+855 16 757 168     samnob@keiladaily.com
KD Logo

Rudy Agustian និង ចាន់ រតនា មានរឿងប្រហាក់ប្រហែលគ្នាដែលអ្នកត្រូវដឹងមុនប៉ះគ្នានៅ ONE 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 266

អ្នកគាំទ្រនៅកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់រាល់ព័ត៌មានតាមបណ្ដាញសង្គម ព័ត៌មានអនឡាញ ទូរទស្សន៍ និង កាសែតមុនការប្រកួតរវាងជើងខ្លាំង Rudy Agustian និង ខ្ចីចាស់ ចាន់ រតនា នៅលើសង្វៀន ONE: FOR HONOR នៅថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខ នារដ្ឋធានី ហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ី ។ ទន្ទឹមគ្នានេះ ជើងខ្លាំងទាំងពីរមានចំណុចខ្លះប្រហាក់ប្រហែលគ្នាដែល ដែលអ្នកតាមដានមិនទាន់ដឹងដូចខាងក្រោម។


ដ្បិតមិនដែលជួបគ្នាពីមុនមក ប៉ុន្តែ Rudy Agustian និង ចាន់ រតនា មានបទពិសោធលើសង្វៀន ONE ប្រហាក់ប្រហែលគ្នា។ គូប្រកួតទាំងពីរនេះមានអាយុដំណាលគ្នាគឺ ៣៣ ឆ្នាំ។ Rudy មានឈ្មោះក្រៅថា «The Golden Boy» ជាតារាប្រចាំសង្វៀនកម្រិតពិភពលោកនេះពីឆ្នាំ ២០១៦ មក ដែលលើងវ៉ៃបាន ៦ ដងក្នុងនោះឈ្នះ ៥ ដង និង ចាញ់ ១ដង។ បរាជ័យរបស់ Rudy ក្រោយថ្វីដៃរបស់ មិត្តរួមជាតិ Rengga Raphael Richard កាលចុងឆ្នាំ ២០១៦ និងជាប្រកួតលើកទី២របស់ខ្លួនលើសង្វៀនដដែលនេះ។ ក្នុងការប្រកួតចុងក្រោយវិញ Rudy បានយកឈ្នះកីឡាករកម្ពុជា ខុន ស៊ីចាន់ ត្រឹមតែទឹកទី១ ប៉ុណ្ណោះដោយប្រើក្បាច់បោកហើយកាច់ចូលឃ្លេ។

ងាកមកកាន់តារាប្រចាំព្រះរាជាណាចក្រកម្ពុជាវិញក៏មិនខុសគ្នាប៉ុន្មាន ពោលឡើងប្រឡូកលើរេញ ONE បានចំនួន ៧ ដង (បើគិតវ៉ៃក្នុងស្រុកទៀតបាន ៨ដង) តាំងពីឆ្នាំ ២០១៤ មក ហើយគេជាតារាប្រចាំសង្វៀនអន្តរជាតិនេះដូចគ្នា។ ក្នុងការប្រកួត ៧ ដងលើសង្វៀន ONE Championship រតនា ឈ្នះចំនួន ៤ ដង និង ចាញ់ ៣ ដង។ ក្នុងការប្រកួតលើងចុងក្រោយ កីឡាករអាយុ ៣៣ ឆ្នាំតំណាងឲ្យកម្ពុជា វ៉ៃកីឡាករឥណ្ឌូណេស៊ី Abrou Fernandes ឲ្យចុះចាញ់ត្រឹមទឹកទី២ ប៉ុណ្ណោះ កាលខែ ធ្នូ ចុងឆ្នាំ ២០១៨។ នេះវាដូចជាការឈ្នះ ប្ដូរគ្នា ព្រោះ រតនា ឈ្នះ កីឡាករឥណ្ឌូណេស៊ី ខណៈដែលគូប្រកួត Rudy ឈ្នះកីឡាករ ខុន ស៊ីចាន់ របស់កម្ពុជា។

មុនពេលធ្វើដំណើរទៅប្រទេស ឥណ្ឌូណេស៊ីនាពេលថ្មីៗនេះដើម្បីត្រៀមការប្រកួត អ្នកលេងគុនចម្រុះដ៏លេចធ្លោនៅកម្ពុជាបានបង្ហើបអំពីជំហររឹងប៉ឹងថា ៖« ខ្ញុំបានមើលវីដេអូគេប្រកួតហើយ ។ ក្រៅពីកម្លាំងខ្លាំង ឬ ស៊ុហ្វ របស់គាត់ខ្លាំង ខ្ញុំមិនញញើតចំពោះបច្ចេកទេសរបស់គាត់ទេព្រោះខ្ញុំបានហ្វឹកហាត់ត្រៀមច្រើនខែមកហើយ។ ខ្ញុំបានហាត់ត្រៀមទប់ទល់គាត់យូរហើយ ព្រោះកាលហ្នឹងគេចាប់គូឲ្យវ៉ៃជាមួយគាត់ កាលប៉ុន្មានខែមុន ប៉ុន្តែត្រូវខកខានវិញ។ ឥឡូវទើបយើងគេដាក់ឲ្យជួបគ្នា ជាថ្មី ដូច្នេះ ការត្រៀមរបស់ខ្ញុំមិនផ្លាស់ប្ដូរទេ»។

ជាមួយគ្នានោះលោក Alan Mccune ដែលជាអ្នកជំនាញ MMA និងបង្ហាត់សិស្សតាំងពីឆ្នាំ ១៩៩៦ មកនោះបានវិភាគទស្សនៈផ្ទាល់ខ្លួនថា ៖« កន្លងទៅ Rudy មានក្បាច់ល្អដោយចូលកៀក ដែលប្រើកម្លាំងបោក ស៊ីចាន់ ផ្ដួលលើរេញហើយឃ្លេយកឈ្នះតែម្ដង។ ប៉ុន្តែ ចាន់ រតនា បម្លាស់ទីរហ័ស និង ចេញក្បាច់គុនប្រើជំហរបានល្អជាង Rudy ។ ក្នុងករណី Rudy ចាប់បោកបានច្បាស់ជាឆាប់អស់កម្លាំងមិនខាន ព្រោះ រតនា ក៏បញ្ចុះគីឡូខ្លះដែរ ដូច កាល ស៊ីចាន់ បញ្ចុះគីឡូរហូតដល់ ៦ គីឡូ មុនជួប Rudy អីចឹង»។ បែបណាក្ដីគ្រូបង្វឹកសញ្ជាតិស្កុតឡែនរូបនេះ ជឿជាក់លើ ចាន់ រតនា ថានឹងទទួលបានលទ្ធផលល្អ បន្ទាប់ពីបានហ្វឹកហាត់ខ្លាំងក្លាជាមួយគ្រូបង្វឹករបស់គេនៅក្លឹប «សិល្បៈ»។



នៅថ្ងៃជាមួយគ្នានោះដែរ ក្រៅពីគូ Rudy Agustian និងកីឡាករជើងចាស់ ចាន់ រតនា ប៉ុន្តែថែមទាំងមានកីឡាការិនីគុនខ្មែរ នៅ ស្រីពៅ ក៏ត្រូវតតាំងនឹង កីឡាការិនីម្ចាស់ផ្ទះ Priscilla Hertati Lumban Gaol ផងដែរនៅសង្វៀន ONE: FOR HONOR នាថ្ងៃទី ៣ ខែ ឧសភា នោះនៅរដ្ឋធានី ហ្សាកាតាប្រទេស ឥណ្ឌូណេស៊ី៕

អត្ថបទ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖