+855 16 757 168     samnob@keiladaily.com
KD Logo

រថថាំងសង្ឃឹមបានឱកាសប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក​របស់ ONE បើឈ្នះសុខធី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 274

តារាប្រដាល់ល្បីឈ្មោះរបស់ថៃ រថថាំង ជិតមឿងនន្ទ នឹងបង្ហាញខ្លួននៅ ONE Championship ជាលើកទី៣ក្នុងឆ្នាំ២០១៩នេះ នៅពេលគេតតាំងជាមួយជើងខ្លាំងគុនខ្មែរ សុខ ធី ក្នុងព្រឹត្តិការណ៍ ONE: WARRIORS OF LIGHT នៅបាងកក ថ្ងៃសុក្រទី១០ខែឧសភាឆ្នាំ២០១៩ នៅ Impact Arena។

ក្រោយប្រកួតក្នុងកម្មវិធីរបស់ ONE Championship នៅហ្វ៊ីលីពីនក្នុងខែមករា និងនៅជប៉ុនក្នុងខែមីនាកន្លងទៅ រថថាំង កំពុងអន្ទះសារក្នុងការបញ្ចេញក្បាច់គុនដ៏ជំនាញរបស់គេនៅពីមុខទស្សនិកជនថៃក្នុងប្រទេសកំណើតរបស់គេ។

មុនការប្រកួតមកដល់ រថថាំង និយាយថាគេរំភើបក្នុងការប្រកួតនៅប្រទេសកំណើត និងថាគេមានប្រៀបយ៉ាងពិតប្រាកដក្នុងការប្រកួតនៅពីមុខជនរួមជាតិរបស់គេ។

តែទោះបីកំពុងមានស្ថិតិឈ្នះច្រើនប្រកួតចុងក្រោយជាប់ៗគ្នាក្ដី រថថាំងមិនដែលមើលស្រាលគូប្រកួតឡើយ ហើយគេមើលឃើញ សុខ ធី ជាគូប្រកួតមួយរូបដែលមានភាពគំរាមកំហែងគួរសម។

រថថាំង លើកឡើងថា សុខ ធី ជាគូប្រជែងស្វិតស្វាញមួយរូប មានជំនាញនិងបទពិសោធច្រើន ស្វាហាប់ និងកណ្ដាប់ដៃល្អ។ ទោះយ៉ាងនេះក្ដី រថថាំង បញ្ជាក់ថាគេនឹងវាយតាមស្ទីលប្រចាំត្រកូលរបស់គេដដែល ដោយគ្មានប្រែប្រួលអ្វីឡើយ។

ប្រសិនឈ្នះ សុខ ធី នោះមានន័យថា រថថាំង ឈ្នះ៤ប្រកួតជាប់ៗគ្នានៅ ONE Championship ដែលជាតួលេខដ៏លេចធ្លោអាចនាំឱ្យគេបានឱកាសប្រកួតដណ្ដើមជើងឯកពិភពលោក។

ខណៈ Jonathan “The General” Haggerty បានផ្ដល់ភាពខកចិត្តដល់អតីតជើងឯកពិភពលោកចាស់វស្សា សាមអេ កៃយ៉ាងហាដាវ នៅ ONE: FOR HONOR ក្នុងប្រទេសឥណ្ឌូនេស៊ីថ្ងៃសុក្រសប្ដាហ៍មុនដើម្បីឆក់យកខ្សែក្រវាត់ ONE Flyweight Muay Thai World Title នោះ ឆាកជើងឯកពិភពលោកកំពុងរង់ចាំ រថថាំង ចូលមកដណ្ដើម ប្រសិនគេផ្ដួល សុខ ធី នៅបាងកក ថ្ងៃសុក្រនេះ។

រថថាំង បញ្ជាក់ចុងក្រោយថាការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោកជាក្ដីស្រមៃរបស់គេ ហើយគេនឹងប្រឹងប្រែងឱ្យលើសពីសព្វមួយដងដើម្បីយកឈ្នះ សុខ ធី ហើយឆក់យកឱកាសប្រកួតជើងឯកពិភពលោករបស់ ONE Championship៕

ប្រែ​សម្រួល​៖ គជសារ
ប្រភព​&រូបថត​៖ ONEFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖