+855 16 757 168     samnob@keiladaily.com
KD Logo

Eduard Folayang ប្ដេជ្ញារក្សាខ្សែក្រវាត់ ONE Lightweight World Title ឱ្យបាន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 411

ជីវិតមានឡើងមានចុះ។ មានពេលខ្លះក៏សប្បាយរីករាយឥតគណនា ហើយពេលខ្លះក៏មានទុក្ខសោកធំធេងនិងអស់សង្ឃឹមរលីងពីខ្លួន។

Eduard Folayang បានឆ្លងកាត់អារម្មណ៍គ្រប់រសជាតិក្នុងរយៈពេល១៥ឆ្នាំនៃអាជីពក្នុងកីឡាគុនចម្រុះរបស់គេ។ តារាជនជាតិហ្វ៊ីលីពីនរូបនេះបានស្ថិតនៅចំណុចកំពូលច្រើនជាងម្ដង ហើយក៏ធ្លាប់ធ្លាក់ដល់បាតាលឮសូរក្ឌាំងដែរ។

ប៉ុន្តែដូចជើងឯកដទៃទៀតអីចឹង Folayang បានតោងងើបឡើងវិញរហូតដល់កំពូលភ្នំ ហើយគេកំពុងរីករាយនឹងសម្រស់ទេសភាពដ៏ត្រកាលនៅទីនោះ។

ជើងខ្លាំងវ័យ៣៤ឆ្នាំនិយាយថា៖ “ឥឡូវខុសពីមុនច្រើនណាស់។ មានមនុស្សជាច្រើនបានដើរជួបខ្ញុំហើយនិយាយថា[សួស្ដី] ហើយខ្ញុំឮមនុស្សជាច្រើននិយាយថា[អូហ៍! គាត់ជាជើងឯកតើ]”។

ជីវិតរបស់ Folayang បានប្រែប្រួលមករកភាពប្រសើរប្រហែលពីរឆ្នាំកន្លះមុន។ កាលណោះ មនុស្សជាច្រើនមិនគិតថាគេឈ្នះទេ តែទីបំផុត កីឡាករមកពីទីក្រុង Baguio បានផ្ដួលវីរបុរសជប៉ុន Shinya Aoki ដើម្បីដណ្ដើមយកខ្សែក្រវាត់ ONE Lightweight World Title ក្នុងឆ្នាំ២០១៦។

Folayang បានឡើងការពារជោគជ័យតែម្ដងគត់នាពេលកន្លងមកនេះ ដោយបានផ្ដួលកីឡាករនូវែលហ្សេឡង់ Ev Ting នៅ ONE: KINGS OF DESTINY ក្នុងរដ្ឋធានីម៉ានីល មុនពេលខ្សែក្រវាត់នេះត្រូវបានឆក់ចេញពីដៃដោយកីឡាករអូស្ត្រាលី Martin Nguyen។ ដូច Folayang ពីមុនដែរ Nguyen ជាកីឡាករមិនសូវមានឈ្មោះដែលអ្នកតាមដានលើសលប់គិតថានឹងចាញ់ ប៉ុន្តែមានឯណា Nguyen បានធ្វើឱ្យទស្សនិកជននៅម៉ានីលស្រឡាំងកាំងនៅពេលគេផ្ដួលជើងឯករបស់ម្ចាស់ផ្ទះក្នុងទឹកទី២។

តាំងពីល្ងាចនោះមក Folayang កែខៃខ្លួនឯងឡើងវិញយ៉ាងមោះមុត ហើយបានឈ្នះ២ប្រកួតបន្ទាប់ជាប់គ្នា មុនពេលទទួលបានកៅអីប្រកួតដណ្ដើមខ្សែក្រវាត់មកវិញ។

Folayang បានតបស្នងចំពោះទំនុកចិត្តរបស់អ្នកគាំទ្រជាទីស្រលាញ់របស់គេ ដោយបានផ្ដួលកីឡាករសិង្ហបុរីដែលពូកែធ្វើឱ្យដៃគូសន្លប់ Amir Khan ហើយយកបានខ្សែក្រវាត់ពិភពលោកទម្ងន់ lightweight ត្រលប់មកវិញកាលពីខែវិច្ឆិកាឆ្នាំមុន ក្នុងការប្រកួត៥ទឹក។ Folayang ពេលនោះបានក្លាយជាកីឡាករទី៤មកពីក្លិប Team Lakay ដែលបានឈ្នះជើងឯកពិភពលោកក្នុងឆ្នាំ២០១៨ រួមជាមួយ Kevin Belingon (bantamweight), Geje Eustaquio (flyweight) និង Joshua Pacio (strawweight)។ លើសពីនេះគេក៏បានក្លាយជាកីឡាករទី១ដែលបានឈ្នះខ្សែក្រវាត់ ONE Lightweight World Title ២ដងផងដែរ។

Folayang និយាយថាបច្ចុប្បន្នគេល្បីខ្លាំងជាងមុន ជាពិសេសពេលដើរតាមផ្លូវ មានអ្នកគាំទ្រច្រើនណាស់ស្គាល់គេនិងស្ទាក់ដំណើរដើម្បីនិយាយរកគ្នា។ ចំណុចនេះបញ្ជាក់ថាគុនចម្រុះកំពុងរីកចម្រើនយ៉ាងលឿន មិនត្រឹមតែក្នុងប្រទេសហ្វ៊ីលីពីនទេ តែគឺទូទាំងពិភពលោកតែម្ដង។

ខណៈមិត្តរួមក្លិបរបស់គេពីររូប គឺ Pacio និង Eustaquio បានបាត់បង់ខ្សែក្រវាត់កាលពីដើមឆ្នាំ២០១៩នេះ Folayang ប្ដេជ្ញាចិត្តការពារម្កុដរបស់ខ្លួនឱ្យបានពេលប្រកួតនៅតូក្យូ ប្រទេសជប៉ុន ជាប្រវត្តិសាស្ត្រ។

Folayang នឹងឡើងការពារខ្សែក្រវាត់ ONE Lightweight World Title ទល់នឹងវីរបុរជប៉ុន Shinya Aoki នៅ ONE: A NEW ERA នាថ្ងៃទី៣១ខែមីនាឆ្នាំ២០១៩ ក្នុងការប្រកួតសងសឹកដ៏កក្រើក។ ការប្រកួតនោះប្រហែលជាការប្រកួតសំខាន់បំផុតក្នុងអាជីពរបស់ Folayang និងជាការប្រកួតមួយដែលគេកំពុងចិញ្ចឹមចិត្តយកឈ្នះឱ្យបាន។

Folayang សង្កត់ធ្ងន់ថាគេកំពុងខំហ្វឹកហាត់យ៉ាងខ្លាំងក្លាហើយគេនឹងធ្វើគ្រប់យ៉ាងដែលគេអាចដើម្បីយកឈ្នះការប្រកួតនោះ កុំឱ្យក្លិបនិងប្រទេសរបស់គេខកបំណង។ ទោះ​យ៉ាង​ណា Folayang លើក​ឡើង​ថា Aoki ជា​វីរបុរស​ជប៉ុន និង​កើន​សមត្ថភាព​ខ្លាំង​ជាង​មុន មិនអាច​មើល​ស្រាល​បាន​ឡើយ​៕

ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&រូបថត​៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖