+855 16 757 168     samnob@keiladaily.com
KD Logo

សំ ថារ័ត្ន ជាអ្នកហាត់ក្បាច់គុនខ្មែរម្នាក់គត់ដែលបានហ្វឹកហាត់ជាមួយកីឡាករល្បីឈ្មោះ Manny Pacquiao 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 227

សំ ថារ័ត្ន ជាកីឡាការិនីម្នាក់ក្នុងចំណោមកីឡាករទាំងអស់នៅព្រះរាជាណាចក្រកម្ពុជាដែលបានហ្វឹកហាត់ជាមួយស្ដេចប្រដាល់លំដាប់ពិភពលោក Manny Pacquiao កាលខែ មករា ឆ្នាំ ២០១៩កន្លងទៅនៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក ពោលពេលជួបនៅគេហដ្ឋានរបស់ស្ដេចប្រដាល់រូបនេះនៅប្រទេសមហាអំណាចនោះ។ កីឡាការិនីវ័យ ២៨ ឆ្នាំបានថ្លែងថា៖«អារម្មណ៍ពេលហ្នឹង ដូចឆ្កួតអីចឹង ដូចគិតថាថតកុនបន្តិច ដូចយល់សប្ដិបន្តិចម៉េចទេ តែពេលវេលាកាលហ្នឹង។ កាលហ្នឹងខ្ញុំទៅជាមួយមិត្តភ័ក្ដិដើម្បីផ្សព្វផ្សាយល្បុក្កតោខ្មែរ នៅ Los Angeles ហើយ មិត្តខ្ញុំឈ្មោះរ៉ូប៊ឺត មានទំនាក់ទំនងជាមួយក្រុមការងារ Manny Pacquiao»។

កីឡាការិនីដែលចូលរួមសម្ដែងរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» របស់ផលិតករ Angelina Jolie រូបនេះរៀបរាប់ទៀតថា មិត្តរបស់ខ្លួនមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមការងារ Pac Man ទើបធ្វើឲ្យរូបគេបានចូលទៅកៀក ស្គាល់ផ្ទះ ស្នាក់នៅផ្ទះសេ្ដចប្រដាល់ដដែលនេះបានប្រហែលមួយម៉ោង និង បានហ្វឹកហាត់ជាមួយ Pac Man ទៀតផងទោះរយៈពេលខ្លីក្ដី។ រូប៊ឺត បានប្រាប់ក្រុមការងារ ស្ដេចប្រដាល់ហ្វីលីពីន ថា មានក្មេងស្រីហាត់ក្បាច់គុនម្នាកមកពីកម្ពុជាចង់ជួប ហើយ ស្ដេចប្រដាល់រូបនេះក៏យល់ព្រមនាគ្រានោះ។


កីឡាការិនីដែលធ្លាប់ប្រឡូកនៅសង្វៀន ONE បញ្ជាក់បែបនេះ៖«ខ្ញុំបានហ្វឹកហាត់កម្ដៅសាច់ដុំ ហាត់យកកម្លាំងស៊ុហ្វ និង ហាត់រត់ជាមួយគាត់ Pac Man រួមទាំងហាត់កាច់ពោះនៅពេលព្រឹក។ គាត់អ្នកល្បីអីចឹង មានក្រុមការពារសន្តិសុខគាត់តឹងរ៉ឹងណាស់ តែគាត់ផ្ដល់កិត្តិយសឲ្យខ្ញុំណាស់ដែរ ហើយក្រុមគាត់បានដេញខ្ញុំឲ្យទៅរត់ក្បែរគាត់ ទោះគេកៀសអ្នកផ្សេងចេញក៏ដោយ។ អ្វីដែលខ្ញុំចងចាំបំផុត គឺ គាត់បង្ហាត់ខ្ញុំឲ្យវ៉ៃខ្យល់យ៉ាងលឿនសាហាវណាស់ រួមទាំងការវៃស្រមោល ហើយការកាច់ពោះវិញឲ្យខ្ញុំកាច់ពោះឡើងលើសកំណត់...ចង់ក្អួត»។

ដ្បិតមិនបានសន្ទនាច្រើនជាមួយស្ដេចប្រដាល់ហ្វីលីពីន កីឡាការិនីរហស្សនាមថា «Little Frog» បានណែនាំខ្លួនដែរថា ៖«ខ្ញុំជាអ្នកហាត់ក្បាច់គុនល្បុក្កតោខ្មែរ ហើយមកទីនេះដើម្បីផ្សព្វផ្សាយក្បាច់គុននៅអាមេរិក។ គាត់ [Pac Man] ឆ្លើយថា អូ Cambodia Good»។ ទោះមិនបានឆ្លើយឆ្លងច្រើនដោយសារមានអ្នកការពារសុវត្ថិភាពច្រើន និង មនុស្សកកកុញផងនោះ ប៉ុន្តែ សំ ថារ័ត្ន បង្ហើបថាបានប៉ុណ្ណឹងក៏អស់ចិត្តដែរ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលមួយទៀតនោះពេលកាច់ពោះរកកល់ចង់ក្អួតអមដោយទឹកមុខរបស់ សំ ថារ័ត្ន អស់កម្លាំងផង តែ Pac Man ក្រឡេកភ្នែកមកប្រាប់ថា «Don't give up ; keep going» ដែលប្រែថាភាសាខ្មែរថា «កុំបោះបង់ សូមបន្តធ្វើវា»។

កូនសិស្សរបស់លោកគ្រូតា សាន គឺមស៊ាន បានសរសើរចំពោះទង្វើយកចិត្តទុកពីសំណាក់ស្ដេចប្រដាល់មកលើរូបខ្លួន ព្រោះថាបើប្រៀបកម្រិតគឺ ដូចមេឃនិងដី។ កម្រិតស្ដេចប្រដាល់ Pac Man កប់ពពក ប៉ុន្តែនៅតែផ្ដល់កិត្តិយសជួយណែនាំការបង្ហាត់ទោះរយៈពេលខ្លី សួរនាំខ្លួនក្នុងចំណោមហ្វូងមនុស្សជាច្រើន និង ទទួលបានការចុះហត្ថលេខាលើហ្គង់ទៀតផ។

គួរដឹងដែរថាស្ដេចប្រដាល់ពិភពលោក និងជា សមាជិកព្រឹទ្ធសភាហ្វីលីពីន Manny Pacquiao បានមកទស្សនកិច្ចផ្លូវការកាលចុងឆ្នាំ ២០១៦ នៅព្រះរាជាណាចក្រកម្ពុជាពេលអមទស្សនកិច្ចផ្លូវរដ្ឋជាមួយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte កាលពាក់កណ្ដាលខែ ធ្នូ ឆ្នាំ ២០១៦។ ក្នុងនាមស្ថាប័នកំពូល ឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជាបានទទួល Pac Man យ៉ាងយកចិត្តទុកដាក់ ហើយ ស្ដេចប្រដាល់នៅអាស៊ីរូបនេះសន្យាមកទស្សនកិច្ចនៅកម្ពុជាជាថ្មីម្ដងទៀតក្នុងនាមជាគ្រូបង្វឹក និងជាអ្នកបង្ហាត់បង្ហាញក្បាច់ប្រដាល់ដល់កីឡាករកម្ពុជានៅឆ្នាំ ២០១៧។ ប៉ុន្តែ គម្រោងការនេះត្រូវស្ងប់ស្ងាត់ទៅវិញរហូតដល់ពេលដោយសារតែភាពមមាញឹក៕


អត្ថបទ៖ ស៊ីធី

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖