+855 16 757 168     samnob@keiladaily.com
KD Logo

មកដឹងតម្លៃសម្ភារៈហ្វឹកហាត់នៅក្លិបប្រដាល់ និងគុនចម្រុះ Cambodian Top Team

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 751


ក្លិបប្រដាល់ Cambodian Top Team (CTT) កំពុងទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជន និង បណ្ដុះបានកីឡាករគុនចម្រុះល្អៗទៅប្រកួតគុនចម្រុះនៅសង្វៀនកម្រិតពិភពលោក ONE Championship ដូច រិន សារ័ត្ន, សឹម ប៊ុនស្រ៊ន់, ស សី, ថៃ រិទ្ធ, និង នៅ ស្រីពៅ ជាដើម។ ក្លិបនេះត្រូវបានបង្ហើបថា តម្លៃសម្ភារទំនើបៗ ដែលប្រើប្រាស់ក្នុងតម្រូវការហ្វឹកហាត់ប្រចាំថ្ងៃសម្រាប់កូនសិស្សអាជីព និង កូនសិស្សហាត់សុខភាព មានតម្លៃខ្ទង់ជិត ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ។

លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹក និង ជាស្ថាបនិកនៃក្លិប CTT បានបង្ហើបថា ៖«ក្លិបរបស់យើងមានសម្ភារ សម្រាប់ហ្វឹកហាត់ទំនើបៗ ដែលមិនចាញ់ក្លិបប្រដាល់មួយចំនួននៅប្រទេសក្បែរខាងឡើយ ហើយបើគិតជាសាច់ប្រាក់សរុប គឺតម្លៃប្រហែលជិត ២ ម៉ឺនដុល្លារ។ យើងមានរេញប្រដាល់១, រេញវាយក្នុងទ្រុង១ដែលក្លិបខ្លះអត់មាន, យើងមានកម្រាលពូកទន់ល្អ ពេលកីឡាករឡាំ ឬ សម ពេលដួលក៏អត់គ្រោះថ្នាក់ដែរ ហើយតាបពីក៏ល្អទៀត»។


លើសពីនេះទៅទៀត ក្រុមហ៊ុន BOON Sport បានចូលខ្លួនមកឧបត្ថម្ភសម្ភារមួយចំនួនសម្រាប់កីឡាករហ្វឹកហាត់ដូចជា ស្នងសម្រាប់ហាត់ បាវសាក់ ហ្គង់ ស៊ីប កម្រាលរេញ និង សម្ភារហាត់ Gym មួយចំនួនទៀត។ ជាមួយគ្នានោះប្រសិនបើមានកីឡាករចេញទៅប្រកួតនៅក្រៅប្រទេស ក្រុមហ៊ុន BOON Sport ក៏ឧបត្ថម្ភជាសម្លៀកបំពាក់ផងដែរ ហើយ បើសិន CTT ចង់បានម៉ូដ ឬ សម្លៀកបែបណា ក្រុមហ៊ុនជាដៃគូមួយនេះតែងតែស្វាគមន៍ និង ផលិតជូនជានិច្ច។ កិច្ចសន្យារវាងក្រុមហ៊ុន BOON Sport និង CTT មានសុពលភាពរយៈពេល ២ ឆ្នាំ។ បច្ចុប្បន្ននេះកិច្ចសន្យាបានរំកិលទៅមុខបានជាង ១ ឆ្នាំមកហើយ។
អគ្គលេខាធិការCTT ដដែលខាងលើបញ្ជាក់ថា៖«យើងសង្ឃឹមថា ក្រុមហ៊ុន Boon Sport នឹងបន្តកុងត្រាជាមួយយើងបន្តទៀតដើម្បីរួមចំណែកឲ្យក្លិបរបស់យើងមានសម្ភារហ្វឹកហាត់ទំនើបៗ។ ប៉ុន្តែបើសិនផុតកុងត្រា យើងនឹងស្វែងរកក្រុមហ៊ុនថ្មី។ ក្រៅពីសម្ភារ Boon Sport គឺ យើងបានទិញ រៀបចំ និង ចំណាយលុយខ្លួនឯងទាំងស្រុង»។


CTT មានកូនសិស្សហាត់អាជីពប្រមាណ ១០ នាក់ ដែលហ្វឹកហាត់ ស្នាក់នៅ និង ហូបចុកនៅជាមួយក្លិប។ ប៉ុន្តែបើសិនមានការប្រមូលផ្ដុំត្រៀមទៅប្រកួតច្រើនកម្មវិធី អាចមានការហូបចុកនិងស្នាក់លើសអំពីចំនួននេះ។ ការប្រើសម្ភារទាន់សម័យទំនើបៗនៅក្នុងក្លឹបមិនត្រឹមតែសម្រាប់កីឡាករអាជីពទេ ប៉ុន្តែប្រើប្រាស់សម្រាប់ទទួលបង្ហាត់សិស្សដើម្បីសុខភាពផងដែរ។


ក្លិប Cambodian Top Team ត្រូវបានបង្កើតឡើងយដោយលោក ហ៊ុន ច័ន្ទរាជ្យ នៅឆ្នាំ ២០១៣ នៅម្ដុំទួលទំពូង ហើយប្ដូរមកម្ដុំ អូរឫស្សី វិញមុនផ្លាស់មកម្ដុំទួលទំពូងជាថ្មីនៅផ្ទះលេខ #2s ផ្លូវលេខ ៤៦៨ សង្កាត់ទួលទំពូង១ ខណ្ឌ ចំការមានរាជធានីភ្នំពេញ ដោយទំហំទទឹង ១៤ ម៉ែត្រ និង បណ្ដោយ ៣៥ ម៉ែត្រ។ ទីតាំងថ្មីនេះជាទីតាំងជួលតម្លៃ ២០០០ ដុល្លារក្នុងមួយខែ ដែលបានចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំ និងបានដាក់ឲ្យកូនសិស្សហ្វឹកហាត់ផ្លូវការអំឡុងខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅ។ ការចំណាយលើសពី ២០០០ ដុល្លារក្នុង ១ ខែ បើសិនជាគិតថែមថ្លៃទឹក-ភ្លើង និង ម្ហូបអាហារប្រចាំថ្ងៃរបស់កីឡាករ។ ក្រៅពីបង្វឹកដល់កីឡាករអាជីពដើម្បីត្រៀមចេញទៅប្រកួតនៅក្រៅប្រទេស និង កម្មវិធីនានា ក្លិបក៏មានការទទួលបង្ហាត់សិស្សដើម្បីសុខភាពល្អជារៀងរាល់ថ្ងៃ។ បើសិនជាអ្នកស្រលាញ់កីឡាប្រដាល់ចាប់អារម្មណ៍ហាត់ដើម្បីសុខភាព ឬ ចង់ចេះក្បាច់ប្រដាល់អាចទាក់ទងបានតាមរយៈលេខទូរសព្ទពីរខ្មែរ ភាសាខ្មែរ 012 282 282 និងនិយាយជាភាសាអង់គ្លេសតាមរយៈលេខ 089 333 705៕


អត្ថបទ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖