+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាការិនី​កំពុង​រះចិញ្ចាច នៅ ស្រីពៅ លម្អិត​​ឱ្យដឹង​ពីផែនការធំ​ៗ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៩នេះ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 331

កីឡាការិនី​ក្លិប Cambodian Top Team នៅ​ ស្រីពៅ កើន​ឡើង​ប្រជាប្រិយភាព​យ៉ាង​លឿន​រហ័ស​មែនទែន បន្ទាប់​ពី​បញ្ចប់​ឆ្នាំ​២០១៨​ក្នុង​នាម​ជា​​​ជ័យលាភី Female Fighter of the Year ​របស់​ស្ថាប័ន World Lethwei Championship និង​​​ឈ្នះ​ជើងឯក​គុន​ខ្មែរ​ក្នុង​ប្រទេស​កម្ពុជា​។

ទោះ​បី​សម្រេច​បាន​សមិទ្ធផល​​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទាំង​នេះ​រួច​ហើយ​ក្ដី កីឡាការិនី​វ័យ​២៤​ឆ្នាំបាន​បន្ត​ធ្វើ​បាន​ល្អ​លើស​ក្ដី​រំពឹង​ទុក​ថែម​ទៀត​ខែ​មុន នៅ​ពេល​នាង​ឡើង​ប្រកួត​គុន​ចម្រុះ​លើក​ទី​១ ហើយ​បាន​ផ្ដួល​កំពូល​តារា​ថៃ​កាត់​ជប៉ុន Rika “Tinydoll” Ishige នៅ​ ONE: CLASH OF LEGENDS ក្នុង​រាជធានី​បាងកក​។


ឥឡូវនេះ ស្រីពៅ ត្រូវ​បាន​​ចាត់​ទុក​ជា​វីរនារី​ម្នាក់​របស់​កម្ពុជា​ក្នុង​វិស័យ​ក្បាច់​គុន ហើយ​នាង​កំពុង​បន្ត​អភិវឌ្ឍ​ខ្លួន​បន្ថែម​ទៀត​ឱ្យ​កាន់​តែ​ខ្លាំង​ក្នុង​អាជីព​មួយនេះ ដោយ​ចង់​ប្រកួត​ជា​មួយ​អ្នក​ខ្លាំង​ៗ​ជាង​មុន​ថែម​ទៀត​​នៅ​ក្រៅ​ប្រទេស​។

ស្រីពៅ ពន្យល់​ថា​៖ «នៅ​ស្រុក​ខ្មែរ​មាន​កីឡាការិនី​តិចតួច​ណាស់ ដូច្នេះ​ខ្ញុំ​គ្មាន​អ្នក​ដែល​ខ្ញុំ​​ពិតជា​ចង់​ប្រកួត​ជាមួយទេ​នៅ​ទីនេះ»។

ថ្វី​បើ​បាន​ទទួល​ស្គាល់​ថា​សមត្ថភាព​របស់​ខ្លួន​មិនទាន់​បាន​ពាក់​កណ្ដាល​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Super Series Atomweight Kickboxing និង​ ONE Muay Thai World Champion ជនជាតិ​ថៃ Stamp Fairtex មែនពិត តែ​ ស្រីពៅ បាន​បង្ហើប​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ក្នុងការ​ល្បង​សមត្ថភាពជាក់​ស្ដែង​ជាមួយ​កំពូល​កីឡាការិនី​ថៃ​រូបនេះ។ តែ​ប្រសិន​ជំនួប​នេះ​មិនកើត​ឡើង​ទេ ស្រីពៅ នៅ​មាន​ជម្រើស​ផ្សេង​ទៀតជា​ច្រើន​។

កីឡាការិនី​​ជម្រើសជាតិ​សកល​របស់​កម្ពុជា​បន្ត​ថា​៖ «ឆ្នាំ​នេះ​ខ្ញុំ​ប្រហែល​មិន​ប្រកួត​គុន​ខ្មែរ​ទេ ព្រោះ​ខ្ញុំ​ជា​ជម្រើសជាតិ​ប្រដាល់​សកល។ ដូច្នេះ​ខ្ញុំ​ត្រូវ​ផ្អាក​ការ​ហ្វឹកហាត់​គុន​ខ្មែរ​មួយ​រយៈ​ដើម្បី​ផ្ដោត​​លើ​ប្រដាល់​សកល​​សម្រាប់​​ប្រកួត SEA Games 2019 នៅ​ហ្វ៊ីលីពីន​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​»។

ស្រីពៅ បន្ថែម​ថា​៖ «កាលមុន​ខ្ញុំ​រក​សង្វៀន​វ៉ៃ​មិនបាន​ទេ ហើយ​ខ្ញុំ​គិត​ចង់​ឈប់​ពី​ប្រដាល់​។ នៅ​ក្នុង​ស្រុក​ខ្មែរ​មិន​សូវ​មានកីឡាការិនីទេ ហើយ​សឹង​តែ​មិន​មាន​ការ​គាំទ្រការ​ប្រកួត​របស់​កីឡាការិនី។ ប៉ុន្តែ​ឥឡូវ​លោក​គ្រូ ហ៊ុន ចាន់រាជ្យ រក​បាន​ឱកាស​ថ្មី​សម្រាប់​ខ្ញុំ។ ខ្ញុំ​រំភើប​ខ្លាំង​មែនទែន​។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំងណាស់​។ ខ្ញុំ​លែង​ចង់​ឈប់​ហើយ ហើយ​ខ្ញុំ​នឹង​ខំ​ហាត់​ឱ្យ​ខ្លាំង​ជាង​នេះ​ទ្វេ​ដង»។


ដើម្បី​ត្រៀម​ខ្លួន​ឱ្យ​រួច​រាល់​សម្រាប់​ការ​ប្រកួត​ដែល​អាច​កើត​ឡើង​នៅ​ពេលខាង​មុខ ស្រីពៅ រាល់​ថ្ងៃ​នេះ​កំពុង​​ប្រឹងប្រែង​ហ្វឹកហាត់​​យ៉ាង​ស្វាហាប់​ដោយ​មិន​ខ្លាច​នឿយហត់ និង​ទទួល​បាន​ការ​គាំទ្រ​​យ៉ាង​ច្រើន​​។

ស្រីពៅ​ បញ្ជាក់​ចុង​ក្រោយ​ថា​៖ «ខ្ញុំ​ហាត់​រាល់​ថ្ងៃ​។ ខ្ញុំ​ហាត់​ប្រដាល់​សកល​នៅ​អូឡាំពិក តែ​បើ​ខ្ញុំ​ត្រូវ​ទៅ​ប្រកួត MMA ខ្ញុំ​នឹង​ហាត់​ត្រៀម​នៅ​ក្លិប Cambodian Top Team​។ ឥឡូវនេះ​ខ្ញុំ​មានអ្នក​គាំទ្រ​ច្រើន​ណាស់​។ ខ្ញុំ​លើស​ពី​សប្បាយ​ចិត្ត​។ បន្ទាប់​ពី​ខ្ញុំ​ប្រកួត​នៅ​បាងកក​រួច មាន​មនុស្ស​ច្រើន​ណាស់​បាន​​ផ្ញើសារ​មក​ខ្ញុំហើយ​ហៅ​ខ្ញុំ​ថា​[វីរនារីកម្ពុជា]។ គ្រួសារ​របស់​ខ្ញុំ​និង​ខ្លួន​ខ្ញុំ​ផ្ទាល់​រំភើប​ចិត្ត​ខ្លាំង​មែនទែន»៕

អត្ថបទ​៖ Matias Andres

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖