+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូបង្វឹកគុនចម្រុះម្នាក់ឡើងតំណែងជាអ្នកគ្រប់គ្រងប្រចាំកម្ពុជានៅក្រុមហ៊ុនសន្តិសុខអន្តរជាតិ តែមិនបំភ្លេចការងារបង្វឹក 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 449

ពេលគេនិយាយអំពីក្បាច់គុនចម្រុះ អ្នករាល់គ្នាតែងតែនឹកឃើញដល់គ្រូបង្វឹកសញ្ជាតិស្កុតឡែន Alan Mccune ដែលបានបង្ហាត់កូនសិស្សគុនចម្រុះ(MMA) ក្បែរ ១០០ នាក់នៅព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ២០១៣ មកក្នុងកម្មវិធី Khmer Warrior Challenges ពេល ទូរទស្សន៍ ស៊ីធីអិន និង MyTV រៀបចំ។ លោកមកធ្វើការនិងរស់នៅកម្ពុជារយៈពេល ៧ ឆ្នាំមកហើយ។ បុរសវ័យ ៥១ ឆ្នាំរូបនេះត្រូវបានដំឡើងតំណែងជាអ្នកគ្រប់គ្រងប្រចាំទេសកម្ពុជា (Country Manager) នៅក្រុមហ៊ុនសន្តិសុខអន្តរជាតិកម្ពុជា(International Security Safeguard) ក្នុងឆ្នាំ ២០១៦ ពីមុខតំណែងអ្នកគ្រប់គ្រងប្រតិបត្តិ( Operation Manager)។ ទោះជាស្ថិតក្នុងការងារមមាញឹកបែបណាក្ដី ក៏គ្រូបង្វឹកនៅក្លិប Phnom Penh MMA មិនបំភ្លេចការងារត្រូវបណ្ដុះបណ្ដាលកីឡាករគុនចម្រុះនៅកម្ពុជាដែរ លោកបានឆ្លៀតពេលខ្លះក្នុងការបង្វឹក។ ជាក់ស្ដែងលោកបានបង្វឹកម្ចាស់ជើងឯក Khmer Warrior Challenges ខុន ស៊ីចាន់ និង បានដឹកនាំកូនសិស្សទៅប្រកួតនៅសង្វៀន ONE Championship កាលខែ កុម្ភៈនៅប្រទេសសិង្ហបុរី។ បន្ទាប់ពីបង្ហាត់ MMA នៅកម្ពុជាតាំងឆ្នាំ ២០១៣មក លោកបានបង្ហាត់នៅក្លឹប Phnom Penh MMA នៅឆ្នាំ ២០១៧ រហូតដល់បច្ចុប្បន្ន។


អ្នកគ្រប់គ្រងនៅក្រុមហ៊ុនសន្តិសុខអន្តរជាតិប្រចាំនៅកម្ពុជារូបនេះបញ្ជាក់ថា៖«ក្រុមហ៊ុនរបស់ខ្ញុំជាក្រុមហ៊ុនការពារសន្តិសុខធំ និង ដំបូងលំដាប់អន្តរជាតិនៅកម្ពុជាសម្រាប់បម្រើសេវាតាមតម្រូវការអតិថិជន។ ឥឡូវនេះបានរីកចម្រើនយ៉ាងឆាប់រហ័សមានសាខានៅភ្នំពេញ សៀមរាប បាត់ដំបង និង ក្រចេះ ក្រោយពីក្រុមហ៊ុនស្លាកយីហោអន្តរជាតិមកកម្ពុជាឆ្នាំ ២០១៥។ បច្ចុប្បន្នយើងមានកម្លាំងសន្តិសុខប្រមាណ ១០០០ នាក់ដែលបម្រើការនៅ ស្ថានទូត អឺផាតមិន និង នៅតាមបណ្ដារោងចក្រសហគ្រាសជាដើម។ កម្លាំងរបស់យើងមានតែមានខ្មែរសញ្ជាតិអាមេរិកម្នាក់គត់ ក្រៅពីនោះសុទ្ធតែបរទេសដូចជាមានសញ្ជាតិស៊ុយអែត អូស្ត្រាលី និង កាណាដាជាដើម»។

គ្រូបង្វឹកដែលបង្ហាត់ក្បាច់ ជីជិតស៊ូ , Kickboxing, Jeet Kune Do, និង Philipino Kali រូបនេះគូសបញ្ជាក់ទៀតថា លោកសប្បាយរីករាយពេលក្រុមហ៊ុនរីកចម្រើនទៅមុខឥតឈប់ឈរដោយបានផ្ដល់ឲ្យបុគ្គលិកនូវឱកាសរីកចម្រើនជាមួយគ្នាអមនឹងការដំឡើងតំណែងជាបន្តបន្ទាប់ និង ទទួលបានប្រាក់ខែខ្ពស់។ លោករំពឹងថា ក្រុមហ៊ុនរបស់ខ្លួននឹងបន្តដំណើរក្នុងភាពជោគជ័យថ្មីៗបន្ថែមទៀត និង ពង្រីកសាខាទៅកាន់ខេត្តសំខាន់មួយចំនួនទៀតនៅព្រះរាជាណាចក្រកម្ពុជា។ គោលដៅបន្ទាប់ក្រៅពីរាជធានី-ខេត្តមានស្រាប់ ក្រុមហ៊ុន ISS របស់លោកនឹងពង្រីកខ្លួនដល់ខេត្តកំពតនាពេលដ៏ខ្លីខាងមុខនេះ។


នាពេលកន្លង ក្រុមការងាររបស់លោកបានធ្វើការការពារសន្តិសុខជូនដល់ភ្ញៀវអន្តរជាតិ ឬ តារាល្បីៗមកទស្សនៈកិច្ចនៅកម្ពុជាដូចជា អតីតតារាបាល់ទាត់ប្រចាំក្រុម Manchester United និង ជាគ្រូបង្វឹកជម្រើសជាតិ វេល Ryan Giggs , តារាចម្រៀងល្បី Jessie J និង ភ្ញៀវអន្តរជាតិជាច្រើនទៀត។

គួរដឹងដែរ ក្រុមហ៊ុនសន្តិសុខអន្តរជាតិ( International Security Safeguard) ប្រចាំនៅកម្ពុជាស្ថិតនៅអាសយដ្ឋានផ្ទះលេខ#45, ផ្លូវ 596, សង្កាត់បឹងកក់ II ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ស្លាកយីហោក្រុមហ៊ុន ISS ចូលកម្ពុជានៅឆ្នាំ ២០១៥៕


អត្ថបទ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖