+855 16 757 168     samnob@keiladaily.com
KD Logo

នៅ ស្រីពៅ រៀបរាប់អំពីការលំបាកពេលហាត់គុនខ្មែរ គុនចម្រុះ និង ប្រដាល់សកល 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 173

នៅ ស្រីពៅ ដែលទទួលស្គាល់ថាជាកីឡាករជួរមុខលំដាប់ប្រទេសតាមរយៈគុនខ្មែរនោះបានចេញមករៀបរាប់អំពីផលលំបាកពេលចូលហ្វឹកហាត់គុនខ្មែរលើកដំបូង បន្ទាប់មកហាត់គុនចម្រុះ និង ហាត់ប្រដាល់សកលត្រៀមប្រកួតស៊ីហ្គេមនៅប្រទេសហ្វីលីពីនចុងឆ្នាំនេះ។

កីឡាការិនិគុនខ្មែរមកពីក្លិបប្រដាល់តាឡីដំរីមានរិទ្ធ បានរៀបរាប់ដូច្នេះ៖« ពេលខ្ញុំហ្វឹកហាត់គុនខ្មែរដំបូងជាមួយលោក គ្រូ ញ៉ូវ ម៉ាក និង គ្រូម៉ាក សាខន ខ្ញុំឈឺពេញខ្លួនចំនួន ២ សប្ដាហ៍។ នេះជារឿងលំបាកដំបូងគេ។ ប៉ុន្តែបើយើងមិនខំហាត់ទៀត ឬ អត់តស៊ូ ប្រហែលជាខ្ញុំឈប់មានមុខលើសង្វៀនបាត់ទៅហើយ។ អ្វីដែលលំបាកទៀត គឺ ហ្វឹកហាត់ឡាំជង្គង់ជាមួយប្រុសៗ ដែលឈឺសឹងទ្រាំលែងបាន ហើយពេលមុនឡើងវ៉ៃ ខ្ញុំត្រូវហាត់ឡាំជង្គង់រហូត។» យ៉ាងណាក្ដី កីឡាការិនីវ័យ ២៤ ឆ្នាំរូបនេះនៅតែបន្តក្រាញននាលដើម្បីហ្វឹកហាត់គុនខ្មែរ បន្ទាប់ពីសុំម្ដាយទម្រាំយល់ព្រមឲ្យទៅហាត់ក្បាច់គុនឈឺសាច់មួយនេះ។


ក្រៅពីហាត់គុនខ្មែរជោកជាំកីឡាការិនីមានស្រុកកំណើតនៅចំការដូងរាជធានីភ្នំពេញដដែលនេះត្អូញត្អែរថាការហាត់ក្បាច់គុនចម្រុះ ឬ MMA រឹតតែលំបាកខ្លាំងណាស់ជាងហ្វឹកហាត់គុនខ្មែរទៅទៀត ពោលមានក្បាច់ច្រើនច្របាច់បញ្ចូលគ្នា។ ប៉ុន្តែនេះជារឿងចាំបាច់ត្រូវតែហ្វឹកហាត់ មុនចេញទៅប្រកួតលើសង្វៀនកម្រិតពិភពលោក One Championship។ កូនសិស្សលោកញ៉ូវ ម៉ាក សង្កត់ធ្ងន់យ៉ាងបែបនេះ៖«ពេលខ្ញុំហាត់ប្រដាល់សេរី គឺប្រើដៃ ជើងជង្គង់ ប៉ុន្តែ MMA មានក្បាច់ច្រើនណាស់ ដែលធ្វើឲ្យខ្ញុំស្មុគស្មាញ និង លំបាកជាង។ ក្បាច់ច្របល់គ្នាដូចជាចំបាប់ យូដូ ក្លេរ បោក កាច់មួល ទាត់ធាក់ និយាយទៅគ្រប់ក្បាច់ លំបាកមែនទែន។ មួយទៀតមុនទៅវ៉ៃ ជាមួយ Rika Ishige កាលខែ កុម្ភៈ ខ្ញុំហាត់ដល់ស្ទើរក្អួត កាលនោះ បង រិន សារ័ត្ន ក្លេរកខ្ញុំឡើងចង់ចេញក្អួត។»

ទោះជាលំបាកប៉ុន្តែ ប្អូនស្រីបង្កើតរបស់អតីតកីឡាករប្រដាល់ នៅ ស៊ីថា នៅតែតស៊ូខ្លាំងក្លាតទៅទៀតដើម្បីបង្ហាញភាពខ្លាំងរបស់ខ្លួនប្រចាំប្រទេស និង ចង់ទៅប្រកួតលើសង្វៀនអន្តរជាតិញឹកញាប់។
នៅមិនទាន់អស់រឿងលំបាក កីឡាការិនីឆ្នើមប្រចាំសង្វៀន World Lethwei Championship របស់ប្រទេសមីយ៉ាន់ម៉ា បានបែរមកហាត់ប្រដាល់សកលជាង ១ ខែមកនេះដើម្បីត្រៀមជើងព្រួលចេញទៅប្រកួតស៊ីហ្គេមចុងឆ្នាំ ២០១៩ នេះនៅប្រទេសហ្វីលីពីន។ ស្រីពៅ ដែលចូលហ្វឹកហាត់ប្រដាល់ តាំងពីឆ្នាំ ២០១៤ បានបញ្ជាក់ថា ប្រដាល់សកលក៏មួយយ៉ាងដែរ ដ្បិតមិនប្រើក្លេរ បោក ឬ កាច់មួយ ដូច MMA ប៉ុន្តែ ប្រដាល់សកលតម្រូវឲ្យកញ្ញា ប្រើដៃវ៉ៃឲ្យលឿនតាមតែអាចធ្វើទៅ និង បម្លាស់ទីឲ្យរហ័សទៀត។ ទោះបែបជាយ៉ាង ស្រីពៅ សង្កត់ធ្ងន់ថា ៖«ខ្ញុំគិតថា មិនមានបញ្ហាចោទពេលប្ដូរពី វ៉ៃសេរី និង MMA មកហាត់សកល ព្រោះខ្ញុំធ្លាប់ហាត់សកលបាន ២ ឆ្នាំដែរ។ ខ្ញុំមានទំនុកចិត្តថា ខ្ញុំអាចទទួលលទ្ធផលល្អនៅស៊ីហ្គេម។»


គួរដឹងដែរថា នៅ ស្រីពៅ ចូលហាត់ប្រដាល់ដំបូងជាមួយលោកគ្រូ ញ៉ូវ ម៉ាក និង លោកគ្រូ ម៉ាក សាខន នៃក្លិបតាឡីដំរីមានរិទ្ធិ។ បន្ទាប់មក ពេលមុនចេញទៅប្រកួតក្នុងកម្មវិធី One Championship កីឡាការិនីរូបនេះទៅហ្វឹកហាត់ក្បាច់ក្លេរ ឬ គុនចម្រុះជាមួយគ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ និង រៀមច្បងមានបទពិសោធន៍ជាច្រើនទៀតនៃក្លិប Cambodian Top Team។ បន្ទាប់ពីឈ្នះ Riga កាលខែ កុម្ភៈ ស្រីពៅ ត្រូវបានក្រសួងអប់រំយុវជន និង កីឡាកោះហៅឲ្យចូលក្នុងក្រុមជម្រើសជាតិដោយហាត់ប្រដាល់សកលបង្វឹកដោយលោក គ្រូ វ៉ែន សុផល៕

អត្ថបទ៖ ស៊ីធី


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖
Loading...