកយើងនឹងជាប់ជាការប្រកួតជក់ចិត្តបំផុតប្រចាំឆ្នាំជាថ្មី ប៉ុន្តែលើកនេះខ្ញុំនឹងជាអ្នកឈ្នះវិញ។ ខ្ញុំនឹងឈ្នះហើយលើកមុខមាត់គុនចម្រុះជប៉ុន”។

ជំនួបរវាងអ្នកទាំងពីរនៅពេលខាងមុខនឹងជាឱកាសប្រវត្តិសាស្ត្រសម្រាប់អ្នកទាំងពីរ។ នោះគឺ វាជាការឡើងការពារខ្សែក្រវាត់នៅក្រៅប្រទេសមីយ៉ាន់ម៉ាជាលើកដំបូងរបស់ Aung La ហើយវាក៏ជាការប្រកួតដណ្ដើមខ្សែក្រវាត់ ONE World Tittle នៅពីមុខជនរួមជាតិជប៉ុនរបស់ Hasegawa ជាលើកទី១ផងដែរ។

តែសម្ពាធលើអ្នកទាំងពីរក៏ធំដូចគ្នា ហើយ Hasegawa ដឹងថាលើកនេះគេអាចទទួលបានចំណាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយច្រើនជាងមុន។ សម្រាប់ Aung La ដែលជាជើងឯក ONE World Champion ២ប្រភេទទម្ងន់ ការប្រកួតនៅពីមុខប្រព័ន្ធផ្សព្វផ្សាយដ៏ច្រើនមិនមែនជារឿងថ្មីឡើយសម្រាប់គេ។ ប៉ុន្តែគួរចាប់អារម្មណ៍ត្រង់ Hasegawa ទៅវិញទេថាតើគេនឹងដោះស្រាយបែបណាចំពោះចំណាប់អារម្មណ៍ខ្លាំងជាងមុនពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយនៅមុនពេល ONE: A NEW ERA ចូលមកដល់។

ទោះបែបនេះក្ដី កីឡាករវ័យ៣១ឆ្នាំខាងលើ អះអាងប្រកបដោយការប្ដេជ្ញាចិត្តមុតមាំថាគេនឹងយកជ័យជម្នះឱ្យបានលើកនេះ ដើម្បីដណ្ដើមយកខ្សែក្រវាត់ ONE Middleweight World Tittle នៅពីមុខជនរួមជាតិជប៉ុនដែលជាកម្លាំងចិត្តសម្រាប់គេ៕


ប្រែសម្រួល​៖ ប៊ុនតឺម
ប្រភព​&រូបថត​៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖