+855 16 757 168     samnob@keiladaily.com
KD Logo

ហ៊ុន ចាន់រាជ្យ ​ថាសមត្ថភាព​ រិន សារ័ត្ន ស្ថិតក្នុងចំណោមកីឡាករ​លំដាប់​កំពូល​មួយចំនួនរបស់ ONE

| 3145

កីឡាករ​ រិន សារ័ត្ន របស់​ក្លិប Cambodian Top Team មិន​បាន​ទទួល​ជោគជ័យឡើយ​ក្នុង​កា​រ​ប្រកួត​ទល់​នឹង​កីឡាករ​សំណព្វ​ចិត្ត​របស់​ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា “The Dragon Leg” Tial Thang នៅ ONE: REIGN OF VALOR កាល​ពី​ថ្ងៃ​សុក្រទី​៨​ខែ​មីនា​។



ប្រកួត​ក្នុង​ទម្ងន់ catcheweight ៦៨​គីឡូក្រាម​ក្នុង​គូ​សំខាន់​​ក្នុង​រដ្ឋ​ធានី​យ៉ាំងហ្គូន​របស់​មីយ៉ាន់ម៉ា សារ័ត្ន បាន​ល្បង​សមត្ថភាព​​ជាមួយ​សមាជិក​ថ្មី​របស់​ស្ថាប័ន​ក្បាច់​គុន​ធំ​បំផុត​របស់​ពិភពលោកនេះ ទាំង​បែប​ឈរ​វាយ​និង​​ផ្ដេក​ខ្លួន​លើ​ផ្ទៃ​សង្វៀន​។

ជា​អកុសល កីឡាករ​គុន​ខ្មែរ​វ័យ​២៥​ឆ្នាំនៅទី​បំផុត​បាន​រង​បរាជ័យ​ដោយ​ចៅក្រម​ទាំង​៣​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ឱ្យ Thang ឈ្នះ ក្រោយ​ប្រកួត​គ្នា​៣​ទឹក​យ៉ាង​សកម្ម​។

ទោះ​បី​សារ័ត្ន​ចាញ់​ក្នុងការ​ប្រកួត​លើក​ដំបូង​របស់​គេ​ក្នុង​ឆ្នាំ​២០១៩​ក្ដី គេ​នៅ​តែ​ទទួល​បាន​ការ​សរសើរ​ខ្ពស់​ពី​សំណាក់​អ្នក​គាំទ្រ​​និង​ក្រុម​ការងារ​របស់​គេ​។


ជាក់​ស្ដែង លោក ហ៊ុន ចាន់រាជ្យ ម្ចាស់​ក្លិប Cambodian Top Team និយាយ​ថា​៖​ «គុណផលរបស់​សារ័ត្ន​ទល់​នឹង​កីឡាករ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​បាន​បង្ហាញ​ថា​កីឡាករ​កម្ពុជា​មិនមែន​ងាយ​យក​ឈ្នះ​ដូច​មុនទៀតឡើយ។ គាត់​បាន​​ប្រឹង​ប្រែង​ខ្លាំង​ទល់​នឹង​ជើងឯក​ចំបាប់​៤​សម័យ​របស់​មីយ៉ាន់ម៉ា​និង​ជា​ជើងឯក​​ក្រុង​ New York»។

នៅ​មុន​ការ​ប្រកួតចាប់​ផ្ដើម Thang ​បាន​ព្យាករ​ទុក​ជាមុន​ថា​គេ​នឹង​បញ្ចប់ សារ័ត្ន ដោយ​មិន​ប្រើ​ពេល​យូរ ខណៈ សារ័ត្ន បាន​សន្យា​ថា​គេ​នឹង​បង្ហាញ​ក្បាច់​ថ្មី​ៗ​ដែល​គេ​បាន​ហ្វឹកហាត់​នៅ​ថៃ​។

ជាក់​ស្ដែង នៅ​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម​ជា​ផ្លូវការ សារ័ត្ន បាន​បង្ហាញ​ភាព​រីក​ចម្រើន​យ៉ាង​ខ្លាំង​ត្រង់​របៀប​ការពារ​ការ​ចូល​ចាប់​ផ្ដួល​របស់​គូ​បដិបក្ខ និង​បាន​តតាំង​ទឹក​ទី​១​ដោយ​ឈរ​វាយ​ភាគ​ច្រើន​។

លោក ចាន់រាជ្យ បន្ត​ថា​៖ «សម្រាប់​សារ័ត្ន ការ​ការពារ​ការ​ចូល​ចាប់​ផ្ដួល​និង​អាច​ឈរ​តតាំង​ទល់​នឹង​កីឡាករ​ដូច Tial Thang នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​គេ​បាន​រីក​ចម្រើន​កម្រិត​ណា​ក្នុងនាម​ជា​កីឡាករ​គុន​ចម្រុះ​ម្នាក់»។

«សារ័ត្ន​មាន​ការ​វាយ​តប​យ៉ាង​ចំណាន​មួយ​ចំនួន​ក្នុងពេល​ឈរ​តតាំង​គ្នា ប៉ុន្តែ​មិនអាច​ទប់ទល់​នឹង​កម្លាំង​ដ៏​ខ្លាំង​របស់​ជើងឯក​ចំបាប់​មីយ៉ាន់ម៉ា​ដូច​ជា Tial ​បាន​ល្អឡើយ ហើយ​នោះជា​ការ​ចាញ់​ប្រៀប​របស់​គាត់​ក្នុង​ការ​ប្រកួត»។

បើ​ក្រឡេក​មើ​ល​ការ​ប្រកួត​របស់​អត្តពលិក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះ ថ្នាក់ដឹកនាំ​ក្លិប CTT លោក ចាន់រាជ្យ នៅ​តែ​មាន​ផ្នត់​គំនិត​វិជ្ជមាន និង​មើ​ល​ឃើញ​ថា​វិស័យ​គុន​ចម្រុះ​កម្ពុជា​កំពុង​រះ​​ឡើង​។


លោក ចាន់រាជ្យ បញ្ជាក់​ថា​៖ «សារ័ត្ន​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា​គាត់​ស្ថិត​ក្នុង​ចំណោម​កីឡាករ​លំដាប់​កំពូល​មួយ​ចំនួន​​​របស់ ONE Championship ហើយ​គាត់​សម​នឹង​ទទួល​បាន​ការ​ទទួល​ស្គាល់​ចំពោះ​ការ​លះ​បង់​​និង​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​គាត់​ដើម្បី​ដាក់​កម្ពុជា​នៅ​លើឆាកពិភពលោក​។ ខ្ញុំ​ប្រាកដ​ថា​សារ័ត្ន​បាន​ធ្វើ​ឱ្យ Tial និង​មនុស្ស​ជុំ​វិញ​ពិភពលោក​ភ្ញាក់​ផ្អើល​»។

គួរ​ដឹងដែរ​ថា​មក​ទល់​ពេលនេះ កម្ពុជា​នៅ​មិនទាន់​បង្កើត​បាន​ជោគជ័យ​ជា​ថ្មី​ដូច​កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ដែល នៅ ស្រីពៅ បាន​ស៊ី​ដាច់ពិន្ទុ​លើ Rika Ishige ​របស់​ថៃ​នៅឡើយ​ទេ​។

ទោះបែបនេះ​ក្ដី ព្រះ​រាជា​ណាចក្រ​អច្ឆរិយៈ​នៅ​តែ​មាន​អត្តពលិក​ចូល​ប្រកួត​ជា​ប្រចាំ​​នៅ​ ONE Championship និង​ស្ថាប័ន​​អន្តរជាតិ​​ល្បី​ៗ​ផ្សេង​ទៀត​។

លោក ចាន់រាជ្យ មើល​ឃើញ​​ភាព​ប្រែប្រួល​​​នៃ​ទស្សនៈ​របស់​ប្រជាជន​កម្ពុជា​ចំពោះ​​វិស័យ​ក្បាច់​គុន​ក្នុង​ប្រទេសនេះ តែ​ក៏​សង្ឃឹម​ថា​នឹង​កាន់​តែ​មាន​ការ​គាំទ្រ​ច្រើន​ជាង​នេះ​ទៀត​នៅពេល​អនាគត​។

ថ្នាក់ដឹកនាំ​ក្លិប CTT ​បញ្ជាក់​ជា​ចុង​ក្រោយ​ថា​៖ «ពួក​យើង​សម​នឹង​ទទួល​បាន​ការ​គាំទ្រ​និង​លើក​តម្កើង​ដូច​គ្រប់​គ្នា​ផ្សេង​ទៀត​ដែរ​។ ពួក​យើង​​ហ៊ាន​ទទួល​យក​ការ​ប្រកួត​ដែល​​ត្រូវ​បាន​ផ្ដល់​មក និង​បាន​​បញ្ចេញ​នូវ​អ្វី​ដែល​យើង​មាន​ ហើយ​ពួក​យើង​បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ខ្លាំង​ជា​ច្រើន​លើក​មក​ហើយ​។ ដូច្នេះ​​សូម​ជួយ​លើក​តម្កើង​អត្តពលិក​កម្ពុជា​យើង​​​និង​បន្ត​អភិវឌ្ឍ​វីរបុរស​កម្ពុជា​យើង​ជា​បន្ត​ទៀត​»៕


អត្ថបទ​&រូបថត៖ Matias Andres

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖
Loading...