+855 16 757 168     samnob@keiladaily.com
KD Logo

ហ៊ុន ច័ន្ទរាជ្យ និយាយពីអាជីពរបស់ សុខ ធី ក្រោយជួបរឿងប្រេះឆាជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 566

លោក ហ៊ុន ច័ន្ទរាជ្យ ដែលជាគ្រូបង្វឹករបស់ក្លិប Cambodian Top Team បានថ្លែងថា សុខ ធី ហៅ កាកា នៅតែមានទីផ្សារប្រដាល់តាមប៉ុស្តិ៍នានានៅប្រទេសថៃ រួមទាំងលើសង្វៀនកម្រិតពិភពលោក One Championship ដែលទទួលបានការគាំទ្រច្រើនសន្ធឹកសន្ទាប់នៅកម្ពុជា បើទោះរូបគេព្រលយពាក្យថា ឈប់វ៉ៃនៅសង្វៀនស្រុកខ្មែរក៏ដោយ។ ការបង្ហើបយ៉ាងដូច្នេះ បន្ទាប់ពី សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដាក់ពិន័យមិនឲ្យកីឡាករប្រដាល់រូបនេឡើងប្រកួតលើសង្វៀនក្នុងស្រុក និង អន្តរជាតិរយៈពេល ៦ ខែ កាលចុងខែ ធ្នូ ឆ្នាំ ២០១៨ កន្លងទៅ។


លោក ហ៊ុន ច័ន្ទរាជ្យ បានបញ្ចេញទស្សនៈថា ៖«វាជារឿងធម្មតាទេពេល សុខ ធី ព្រលយថាមិនប្រកួតនៅស្រុកខ្មែរ ក្រោយអន់ចិត្តនឹងលទ្ធផល ប៉ុន្តែរូបគេនៅតែមានការផ្គូផ្គងឲ្យប្រកួតជាហូរហែនៅតាមសង្វៀនស្ថានីយទូរទស្សន៍របស់ថៃ និង ជាកីឡាករប្រចាំនៅសង្វៀន One Championship ដែរ។ ពេលគេមកស្រុកខ្មែរ គេហ្វឹកហាត់នៅក្លិបខ្ញុំ ហើយ ទៅថៃ គេហ្វឹកហាត់នៅថៃយ៉ាងខ្ជាប់ខ្ជួន។ ខ្ញុំនៅតែបន្តជួយជ្រោមជ្រែងដដែលដើម្បីឲ្យរូបគេបានទៅប្រកួតនៅក្រៅស្រុក។»

យ៉ាងណាក្ដី គ្រូបង្វឹកវ័យ ៣១ ឆ្នាំរូបនេះគូសបញ្ជាក់ទៀតថា កីឡាករវ័យ ២២ ឆ្នាំខាងលើមានសមត្ថភាព និង មានបទពិសោធន៍ច្រើននៅប្រទេសថៃ។ ហើយអ្នកគាំទ្រនៅតែឃើញអំពីសមត្ថភាពរបស់គេនៅឡើងសង្វៀនលំដាប់អន្តរជាតិ។ កាកា ឡើងប្រកួតលើសង្វៀនកម្រិតអន្តរជាតិ One Championship បានចំនួន ២ ដង ដែលលើកទី១ ចាញ់កីឡាករថៃ Leardsila ដោយពិន្ទុ កាលពាក់កណ្ដាលឆ្នាំ ២០១៨។ បន្ទាប់មក សង្វៀនដដែលនេះតម្រូវឲ្យមានការប្រកួតសងសឹក ប៉ុន្តែ កាកា នៅតែចាញ់ពិន្ទុ លើកីឡាករថៃដដែល ក្នុងជំនួបសងសឹកកាលចុងឆ្នាំ ២០១៨។

អគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជារំពឹងថា សុខ ធី នឹងបង្ហាញមុខលើសង្វៀន One នាពេលឆាប់ៗខាងមុខ។


គួរដឹងដែរថា សុខ ធី ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរពិន័យរយៈពេល ៦ ខែកាលដើមខែធ្នូ ឆ្នាំ ២០១៨ មិនឲ្យឡើងសង្វៀនប្រដាល់ទាំងក្នុង និង ក្រៅប្រទេស ពាក់ព័ន្ធរឿងតវ៉ាមិនព្រមទទួលយកលទ្ធផលនៃការប្រកួតកាលពីពេលកន្លងទៅទល់នឹងកីឡាករថៃនៅសង្វៀន ស៊ីអិនស៊ី ក្នុងការប្រកួតវគ្គជម្រុះដណ្ដើមខ្សែក្រវាត់ ISI Palm៕

អត្ថបទ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖