+855 16 757 168     samnob@keiladaily.com
KD Logo

រិន សារ័ត្ន បញ្ជាក់មូលហេតុចាប់យក​ MMA

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 274

កាលប៉ុន្មានឆ្នាំមុនក្បាច់គុនចម្រុះ ឬ MMA មិនសូវជាពេញនិយមនៅកម្ពុជាទេ ប៉ុន្តែ មួយរយៈចុងក្រោយមានភាពផុលផុសគួរសមដោយមានការបង្កើតក្លិប MMA និង មានកីឡាករចេញទៅប្រកួតជាលក្ខណៈអន្តរជាតិញឹកញាប់ជាពិសេសសង្វៀនលំដាប់ពិភពលោក One Championship។ ហេតុអ្វីបានជា រិន សារ័ត្ន ចាប់អាជីពជាកីឡាករគុនចម្រុះ តាំងពីដើមមក មិនព្រមចាប់យកប្រដាល់?

អ្នកលេងគុនចម្រុះ វ័យ ២៥ ឆ្នាំបានបង្ហើបយ៉ាងដូច្នេះ៖«ខ្ញុំចាប់អារម្មណ៍ក្បាច់គុនចម្រុះដំបូងពេល ស៊ីធីអិនរៀបចំការប្រកួតគុនចម្រុះដំបូង នៅឆ្នាំ ២០១៣ ហើយគេក៏ត្រូវការជ្រើសរើសកីឡាករឲ្យប្រកួត។ ដោយសារខ្ញុំស្រលាញ់គុនចម្រុះ ទើបខ្ញុំទៅទាក់ទងលោក គ្រូ ម៉ា សេរី និងលោក ម៉ា ស៊ីថេត ដើម្បីបានហ្វឹកហាត់និង ចង់ឡើងប្រកួត។ ពេលពួកគាត់យល់ព្រម ខ្ញុំហ្វឹកហាត់ជាមួយគ្រូចំនួន ៦ រូបមាន គ្រូប្រដាល់គុនខ្មែរ យូដូ និង គ្រូMMA មកពីបរទេស។» អ្នកលេងគុនចម្រុះដដែលនេះគូសបញ្ជាក់ទៀត ការរៀបចំរបស់ស៊ីធីអិន ជាអ្នកជំរុញឲ្យរូបគេកាន់តែចូលចិត្តគុនចម្រុះ និង ឈានដល់ការប្រកួតជាលក្ខណៈអន្តរជាតិតំណាងឲ្យកម្ពុជារហូតដល់សព្វថ្ងៃ។


ដ្បិតចាប់ផ្ដើមហ្វឹកហាត់ក្បាច់គុនចម្រុះអំឡុង ស៊ីធីអិន រៀបចំការប្រកួតនៅឆ្នាំ ២០១៣ និង ២០១៤ តែ សារ័ត្ន ក៏បានបែរទៅហាត់ប្រដាល់នៅក្លិបមួយនៅប្រទេសថៃក្រោយស្ថានីយទូរទស្សន៍ក្នុងស្រុកមួយនេះផ្អាកការប្រកួត ជើងឯកក្បាច់គុនចម្រុះ។ សារ័ត្ន នៅចាំថារូបគេធ្លាប់ប្រកួតប្រដាល់បានចំនួន ៣២ ដង ដែលក្នុងនោះឈ្នះ ២៥ ដង។ បែបណាក៏ដោយ ក្ដីស្រលាញ់គុនចម្រុះមិនអាចកាត់ផ្ដាច់បាននោះទេ ពោល អ្នកលេងគុនចម្រុះមកពីខេត្តព្រៃវែងរូបនេះនៅតែចិញ្ចឹមចិត្តហាត់ក្បាច់ចម្រុះនេះដដែល។ នៅឆ្នាំ ២០១៧ គេបានស្គាល់ លោក ហ៊ុន ច័ន្ទរាជ្យ ដែលគ្រូបង្វឹកក្បាច់គុនចម្រុះនៅក្លិប Cambodian Top Team បច្ចុប្បន្ន។ រហូតដល់ឆ្នាំ ២០១៨ ទើបអ្នកលេងគុនចម្រុះមានបទពិសោធន៍ច្រើននៅសង្វៀន One Championship រូបនេះចូលហ្វឹកហាត់ និង ស្នាក់នៅជាមួយលោក ហ៊ុន ច័ន្ទរាជ្យ រហូតដល់បច្ចុប្បន្ន។

កីឡាករដែលប្រកួតគុនចម្រុះផ្លូវការបាន ១០ ដងរូបនេះបានសង្កត់ធ្ងន់ទៀតថា ៖«ខ្ញុំស្រលាញ់វា ហើយវាជាក្បាច់គុនលំបាកមួយ ហើយយើងហ្វឹកហាត់ត្រូវតែមានគ្រូ។ ពេលខ្លះប្រដាល់អាចហាត់តែឯងបាន ប៉ុន្តែ MMA មានក្បាច់ច្រើន ក្លេរ គាប និង ក្បាច់ច្រើនទៀតលាយគ្នា។ ដូច្នេះយើងហាត់ ក្បាច់ចម្រុះភាគច្រើនត្រូវតែមានគ្រូ បើហាត់តែឯងពិបាកណាស់។»

រឹតតែធ្វើឲ្យរូបគេជក់ចិត្ត និង ដក់ចិត្តជាប់ក្បាច់ MMA ក្រោយបានទស្សនាការវ៉ៃរបស់កីឡាករគុនចម្រុះហ្វីលីពីនមួយចំនួន ដែលមានក្បាច់ល្អច្រើន ក្លេររហ័ស និង បម្លាស់ទីវ៉ៃរហ័សណាស់។
គួររំលឹកថា រិន សារ័ត្ន ចូលហាត់គុនចម្រុះ តាំងពីឆ្នាំ ២០១៣ ពេលស្ថានីយទូរទស្សន៍ ស៊ីធីអិន រៀបចំការប្រកួតជើងឯកក្បាច់គុនចម្រុះ ក្នុងស្រុកលើកដំបូង។ គ្រានោះ សារ័ត្ន បានចូលហាត់ជាមួយគ្រូចំនួន ៦ នាក់ផ្សេងគ្នា មានគ្រូប្រដាល់ គ្រូគុនចម្រុះ មកពីបរទេស និង គ្រូបង្វឹក យូដូ ជាដើម។


រហូតដល់ពេលនេះ សារ័ត្ន មានកំណត់ត្រាប្រកួតគុនចម្រុះចំនួន ១០ ដងដែលក្នុងនោះឈ្នះ ៣ ដង និង ចាញ់ ៧ ដង។ ចំណែកការប្រកួតនៅសង្វៀនកម្រិតពិភពលោក One Championship វិញ កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ ឡើងប្រកួតបានចំនួន ៦ ដង ដោយឈ្នះ ២ ដង និង ចាញ់ ៤ ដង។ ការប្រកួតលើកចុងក្រោយនៅសង្វៀន ONE: REIN Of Valor សារ័ត្ន ចាញ់កីឡាករសញ្ជាតិអាមេរិក Tial Thang នៅទឹកទី៣៕

អត្ថបទ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖